ជាតិ
ផ្សារក្តឿងរាយ ខេត្តព្រៃវែង រៀបចំពិព័រណ៌ដើម្បីលើកកកម្ពស់ការប្រើប្រាស់បន្លែ ត្រី សាច់សុវត្ថិភាព
26, Dec 2021 , 8:39 am        
រូបភាព
ម្ចាស់ផ្សារក្ដឿងរាយ នៅខេត្តព្រៃវែង នឹងរៀបចំពិព័រណ៍«ផលិតផលកសិកម្មកម្ពុជា» រយៈពេល៣ថ្ងៃនៅចុងខែធ្នូនេះ ដើម្បីលើកកម្ពស់ទីផ្សារផលិតផលកសិកម្មក្នុងស្រុក។ ពិព័រណ៍នេះ ជំរុញឲ្យពលរដ្ឋងាកមកដាំដុះ និងប្រើប្រាស់បន្លែ ត្រី សាច់ សុវត្ថិភាពវិញ។

 
លោក ម៉ៅ អៀង ម្ចាស់ផ្សារក្តឿងរាយ បានប្រាប់សារព័ត៌មាន Thmey Thmey25 កាលពីថ្ងៃទី២១ធ្នូនេះថា ការរៀបចំពិព័រណ៍«ផលិតផលកសិកម្មកម្ពុជា»នេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកម្ពស់ការដាំដុះផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយបង្កើតការងារ និងទីផ្សារឲ្យកសិករ។ ពិសេស ជំរុញឲ្យពលរដ្ឋងាកមកចាប់អារម្មណ៍លើការប្រើប្រាស់បន្លែ ត្រី សាច់ សុវត្ថិភាពឡើងវិញ។


 រូបភាពពី ផ្សារក្តឿងរាយ

លោក អៀង លើកឡើងថា នាពេលបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនទាក់ទងនឹងការប្រើប្រាស់បន្លែសុវត្ថិភាព។ ដូច្នេះ ផ្សារក្តឿងរាយ នឹងធ្វើជាផ្សារគំរូដែលទទួលទិញតែផលិតផលកសិកម្មក្នុងស្រុក ដោយមិនអនុញ្ញាតឲ្យមានការនាំចូលបន្លែគីមីមកពីក្រៅប្រទេសនោះឡើយ។ 
 
លោក ម៉ៅ អៀង បញ្ជាក់ដូច្នេះ៖«ខ្ញុំសង្កេតឃើញថា ឥឡូវនេះមានការគាំទ្រច្រើនពាក់ព័ន្ធនឹងបន្លែសុវត្ថិភាព ដោយសារតែបងប្អូនយល់ពីការប្រើប្រាស់ និងគុណតម្លៃបន្លែសុវត្ថិភាព។ កាលណា គាត់ប្រើប្រាស់បន្លែសុវត្ថិភាពដែលដាំដុះក្នុងស្រុក វាដូចជាចូលរួមបង្កើតការងារ ដោះស្រាយបញ្ហាទីផ្សារជូនកសិករផងដែរ។ អ៊ីចឹង ផ្សារនេះ ចង់បង្ហាញថា គឺជាផ្សារដែលទទួលទិញតែផលិតកសិកម្មដែលដាំដុះក្នុងមូលដ្ឋានទេ និងមិនអនុញ្ញាតឲ្យមានការនាំចូលបន្លែគីមីមកពីខាងក្រៅប្រទេសនោះទេ»។ 


  រូបភាពពី ផ្សារក្តឿងរាយ

ជាមួយគ្នានេះ លោក ម៉ៅ អៀង ជំរុញឲ្យប្រជាកសិករទាំងអស់ពង្រឹងសមត្ថភាពដាំដុះ និងបច្ចេកទេស ពិសេសត្រូវសហការចងក្រងក្រុម ដើម្បីបង្កើតបណ្ដាញទីផ្សារ។ លោកបានអំពាវនាវឲ្យពលរដ្ឋចូលរួមប្រើប្រាស់ផលិតផលបន្លែសុវត្ថិភាពនៅក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាព និងសុខភាព។ 
 
ការរៀបចំពិព័រណ៍«ផលិតផលកសិកម្មកម្ពុជា» នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់៣១ធ្នូ ដែលមានការដាក់បង្ហាញបន្លែសុវត្ថិភាពចំនួន ១០០ស្តង់ ស្ថិតនៅក្នុងភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង៕ 
 

 រូបភាពពី ផ្សារក្តឿងរាយ

 

Tag:
 ផ្សារក្ដឿងរាយ
  ផលិតផលកសិកម្មកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com