COVID-19
ជាតិ
ក្នុងបរិបទកូវីដ-១៩ អាជីវកម្ម ៨១ភាគរយ ធ្វើទីផ្សារលើឌីជីថល
26, Dec 2021 , 8:20 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អាជីវកម្មខ្នាតតូច និងមធ្យម( MSMEs ) ក្នុងប្រទេសកម្ពុជា ៨១ភាគរយ ប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់លក់ផលិតផលរបស់ពួកគេនាពេលបច្ចុប្បន្ន។ ទិន្នន័យនេះ កើនឡើង៣៥ភាគរយ បើធៀបនឹងមុនបរិបទកូវីដ-១៩។ នេះបើតាមការស្រាវជ្រាវរបស់ DAI និង ក្រុមហ៊ុនស្រាវជ្រាវទីផ្សារឌីជីថល (Ipsos) ក្នុងខែមិថុនា និងកក្កដា ឆ្នាំ២០២១។


អាជីវកម្មខ្នាតតូច និងមធ្យម(MSMEs) បានចូលរួមជួយសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥០ភាគរយ ។ ប៉ុន្តែការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យ MSMEs រងផលប៉ះពាល់យ៉ាងខ្លាំង។ អាជីវកម្មខ្លះត្រូវបានបិទដំណើរការ ខណៈខ្លះទៀតងាកមកប្រើឌីជីថលសម្រាប់លក់ផលិតផលរបស់ខ្លួន ក្នុងបរិបទដ៏លំបាកនេះ។ 
 
បើតាមការស្រាវជ្រាវរបស់ DAI និង Ipsos អាជីវកម្ម ខ្នាតតូច និងមធ្យម ៤៥ភាគរយប៉ុណ្ណោះ ធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល មុនការរីករាលដាលនៃជំងឺកូវីដ-១៩។ ពួកគេធ្វើទីផ្សារលើកម្មវិធីមួយចំនួនដូចជា Facebook WhatsApp Instagram YouTube និងកម្មវិធីមួយចំនួនទៀត។ ប៉ុន្តែក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩ ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល កើនឡើងរហូតដល់ ៨១ភាគរយ។
 
យោងតាមការស្រាវជ្រាវដដែល បណ្ដាញសង្គមដែលមានអ្នកធ្វើទីផ្សារច្រើនជាងគេ គឺបណ្ដាញសង្គមFacebook ។ បច្ចុប្បន្នអាជីវកម្ម ៦៧ភាគរយ ធ្វើទីផ្សារលើបណ្ដាញសង្គមមួយនេះ ខណៈម្ចាស់អាជីវកម្ម ៦៦ភាគរយនៃ ចំនួន៦៧ភាគរយនេះ អះអាងថា Facebook បានជួយអាជីវកម្មរបស់ពួកគេក្នុងបរិបទកូវីដ-១៩។
 
ដ្បិតការធ្វើទីផ្សារលើឌីជីថល បានសម្រួលការលក់ផលិតផលរបស់ម្ចាស់អាជីវកម្មខា្នតតូច និងមធ្យម ប៉ុន្តែពួកគេក៏ជួបឧបសគ្គមួយចំនួនផងដែរ ដូចជា បញ្ហារអាក់រអួលនៃអ៊ីនធឺណែត, កង្វះចំណេះដឹងនៃបច្ចេកវិទ្យា និងការរៀបចំមាតិកាជាដើម។ ជុំវិញបញ្ហានេះ ម្ចាស់អាជីវកម្មមួយចំនួន បានស្នើឱ្យក្រុមហ៊ុនMeta បង្កើតវគ្គបណ្ដុះបណ្ដាលដល់សហគ្រិនបន្ថែម លើការប្រើប្រាស់ឌីជីថល ឱ្យមានប្រសិទ្ធភាពសម្រាប់អាជីវកម្មរបស់ពួកគេ។ 
 
សូមជម្រាបដែរថា យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  បច្ចុប្បន្នកម្ពុជាមានសហគ្រាស ធុន តូចនិង មធ្យម  ជាង៥០ម៉ឺនមូលដ្ឋាននៅទូទាំងប្រទេស ៕
 

Tag:
 Meta
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com