ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សរសើរលោក គាត ឈន់ ដែលជំនាញផ្ទេរចំណេះដឹង និងចំណេះធ្វើ
23, Dec 2021 , 9:05 pm        
រូបភាព
ដោយ: រួបរួម
នាពិធីសម្ពោធអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះលោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានជំនាញផ្ទេរចំណេះដឹង និងចំណេះធ្វើ ទៅឲ្យអ្នកជំនាន់ក្រោយ។

 
លោក អូន ព័ន្ធមុនីរ័ត្ន លោក ហង់ជួន ណារ៉ុន និងលោក អ៊ុក រ៉ាប៊ុន ដែលសុទ្ធតែជាអតីតរដ្ឋលេខាធិការក្រោមឱវាទរបស់លោក គាត ឈន់ បានក្លាយជារដ្ឋមន្ត្រីនៅតាមក្រសួងផ្សេងៗ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះជាការគ្រប់គ្រងបែបស្ត្រីមានមាយាទ។
 
ប្រមុខរដ្ឋាភិបាលបានលើកឡើងពីករណីលោក អូន ព័ន្ធមុនីរ័ត្ន ដែលចាប់ធ្វើជាលេខាផ្ទាល់របស់សម្តេចនៅឆ្នាំ១៩៩២ ហើយក្រោយមក សម្តេចបានរុញទៅឲ្យលោក គាត ឈន់ ជួយបណ្តុះបណ្តាល និងឲ្យកាន់តំណែងជារដ្ឋលេខាធិការនៅទីនោះ រួមជាមួយនឹងតួនាទីជាទីប្រឹក្សារបស់សម្តេច។
 
«ឯកឧត្តម គាត ឈន់ មានជំនាញមួយ គឺការផ្ទេរចំណេះដឹង និងចំណេះធ្វើទៅឲ្យអ្នកជំនាន់ក្រោយ ហើយដែលយើងយកចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅធ្វើរដ្ឋមន្ត្រីច្រើនដែរ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន ដែលបង្ហើបថា ខាងមុខអាចមានអ្នកផ្សេងទៀត។
 
លោក គាត ឈន់ អាយុ៨៧ឆ្នាំ បច្ចុប្បន្នជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលងារជា «កិត្តិបរិរក្សបណ្ឌិត»។ លោកជាមន្ត្រីជាន់ខ្ពស់តាំងពីសម័យសង្គមរាស្ត្រនិយម ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣ ហើយក៏បានឡើងឋានៈជាទេសរដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ផងដែរ។
 
តំណែងរបស់លោក ត្រូវបានជំនួសដោយ លោក អូន ព័ន្ធមុនីរ័ត្ន ដែលបានធ្វើជារដ្ឋលេខាធិការពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣។ បច្ចុប្បន្ន លោក អូន ព័ន្ធមុនីរ័ត្ន ក៏មានឋានៈជាឧបនាយករដ្ឋមន្ត្រីផងដែរ។
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏ធ្លាប់ធ្វើជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣ រីឯលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្លាប់ធ្វើជារដ្ឋលេខធិការក្រសួងសេដ្ឋកិច្ចដដែលនេះ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣៕
 

© រក្សាសិទ្ធិដោយ thmeythmey.com