ជាតិ
ឈ្លូសយក្ស បង្ហាញខ្លួនលើកដំបូង នៅឧទ្យានជាតិវីរៈជ័យ
25, Dec 2021 , 9:19 am        
រូបភាព
វត្តមានសត្វឈ្លូសយក្ស ក្នុងឧទ្យានជាតិវីរៈជ័យ ថតដោយម៉ាស៊ីនស្វ័យប្រវត្តិ។ រូបភាពពី ក្រសួងបរិស្ថាន។
វត្តមានសត្វឈ្លូសយក្ស ក្នុងឧទ្យានជាតិវីរៈជ័យ ថតដោយម៉ាស៊ីនស្វ័យប្រវត្តិ។ រូបភាពពី ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានបង្ហាញរូបភាពសត្វឈ្លូសយក្ស ក្នុងឧទ្យានជាតិវីរៈជ័យនៃខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ បើតាមក្រសួងបរិស្ថាន សត្វឈ្លូសយក្សនេះ ជាប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជបំផុតនៅប្រទេសកម្ពុជា។


 
បើតាមក្រសួងបរិស្ថានដដែល វត្តមានសត្វឈ្លូសយក្សនេះ ត្រូវបានថតជាប់កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១មកម៉្លេះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៃការចុះសិក្សាស្រាវជ្រាវជីវៈចម្រុះ របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ(FFI)។
 
ក្រៅពីវត្តមានសត្វឈ្លូសយក្សខាងលើនេះ ក្រុមការងារក្រសួងបរិស្ថាន ជាមួយ FFI ក៏បានកត់ត្រារូបភាពកូនឈ្លូសយក្ស ដែលជាប្រភេទសត្វកម្របំផុត និងជាលើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ 

 វត្តមានសត្វឈ្លូសយក្ស ក្នុងឧទ្យានជាតិវីរៈជ័យ ថតដោយម៉ាស៊ីនស្វ័យប្រវត្តិ។ រូបភាពពី ក្រសួងបរិស្ថាន។
 
ការសិក្សាស្រាវជ្រាវនេះ មានគោលបំណងបង្ហាញអំពីអច្ឆរិយៈលក្ខណៈជីវសាស្ត្ររបស់ឧទ្យានជាតិវីរៈជ័យ។ លទ្ធផលទាំងខាងលើនេះ នឹងផ្ដល់ជាទិន្នន័យសម្រាប់ផែនការគ្រប់គ្រង ប្រកបដោយនិរន្តរភាពរបស់ឧទ្យានជាតិ។ 
 
សូមជម្រាបផងដែរថា ឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីជាង៣៣ម៉ឺនហិកតា។ ឧទ្យាននេះ មានសក្ដានុពលលើសត្វព្រៃ និងធម្មជាតិ ដោយមានសត្វព្រៃជាច្រើនដូចជា សត្វស្វាកន្ទុយស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និងខ្លាឃ្មុំ ជាដើម៕

Tag:
 សត្វឈ្លូសយក្ស
  រតនគិរី
  ស្ទឹងត្រែង
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com