ជាតិ
មុនប្រឡង​មួយ​ថ្ងៃ​ បេក្ខជន​បាក់ឌុប ត្រូវទៅ​វាស់កម្តៅ និងពិនិត្យ​សុខភាព នៅមណ្ឌលប្រឡង​
20, Dec 2021 , 3:40 pm        
រូបភាព
វិធាន​សុខាភិបាល ត្រូវបានអនុវត្តនាអំឡុងពេលដំណើរការសាលារៀនឡើងវិញកន្លងមក។ រូបថត ហុង ស្រីណា
វិធាន​សុខាភិបាល ត្រូវបានអនុវត្តនាអំឡុងពេលដំណើរការសាលារៀនឡើងវិញកន្លងមក។ រូបថត ហុង ស្រីណា
ដោយ:
ភ្នំពេញ៖​ ក្រសួងអប់រំតម្រូវឱ្យបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ពិនិត្យសុខភាព និងទទួលបណ្ណបញ្ជាក់ថាមានកម្ដៅធម្មតា មុនថ្ងៃចូលប្រឡងមួយថ្ងៃ ។ សម្រាប់បេក្ខជន មានកម្ដៅលើស ៣៧.៥អង្សាសេ តម្រូវឱ្យធ្វើតេស្តរហ័ស រកជំងឺកូវីដ-១៩ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា។

 
ក្រសួងអប់រំនឹងដរៀបចំ​ការប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សថ្នាក់ទី១២ នៃឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃទី ២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១។ បេក្ខជនចូលរួមប្រឡងមានជាង ១០ ម៉ឺននាក់ ដោយក្នុងមួយបន្ទប់មានបេក្ខជនប្រឡងចំនួន ២៥នាក់ លើកលែងតែបន្ទប់ចុងក្រោយប៉ុណ្ណោះ ដែលមានសិស្សមកពីវិទ្យាល័យអប់រំពិសេស។ 
 
បើតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវពិនិត្យសុខភាព វ៉ាស់កម្ដៅ និងយកបណ្ណបញ្ជាក់ពីកម្ដៅធម្មតា នៅតាមណ្ឌលប្រឡងរបស់ខ្លួនមុខថ្ងៃប្រឡងមួយថ្ងៃ គឺថ្ងៃទី ២៦ធ្នូ។ 
 
ចំណែកសិស្ស មានកម្ដៅលើស ៣៧.៥ អង្សាសេ ឬមានរោគសញ្ញាជំងឺកូវីដ-១៩ គឺត្រូវធ្វើតេស្តរហ័ស​នៅតាមទីតាំងសុខាភិបាលដែលបានកំណត់ និងត្រូវមានលិខិតបញ្ជាក់ថា អវិជ្ជមានជំងឺកូវីដ-១៩ ទើបអាចចូលប្រឡង។
 
បេក្ខជនប្រឡងទាំងអស់អាចទៅពិនិត្យឈ្មោះរបស់ខ្លួន លេខតុ និង លេខបន្ទប់ នៅតាមមណ្ឌលនីមួយៗ ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ នៅថ្ងៃទី២០ធ្នូ និងថ្ងៃទី ២៦ធ្នូ។
 
ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ នេះ បេក្ខជន​ចុះឈ្មោះប្រឡង​ មាន ១១៤ ១៨៣នាក់ (ស្រី​ ៦០ ៣៩៧នាក់)។ មណ្ឌល​សំណេរ​មាន​ ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ រីឯមណ្ឌល​កំណែមាន​១០មណ្ឌលដែល​ស្ថិត​​ក្នុងរាជធានីភ្នំពេញ។
 
គណៈ​មេប្រយោគ និងគណៈកម្មការនានា ដែល​ចូល​រួម​ក្នុង​ដំណើរ​ការ​ប្រឡង​មាន​ ៣១ ៤៣២នាក់ ដោយ​ក្រសួងអប់រំ សហការជាមួយ​ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កង​រាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស អង្គភាព​ប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជន​កម្ពុជា អគ្គិសនី​កម្ពុជា​ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេចតេជោ៕

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com