ជាតិ
ទោះជើងពិការ លោក សែម វេ ប្រឹងប្រកប​របរ​ស្គរដើម្បី​រកចំណូល​ចិញ្ចឹមម្ដាយជរា និងកូន
25, Dec 2021 , 10:39 am        
រូបភាព
លោក សែម វេ ជនពិការ កំពុងអង្គុយចាំងឈើធ្វើស្គរឱ្យគេ។
លោក សែម វេ ជនពិការ កំពុងអង្គុយចាំងឈើធ្វើស្គរឱ្យគេ។
ដោយ:
សៀមរាប៖ លោក សែម​ វេ ជាជនមានពិការភាពជើងតាំងពីកំណើត។ ទោះមានពិការភាព ដើរប៉ាក់ប៉ើកៗ តែបុរសវ័យ៣០ឆ្នាំរូបនេះ នៅតែតស៊ូស៊ីឈ្មួលធ្វើស្គរឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមម្ដាយជរាវ័យ៧០ឆ្នាំម្នាក់ និងកូនតូចម្នាក់ទៀតជាបន្ទុក។ តាមរយៈការងារធ្វើស្គរ អាចផ្ដល់ចំណូលឱ្យលោក បាន២ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែបើស្គរគេលក់មិនដាច់លោក ក៏គ្មានចំណូលដូចគ្នា។



សូមអញ្ជើញលោក អ្នកនាង ទស្សនា វីដេអូពីដំណើរជីវិតលោក សែម វេ ដូចតទៅ៖​
 
ចាប់កំណើតក្នុងគ្រួសារខ្សត់ខ្សោយ ជាមួយកាយសម្បទាមិនពេញលក្ខណៈដូចមនុស្សទូទៅ លោក សែម វេ មិនបានទទួលការអប់រំច្រើននោះទេ។​ រស់នៅភូមិរហាល ស្រុកអង្គរធំ ដែលប្រជាជនភាគច្រើនប្រកបរបរធ្វើស្គរលក់ លោក សែម វេ ក៏បានរៀនចំណេះជំនាញនេះពីអ្នកជិតខាង និងបងថ្លៃរបស់លោក។ រហូតដល់វ័យ ១៥ឆ្នាំ លោកក៏បានស៊ីឈ្នួលធ្វើស្គរ ឱ្យពូរហូតមកដល់សព្វថ្ងៃ។ 
 
អង្គុយចាំងឈើ នៅក្រោមម្លប់ដើមទឹកដោះគោប​ណ្ដើរ ជូតញើសដែលហូរដោយការនឿយហត់បណ្ដើរ បុរសសម្បុរស្រអែមរូបនេះមិនត្អូញត្អែរពីរបរធ្វើស្គរនោះទេ។ « ថាទៅយើងនៅកន្លែងម្លប់ថាពិបាក ក៏មិនពិបាក​ ថាស្រួលក៏មិនស្រួលពេក។ ណាមួយយើងអាចធ្វើនៅជិតផ្ទះ ​មិនពិបាកទៅឆ្ងាយ »។ នេះជាការលើកឡើងរបស់ លោក សែម វេ។
 
ដើម្បីបានស្គរ ដែលមានសំឡេងពិរោះ លោក សែម វេ​​ ត្រូវធ្វើស្គរដោយផ្ចិតផ្ចង់ និងច្រើនដំណាក់កាល។ ដំបូង លោកត្រូវយកដើមឈើ ដែលទិញបានពីអ្នកភូមិ យកមកអារជាកង់ៗ តូចធំ តាមប្រភេទទំហំស្គរ។ បន្ទាប់មកលោកត្រូវយកកំណាត់ឈើទាំងនោះ មកចាំងសំបកឈើចេញ រួចយកទៅក្រឡឹងយកសាច់ឈើខាងក្នុងចេញ និងធ្វើឱ្យមានរាងជាស្គរ។ លោក សែម វេ ត្រូវបន្តយកឈើរូបរាងស្គរនោះ ទៅដេរ ស្បែកពស់ថ្លាន់ បិទមាត់ស្គរ ទើបស្គរនោះ អាចវាយទៅមានសំឡេង។


 
ដ្បិតមានពិការភាព តែក្នុងមួយថ្ងៃលោក សែម វេ អាចធ្វើស្គរបានចំនួន ៤ ទៅ ៥ មិនចាញ់ អ្នកមានកាយសម្បទាគ្រប់គ្រាន់នោះទេ។ តាមរយៈការងារពីម៉ោង៧ឬ៨ព្រឹក ដល់ល្ងាចប្រហែលម៉ោង ៥ ល្ងាច បុរសវ័យ៣០ឆ្នាំរូបនេះអាចទទួលបានថ្លៃឈ្នួល ២ម៉ឺនរៀលប៉ុណ្ណោះ ខណៈមិនទាន់មានជំងឺកូវីដ-១៩ លោកអាចទទួលបានថ្លៃឈ្នួល ២៨០០០រៀល។ នោះក៏ព្រោះតែបច្ចុប្បន្នខេត្តសៀមរាប មិនសូវមានទេសចរអន្តរជាតិ ទើបធ្វើឱ្យស្គរលក់មិនសូវដាច់។
 
បច្ចុប្បន្នកន្លែងធ្វើស្គរនេះ ជួលតែលោក សែម វេ ប៉ុណ្ណោះ ដោយសារម្ចាស់ទីតាំងធ្វើស្គរលក់នេះ អាណិតរូបលោក មិនអាចទៅធ្វើការអ្វីនៅឆ្ងាយ ឬ ធ្ងន់ៗបាន។ បុរសចំណាស់ ដែលជាម្ចាស់ទីតាំងផលិតស្គរ និងជាពូរបស់លោក សែម វេ បាននិយាយថា៖« ខ្ញុំឱ្យថ្លៃឈ្នួល គាត់មួយថ្ងៃ២ម៉ឺន កាលមានភ្ញៀវច្រើនខ្ញុំឱ្យមួយថ្ងៃ ៧ដុល្លារ។ កាលណារកឈើបាន ទើបហៅមកធ្វើ។ រាល់ថ្ងៃឱ្យនៅធ្វើតែម្នាក់ហ្នឹងទេ ព្រោះអាណិតក្មួយ គ្នាមិនដឹងទៅធ្វើការកន្លែងណាផ្សេង ទៅធ្វើសំណង់ឱ្យគេក៏មិនកើត។ ជីវភាពគ្នាក៏ដុនដាបណាស់ដែរ ចិញ្ចឹមម្ដាយ៧០ឆ្នាំ​ និងប្រពន្ធកូនតូច »។ 
 
អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ និងមានការបិទខ្ទប់ លោក សែម វេ បានបាត់បង់ការងារជាអ្នក ធ្វើស្គរឱ្យគេមួយរយៈ ដែលនាំឱ្យលោកគ្មានប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ។ បុរសរូបនេះក៏ត្រូវទៅធ្វើកម្មករ ធ្វើកូនជ្រូកដីសន្សំលុយ នៅសង្កាត់ជ្រាវ ខេត្តសៀមរាប។ លោកឡើងដូច្នេះ៖  « ជីវភាពប៉ះពាល់ខ្លាំង ហើយក៏សម្រេចទៅធ្វើការឱ្យគេ នៅជ្រាវ។ និយាយទៅពិបាកដែរព្រោះយើង ត្រូវនៅឆ្ងាយពីផ្ទះ»។ 


 
ក្រោយរដ្ឋាភិបាលសម្រេចឱ្យខេត្តសៀមរាបទទួលទេសចរ ឡើងវិញ លោក សែម វេ ក៏បានត្រឡប់មកធ្វើស្គរវិញ តែមិនសូវមានការងារធ្វើជាប្រចាំនោះទេ ព្រោះមិនមានគេបញ្ជាទិញច្រើននៅឡើយ។ តែទោះជាយ៉ាងនេះក្ដី បុរសវ័យ៣០ឆ្នាំរូបនេះ នៅតែមានក្ដីរីករាយព្រោះអាចត្រឡប់មកធ្វើការងារ ដែលខ្លួនស្រឡាញ់ និងនៅជិតផ្ទះ ហើយអាចមើលមុខកូនតូច និងម្ដាយជរារាល់ថ្ងៃវិញ។
 
ការងារជាអ្នកធ្វើស្គរ ពិតជាមានសារសំខាន់ណាស់សម្រាប់ជនមានពិការភាពរូបនេះ។ លោក សែម វេ ថ្លែងប្រាប់សារព័ត៌មានThmeyThmey25 ទាំងសប្បាយរីករាយដូច្នេះថា៖ « របរនេះសំខាន់សម្រាប់ជីវិតរបស់ខ្ញុំ ចេះជំនាញនេះខ្ញុំអាចចិញ្ចឹមឆ្នាំងបាយប្រចាំថ្ងៃ។ ជួយឱ្យជីវភាពធូរដែរ យើងបានម៉ាហូបៗស្រួល វាមិនសូវពិបាក។ ខ្ញុំស្រឡាញ់របរនេះណាស់ ព្រោះពេលធ្វើបានស្អាតមានចាស់ៗសសើរ »​ ៕

Tag:
 ជីវព័ត៌មាន
  ស្គរ
  វីដេអូ
  សៀមរាប
  សែម វេ
© រក្សាសិទ្ធិដោយ thmeythmey.com