ជាតិ
លោក William Guang និងមនុស្សជាង១០នាក់ ត្រូវបានឃាត់ខ្លួនពីបទសង្ស័យករណីប្លន់
21, Dec 2021 , 6:18 am        
រូបភាព
ប្រតិបត្តិការឈានដល់ការឃាត់ខ្លួនមនុស្សជាង១០នាក់ក្នុងបុរីមួយនៅផ្លូវ៦០ម៉ែត្រ។ រូបថតកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ប្រតិបត្តិការឈានដល់ការឃាត់ខ្លួនមនុស្សជាង១០នាក់ក្នុងបុរីមួយនៅផ្លូវ៦០ម៉ែត្រ។ រូបថតកងរាជអាវុធហត្ថរាជធានីភ្នំពេញ
រាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក និងមនុស្សជាង១០នាក់ទៀត ក្រោមបទសង្ស័យករណីប្លន់ស្ត្រី ឧកញ៉ាដែល ប្រកបអាជីវកម្មលក់គ្រឿងសម្អាង (ឡេ) ឈ្មោះ អ៊ាន សៀវម៉ី។

 
ប្រតិបត្តិការកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឈានដល់ការឃាត់ខ្លួនមនុស្ស១២នាក់ ប្រុស៩នាក់ និងស្រី៣នាក់ នៅគេហដ្ឋាន ក្នុងបុរីមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ ក្នុងចំណោមនោះ មាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលត្រូវបានគេស្គាល់ជាទូទៅថា William Guang ប្រធានគណបក្សខ្មែរក្រោក។
 
កងរាជអាវុធហត្ថរាជធានី ក៏ប្រមូលបានគ្រឿងពេជ្ររបស់អ្នកស្រី អ៊ាន សៀវម៉ី ត្រឡប់មកវិញ ហើយក៏បានដកហូតអាវុធ៥ដើម (វែង១ដើម ខ្លី៤ដើម) ផងដែរ។
 
នៅមុនឈានទៅដល់ការឃាត់ខ្លួននេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពស្រាវជ្រាវ និងដេញឃាត់រថយន្តដែលត្រូវជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ ។ 
 
ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com