ជាតិ
Sipar ផ្ដើមអនុវត្ត​គម្រោងលើកស្ទួយលទ្ធភាពទទួលបានការងាររបស់យុវជនកម្ពុជា
25, Dec 2021 , 6:59 pm        
រូបភាព
(រូបតំណាង)សកម្មភាពយុវជន កំពុងបង្រៀនដល់កុមារ។ រូបភាពផ្ដល់ដោយ កញ្ញា Molika Sok។
(រូបតំណាង)សកម្មភាពយុវជន កំពុងបង្រៀនដល់កុមារ។ រូបភាពផ្ដល់ដោយ កញ្ញា Molika Sok។
ភ្នំពេញ៖ អង្គការស៊ីប៉ា បានផ្តើមអនុវត្តគម្រោងថ្មីមួយទៀត គឺគម្រោងលើកស្ទួយលទ្ធភាពទទួលបានការងាររបស់យុវជនកម្ពុជា។ គម្រោងនេះ មានគោលដៅតម្រង់ទិសសិក្សា និងវិជ្ជាជីវៈ ព្រមទាំងលទ្ធភាពទទួលបានការងារធ្វើ សមភាពយេនឌ័រ ភាពជាពលរដ្ឋសកម្ម និងសាមគ្គីភាពរបស់យុវជន ចាប់ពីថ្នាក់អនុវិទ្យាល័យ ដល់ថ្នាក់វិទ្យាល័យ។ អង្គការនឹងអនុវត្តគម្រោងនេះ នៅក្នុងខេត្តចំនួន១៤ ដោយចាប់ផ្តើមមុនគេពីខេត្តព្រៃវែង កំពង់ឆ្នាំង ក្រចេះ កំពងចាម និងរតនគិរី។

 
 
នាសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តគម្រោង«អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ» ដំណាក់កាលទី២ កាលពីថ្ងៃទី២០ ធ្នូ លោក ស៊ិន សុធា អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍បណ្ណាល័យនៃអង្គការស៊ីប៉ា ប្រាប់សារព័ត៌មានថ្មីៗ២៥ថា គម្រោងផ្ដល់ភាពអង់អាចដល់យុវជននេះ នឹងចូលរួមជំរុញឱ្យយុវជន ស្គាល់ពីទីផ្សារការងារកាន់តែច្បាស់ និងការបន្តការសិក្សាបន្ទាប់ពីពួកគាត់ចប់ថ្នាក់ទី ១២។

  លោក ស៊ិន សុធា អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍បណ្ណាល័យ នៃអង្គការស៊ីប៉ា ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយការអនុវត្ត​អម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ» នៅថ្ងៃទី២០​ខែធ្នូ ឆ្នាំ២០២១។  រូបភាពផ្ដល់ដោយ កញ្ញា Molika Sok។
 
គម្រោងដដែលនេះ ក៏នឹងជួយធ្វើឱ្យប្រសើរឡើង នូវការទទួលបានការងារធ្វើរបស់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យនៅតំបន់ជនបទផងដែរ។ នេះជាការបន្ថែមរបស់លោក ស៊ិន សុធា ដោយលោកបានបន្តថា គោលបំណងចម្បងមួយទៀតនៃគម្រោងនេះ គឺកាត់បន្ថយវិសមភាពក្នុងសង្គម និងយេនឌ័រ តាមរយៈការអភិវឌ្ឍការចូលរួមរបស់យុវជន ក្នុងភាពជាពលរដ្ឋសកម្ម ក្នុងមូលដ្ឋានរបស់ពួកគេ។ លោក ស៊ិន សុធា ពន្យល់បន្ថែម៖ «យើងដឹងថា នៅស្រុកយើងជាទូទៅសិស្សនៅតាមជនបទ  គាត់គឺខ្វះព័ត៌មានពាក់ព័ន្ធនឹងទីផ្សារការងារ និងព័ត៌មានអំពីគ្រឹះសា្ថនសិក្សា ហើយយើងចង់បង្ហាញពួកគាត់ថា មិនចាំបាច់រៀនដល់មហាវិទ្យាល័យទេ គឺគាត់អាចមានឱកាសរកការងារធ្វើបានតាមរយៈ សាលាបច្ចេកទេសជាដើម»។ 
 
លោកបន្តថា តាមរយៈគម្រោងនេះ អង្គការ Sipar បានសហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដោយមានការរៀបចំវេទិកាអាជីព ដើម្បីអនុញ្ញាតឱ្យសិស្សជួបជាមួយសាលាបណ្ដុះបណ្ដាល និងវិស័យឯកជនដោយផ្ទាល់។«យើងចង់ឃើញយុវជនយើង គាត់មានគំនិតនិងចំណេះដឹងកាន់តែទូលាយ ទាក់ទងនឹងការសិក្សានៅឧត្ដមសិក្សា កុំឱ្យគាត់ទៅរៀនទៅតាមគ្នា និងជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ»។ នេះជាការបញ្ជាក់របស់អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍បណ្ណាល័យនៃអង្គការស៊ីប៉ា។ 


 សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយការអនុវត្ត​អម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ» នៅថ្ងៃទី២០​ខែធ្នូ ឆ្នាំ២០២១។ រូបភាពផ្ដល់ដោយ កញ្ញា Molika Sok។
 
សូមបញ្ជាក់ថា គម្រោងនេះ មានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០២០ ជាមួយនឹងទឹកប្រាក់ជាង ១ ១៧៧ ៣៤២អឺរ៉ូ ដែលជាថវិកាបដិភាគគាំទ្រ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងដៃគូផ្សេងទៀតដូចជាយុវតារា (Youth Star), អង្គការសហគមន៍មូលដ្ឋានយុវជន(CBO) និងក្រសួងអប់រំ យុវជន និងកីឡា។ អង្គការ Sipar និងPasserelles numériques (PN) ជាអ្នកដឹកនាំគម្រោងនេះ នៅខេត្តគោលដៅចំនួន១៤ នៅកម្ពុជា។ សូមជម្រាបបន្ថែមថា នៅក្រោមគម្រោងនេះ អង្គការស៊ីប៉ា នឹងរៀបចំវេទិកាអាជីពលើកទី១ ខែមីនា ឆ្នាំ២០២២នេះ៕

Tag:
 អប់រំ
 យុវជន
 អាជីព
 ជំនាញ
  ស៊ីប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com