អន្តរជាតិ
រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់៖ គ្មានការបិទប្រទេសមុនថ្ងៃណូអែលឡើយ
20, Dec 2021 , 10:29 pm        
រូបភាព
ប្រជាជន ពាក់ម៉ាស់នៅស្ថានីយរថភ្លើងមួយកន្លែងនៅអាល្លឺម៉ង់។ រូបភាព៖ Reuters
ប្រជាជន ពាក់ម៉ាស់នៅស្ថានីយរថភ្លើងមួយកន្លែងនៅអាល្លឺម៉ង់។ រូបភាព៖ Reuters
រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ Karl Lauterbach នៅថ្ងៃទី១៩ ខែធ្នូ បានច្រានចោលលទ្ធភាពបិទប្រទេសក្នុងអំឡុងពិធីបុណ្យណូអែល ប៉ុន្តែក៏ព្រមាន ពីការផ្ទុះឡើងនៃរលកឆ្លងជំងឺកូវីដ-១៩ លើកទី៥ នៅក្នុងប្រទេស។

 
 
បណ្តាប្រទេសអឺរ៉ុបជាច្រើន កំពុងផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ និងកំពុងស្ថិតក្រោមការគំរាមកំហែងនៃវីរុសបំប្លែងខ្លួនអូមីក្រុង។ ការគំរាមកំហែងបែបនេះ បានធ្វើឱ្យហូឡង់ប្រកាសបិទប្រទេសរហូតដល់ថ្ងៃទី១៤ ខែមករា ខណៈពេលបារាំងលុបចោលពិធីបាញ់កាំជ្រួចអបអរពិធីឆ្លងឆ្នាំសកលខាងមុខ។ 
 
ស្របពេលពេលហូឡង់ប្រកាសបែបនេះ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ លោក Karl Lauterbach បានលើកឡើងថា អាល្លឺម៉ង់នឹងមិនបិទខ្ទប់មុនថ្ងៃបុណ្យណូអែលឡើយ។ បើទោះគ្មានការបិទខ្ទប់ក៏ដោយ ប៉ុន្តែរដ្ឋមន្រ្តីសុខាភិបាលរូបនេះ បានព្រមានថា អាល្លឺម៉ង នឹងប្រឈមរលកឆ្លងជំងឺកូវីដ-១៩​ លើកទី៥។ 
 
«យើងបានឆ្លងចូលដំណាក់កាលឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុងដ៏សំខាន់មួយ»។ លោក Lauterbach បានសង្កត់ធ្ងន់បែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ARD មុនបន្ថែមថា រលកឆ្លងលើកនេះ មិនអាចបញ្ឈប់បានទាំងស្រុងឡើយ។ 
 
ក្នុងកិច្ចសម្ភាសមួយទៀតជាមួយសារព័ត៌មាន BILD រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ បានបន្តថា លោក មិនរំពឹងឡើយ ថានឹងមានការបិទខ្ពស់ដ៏តឹងរ៉ឹង បន្ទាប់ពីថ្ងៃឈប់សម្រាក។ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាករណីឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុង អាល្លឺម៉ង់ កន្លងមក បានដាក់ចេញវិធានការហាមឃាត់ប្រជាជនដែលមិនទាន់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលកន្លែងដែលមិនចាំបាច់។
 
បើតាមលោករដ្ឋមន្រ្តីសុខាភិបាល វិធានការមួយចំនួន អាចនឹងក្នុងអំឡុងពេលឈប់សម្រាកចុងឆ្នាំ ក្នុងគោលបំណងទប់ស្កាត់ករណីឆ្លងវីរុសអូមីក្រុង។ យ៉ាងណាមិញ លោក Lauterbach មិនបានបញ្ជាក់ពីវិធានការនោះឱ្យបានច្បាស់លាស់ឡើយ ព្រោះកំពុងស្ថិតនៅក្នុងការពិភាក្សា។ 
 
សូមបញ្ជាក់ថា អាល្លឺម៉ង់នៅថ្ងៃទី១៩ ខែធ្នូ​ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩​ ចំនួនជិត ៣ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ១៨០នាក់។ ករណីឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ៦,៨លានករណី និងអ្នកស្លាប់សរុបមានជាង ១០ម៉ឺននាក់៕ 

Tag:
 អាល្លឺម៉ង់
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com