អន្តរជាតិ
អាម៉េរិកដាក់ទណ្ឌកម្មតឹងរ៉ឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅចិន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង
19, Dec 2021 , 9:29 am        
រូបភាព
ដោយ: VOA
វ៉ាស៊ីនតោន — សហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ ខែធ្នូ បានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំទៅលើពលរដ្ឋ និងស្ថាប័ននៅប្រទេសមួយចំនួនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដូចជាប្រទេសចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស។ សហរដ្ឋអាមេរិកក៏បានបញ្ចូលក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិនមួយឈ្មោះ SenseTime Group ទៅក្នុងបញ្ជីខ្មៅនៃការវិនិយោគ។

 
ប្រទេសកាណាដានិងចក្រភពអង់គ្លេសក៏បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាផងដែរ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ខណៈដែលទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលលោកប្រធានាធិបតី Joe Bidenបានដាក់ទណ្ឌកម្មថ្មីៗទៀតទៅលើប្រទេសកូរ៉េខាងជើងនិងអង្គភាពយោធាមីយ៉ាន់ម៉ា រួមទាំងអង្គភាពផ្សេងទៀត នៅថ្ងៃដែលពិភពលោកបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។
 
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Wally Adeyemo បានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍មួយដែលមានខ្លឹមសារដូច្នេះថា៖ «វិធាការរបស់យើងនៅថ្ងៃនេះ ជាពិសេសវិធានការដែលធ្វើឡើងដោយភាពជាដៃគូជាមួយចក្រភពអង់គ្លេស និង កាណាដា បញ្ជូនសារយ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក នឹងប្រតិកម្មតបតទៅលើអ្នកទាំងឡាយណាដែលបានរំលោភអំណាចរដ្ឋដើម្បីបង្កការឈឺចាប់ និងការគាបសង្កត់»។
 
តំណាងបេសកកម្មរបស់ប្រទេសកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិក៏ដូចជាស្ថានទូតចិន មីយ៉ាន់ម៉ា និងបង់ក្លាដែសប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗទៅនឹងការសុំអត្ថាធិប្បាយទៅលើការដាក់ទណ្ឌកម្មទាំងនេះទេ។
 
ក្រសួងការហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថា ក្រសួងបានដាក់បញ្ចូលក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិនមួយឈ្មោះថា SenseTime ទៅក្នុងបញ្ជីនៃបណ្ដា«ក្រុមហ៊ុនឧស្សាហកម្មចិនដែលជាប់ពាក់ព័ន្ធនឹងយោធា» ដោយក្រសួងបានចោទប្រកាន់ក្រុមហ៊ុនមួយនេះថា បានបង្កើតកម្មវិធីនានាសម្រាប់ថតផ្ទៃមុខដែលអាចកំណត់គោលដៅលើជនជាតិភាគតិច នោះគឺផ្ដោតគោលដៅលើការថតអត្តសញ្ញាណជនជាតិភាគតិច Uyghur។
 
ជាលទ្ធផលនៃការដាក់ទណ្ឌកម្មនេះ ក្រុមហ៊ុនចិនមួយនេះនឹងធ្លាក់ចូលទៅក្នុងការហាមឃាត់មិនឲ្យមានការធ្វើវិនិយោគជាមួយវិនិយោគិនអាមេរិកាំងឡើយ។
 
អ្នកជំនាញអង្គការសហប្រជាជាតិនិងក្រុមអ្នកការពារសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា មនុស្សជាង ១ លាននាក់ដែលភាគច្រើនជាជនភាគតិច Uyghurនិងជាពលរដ្ឋភាគតិចកាន់សាសនាឥស្លាមត្រូវបានចាប់ឃុំឃាំងនៅក្នុងបណ្ដាញជំរំដ៏ធំមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅខេត្ត Xinjiang ស្ថិតនៅភាគខាងលិចនៃប្រទេសចិន។
 
ប្រទេសចិនបានច្រានចោលការចោទប្រកាន់រឿងរំលោភបំពាននៅខេត្ត Xinjiang ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងអង្គការការពារសិទ្ធិមនុស្សជាច្រើននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅទីនោះ។ ក្រសួងហិរញ្ញវត្ថុបានថ្លែងថា ការិយាល័យកណ្ដាលរដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងជើងក៏ត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីទណ្ឌកម្មដែរ រួមជាមួយនឹងលោក Ri Yong Gil អតីតរដ្ឋមន្ត្រីសន្តិសុខសង្គម ដែលកាលពីពេលថ្មីៗនេះត្រូវបានតែងតាំងជារដ្ឋមន្ត្រីកងទ័ពនៃប្រជាជនរបស់កូរ៉េខាងជើង។
 
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រមែប្រមូលមេដឹកនាំជាង១០០ នាក់មកពីប្រទេសនានាជុំវិញពិភពលោកមកចូលរួមកិច្ចប្រជុំកំពូលមួយដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីខែធ្នូ ដែលពេលនោះលោកបានប្ដេជ្ញាជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ លោកបានអំពាវនាវឲ្យការពារសិទ្ធិមនុស្ស និងសេរីភាព នៅខណៈពេលដែលមានការកើនឡើងនៃភាពផ្ដាច់ការដែលជាបញ្ហាប្រឈមធំមួយក្នុងសម័យកាលបច្ចុប្បន្ននេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com