ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ច៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា
21, Dec 2021 , 10:59 pm        
រូបភាព
ទិដ្ឋភាព​ទូទៅ​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងកម្ពុជា និង​កូរ៉េខាងត្បូង ។ ​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម
ទិដ្ឋភាព​ទូទៅ​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងកម្ពុជា និង​កូរ៉េខាងត្បូង ។ ​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម
ដោយ: VOA
ភ្នំពេញ — អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្មនិយាយ​ថា​ ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ​ខាងត្បូង ​អាច​នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ខណៈ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កិច្ច​ព្រម​ព្រៀង​មួយ​នេះ ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ​២០២២។​



គណៈ​រដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ​ ក្នុង​កិច្ច​ប្រជុំ​មួយ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២១។ ​សេចក្តី​ព្រាងច្បាប់​ដដែល​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច។​
 
កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ​នេះ​ គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទី​ពីរ​របស់​កម្ពុជា​ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ ដែល​កម្ពុជា​សម្រេច​បាន​ កាលពី​ខែ​តុលា​ឆ្នាំ​២០២១ ​លើ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ ដែល​រួម​មាន​ផ្លែ​ចេក​ ស្វាយ​ និងមៀន​ប៉ៃលិន​ជា​ដើម។​
 
អនុ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​លោក ​ប៉ែន សុវិជាតិ​ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ​ខាង​ត្បូង​នេះ​ នឹង​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​អាចនាំ​ទំនិញ​ចេញ​ដោយ​រួច​ពន្ធ​ លើ​ទំនិញ​ឧស្សាហ​កម្ម​ស្រាល​ ទំនិញ​កសិកម្ម​ និង​ឧស្សាហ​កម្ម​ គ្រឿង​បន្លាស់​ និង​គ្រឿង​បង្គំ​ ដែល​បច្ចុប្បន្ន​កូរ៉េ​មាន​រោងចក្រ​ខ្សែ​ភ្លើង​ រថយន្ត​ និង​បាន​រៀបចំ​រោងចក្រ​ដំឡើង​រថយន្ត​២​កន្លែង​រួច​ហើយ​នៅ​ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង​និង​ខេត្ត​កោះកុង។​
 
លោក​ថ្លែង​ថា៖ ​«ទំនិញ​របស់​យើង​ដែល​អាច​នឹង​ទទួល​អត្ថ​ប្រយោជន៍​សម្រាប់​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​កូរ៉េ ​ដោយ​រួច​ពន្ធ​ ដែល​ហៅ​ថា​ ពន្ធ​សូន្យ​ភ្លាម​នោះ ​គឺ​មាន​ទំនិញ​ឧស្សាហ​កម្ម​ស្រាល​ រួមទាំង​ទំនិញ​សម្លៀក​បំពាក់ ​ស្បែក​ជើង​ កាបូប​ធ្វើ​ដំណើរ​ដែល​យើង​សព្វ​ថ្ងៃ​មាន​ឯក​ទេស​នីយកម្ម​ផលិត​ហ្នឹង។​ ហើយ​នឹង​ទំនិញ​កសិកម្ម​ដែល​បច្ចុប្បន្ន​នេះ​ កំពុង​តែ​មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​ដែរ។ ​អ៊ីចឹង​ទំនិញ​ទាំង​២​មុខ​នេះ​ ជា​ទំនិញ​សំខាន់​សម្រាប់​កម្ពុជា»។​
 
លោក​បន្ត​ថា៖ ​«ទី៣​ ទំនិញ​មួយ​ទៀត​ ដែល​យើង​កំពុង​អភិវឌ្ឍ ​ហើយ​ក៏​មាន​ផ្នែក​ខ្លះ​នៃ​ឧស្សាហ​កម្ម​នេះ ​បាន​ធ្វើ​រួច​មក​ហើយ​នៅ​ប្រទេស​កម្ពុជា ​គឺ​គ្រឿង​បន្លាស់​ ​គ្រឿង​បង្គំ ​អេឡិចត្រូនិក​ និង​គ្រឿង​បន្លាស់​គ្រឿង​បង្គំ​របស់​រថ​យន្ត»។​
 
លោក​ ប៉ែន សុវិជាតិ ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​កិច្ច​ព្រមព្រៀង​នេះ ​អាច​នឹង​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ​២០២២​ខាង​មុខ​ ហើយ​រំពឹង​ថា​ នឹង​ទាក់​ទាញ​វិនិយោគ​ទុន​បរទេស​បាន​ច្រើន។ លោក​បន្ថែម​ថា​ ​ទំនិញ​នាំ​ចូល​ទីផ្សារ​កូរ៉េ​នេះ​ ត្រូវ​មាន​គុណភាព​ខ្ពស់​ផ្នែក​បច្ចេកទេស​ ទាំង​ទំនិញ​ឧស្សាហ​កម្ម​ និង​កសិកម្ម ​ដែល​អាច​ដូច​អ្វី​ដែល​កម្ពុជា​នឹង​ធ្វើ​ជាមួយ​ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ។ ​
 
លោក​និយាយ​ថា៖​ «នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ ក៏​យើង​មាន​ការ​ជជែក​ អំពី​ការ​ទាក់ទាញ​វិនិយោគ​ដែរ​ អ៊ីចឹង​យើង​នឹង​អាច​មាន​លទ្ធភាព​ទាក់ទាញ​វិនិយោគ​មក​ពី​ខាង​កូរ៉េ​ មក​ធ្វើ​វិនិយោគ​នៅ​ស្រុក​យើង។​ ទី២​ ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ ​គឺ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​ផ្នែក​បច្ចេកទេស​ ខាង​ផ្នែក​អប់រំ​ ។ល។​...​ដែល​ពាក់ព័ន្ធ​ករណី​ការ​ជួយ​ឧស្សាហ​កម្ម​តូច​ និង​មធ្យម​ក៏​ធ្វើ​ឲ្យ​យើង​មាន​ក្តី​រំពឹង​ច្រើន​ដែរ​ ដែល​ជា​អត្ថ​ប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​កិច្ច​ព្រម​ព្រៀង​នេះ»។​
 
លោក​បន្ថែម​ថា៖ ​«ចំណុច​មួយ​ទៀត​សំខាន់​ថា​ តើ​កិច្ច​ព្រមព្រៀង​អាច​នឹង​សម្លឹង​ឃើញ​នៅ​ក្នុង​រយៈ​ពេល​វែង​ អាច​ផ្តល់​ផល​ឲ្យ​យើង​បាន​អី​ខ្លះ ​គឺ​ថា​យើង​មាន​ប្រភេទ​ទំនិញ​ត​ទៅ​មុខ​ទៀត។ ​យើង​អាច​មាន​ប្រភេទ​ទំនិញ​មួយ​ចំនួន​ធំ​ទៀត ​ដែល​ត្រូវ​រុញ​ឲ្យ​(ពន្ធ)​ស្មើ​សូន្យ​ដែរ​ ពីព្រោះ​បច្ចុប្បន្ន​នេះ ​យើង​មាន​ជាង​៩០​ភាគ​រយ​នៃ​បន្ទាត់​ពន្ធ​ ដែល​ទទួល​បាន​ សូន្យ​ពី​ទីផ្សារ​កូរ៉េ»។​
 
ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ខាង​ត្បូង​ សម្រេច​បាន​ជាង​៨៨៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២០។ ​នេះ​ បើ​យោង​តាម​ទិន្នន័យ​នៅ​លើ​គេហទំព័រ​របស់​សមាគម​ពាណិជ្ជ​កម្ម​អន្តរជាតិ​កូរ៉េ។​ ក្នុង​នោះ ​កម្ពុជា​ បាន​នាំ​ចេញ​ទំនិញ​សរុប​គិត​ជា​ទឹក​ប្រាក់​មាន​៣១៨​លាន​ដុល្លារ​អាមេរិក​ទៅ​កូរ៉េខាង​ត្បូង​ខណៈ​កម្ពុជា​ បាន​នាំ​ចូល​ពី​កូរ៉េ​ខាង​ត្បូង​គិត​ជា​ទឹក​៥៦៧​លាន​ដុល្លារ​អាមេរិក។ ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ​ខាងត្បូង ​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់ ​និង​ផលិត​ផល​ស្បែក​ជើង ​និង​កាបូប​ជា​ដើម។ ​ចំណែក​កូរ៉េ​ខាង​ត្បូង​នាំ​ចូល​មក​កម្ពុជា ​ដូច​ជា​ភេសជ្ជៈ ​គ្រឿង​អេឡិចត្រូនិក ​ឱសថ ​និង​រថយន្ត​ដឹក​ទំនិញ។​
 
អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​លោក​ គី សេរីវឌ្ឍន៍​ ប្រាប់​វីអូអេ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​ ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ ដោយ​បង្កើត​ឲ្យ​មាន​ពិពិធ​កម្ម​ទីផ្សារ​ ដែល​កម្ពុជា​អាច​នាំ​ចេញ​ផលិត​ផល​ក្នុង​វិស័យ​កាត់​ដេរ​ ដូច​ជា​សម្លៀក​បំពាក់​ កាបូប​ ស្បែក​ជើង​ជា​ដើម។ ​ដោយឡែក​ចំពោះ​កសិផល​មួយ​ចំនួន​ទៀត​ ត្រូវ​មាន​ការ​ចរចា​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​របាំង​មិន​មែន​ពន្ធ​គយ​ ​ទោះ​បី​ជា​កម្ពុជា​ បាន​នាំ​ផ្លែ​ស្វាយ​ចេញ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រួច​ហើយ​ក៏​ដោយ។​
 
លោក​ថ្លែង​ថា៖ ​«បញ្ហា​កសិផល​មួយ​ចំនួន​មិន​ទាន់​បាន​ clear ​[ដោះស្រាយ]​ របាំង​ មិនមែន​ពន្ធគយ។​ អ៊ីចឹង​ការ​ផ្តល់​នេះ ​គឺ​ផ្តល់​តែ​របាំង​ពន្ធគយ​ ហើយ​របាំង​មិន​មែន​ពន្ធ​គយ​ ក៏​ត្រូវ​តែ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ត​ទៀត»។​
 
គួរ​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ ​ធ្វើ​ឡើង​ បន្ទាប់​ពី​កម្ពុជា​ បាន​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​ លើក​លែង​សព្វាវុធ» ​ឬ​ Everything But Arms ​(EBA)​ ចំនួន​២០% ​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក​ កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​ធ្ងន់​ធ្ងរ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕
 
អត្ថបទ៖ លាស់ លីបលីប

© រក្សាសិទ្ធិដោយ thmeythmey.com