ជាតិ
កញ្ញា សោភ័ណ ជម្នះគំនិតចង់សម្លាប់ខ្លួន រហូតជាពីជំងឺមហារីកដំណាក់កាលទី៣
27, Dec 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ កញ្ញា អាន សោភ័ណ ជាមនុស្សមានសំណាងបំផុតក្នុងចំណោមអ្នកជំងឺជាច្រើន ដែលបានរួចជីវិត ពីជំងឺមហារីកដំណាក់កាលទី៣។ ទម្រាំយកឈ្នះនឹងជំងឺដ៏សាហាវនេះ យុវតីរ័យ២៣ឆ្នាំរូបនេះ ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនមុនពេលទទួលការព្យាបាល ព្រោះនាងអស់សង្ឃឹមក្នុងជីវិត និងគិតថាជំងឺនេះ មិនអាចព្យាបាលជាឡើយ។ បើតាមកញ្ញា សោភ័ណ ការដណ្ដើមជីវិតពីទ្វារមច្ចុរាជបានមកវិញ គឺដោយសារកម្លាំងចិត្តដ៏ធំធេងពីខ្លួនឯង និងពីមនុស្សជុំវិញខ្លួន ជំរុញនាងឱ្យប្រឹងប្រែងព្យាបាល ដើម្បីយកឈ្នះជំងឺមហារីកនេះបាន។ 

 
កញ្ញា អាន សោភ័ណ ជាគ្រូបង្រៀនភាសាថៃ និងជាបុគ្គលិកបម្រើការងារនៃក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ។ ត្រលប់ទៅកាលជាង២ឆ្នាំមុន សោភ័ណ មានជំងឺដុះសាច់មហារីកក្នុងពោះដំណាក់កាលទី៣ ដែលធ្វើឱ្យនាងពិបាកទទួលយកលទ្ធផលអាក្រក់នេះភ្លាមៗ ណាស់ ។ យុវតីមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះ បានរំឭកពីស្ថានភាពជំងឺខ្លួនថា ដំបូងឡើយនាងមានអាការឈឺពោះ តែមិនចាប់អារម្មណ៍ គិតថាគ្រាន់តែឈឺក្រពះធម្មតា ព្រោះពេលញាំថ្នាំអាការក៏បានធូរស្បើយវិញ។ លុះដល់ជំងឺធ្វើទុក្ខកាន់តែខ្លាំងទៅៗ នាងក៏ទៅពិនិត្យនៅមន្ទីរពេទ្យ ទើបដឹងថានាងបានដុះដុំសាច់មហារីកនៅក្នុងពោះ ទំហំប៉ុនកដៃទៅហើយ។ 
 
កញ្ញា សោភ័ណ បានរៀបរាប់ដូច្នេះ៖ «តាមការសន្និដ្ឋានរបស់ពេទ្យជំងឺខ្ញុំកើតឡើងតាមរយៈតំណពូជ ហើយកើតឡើងតាំងពីក្មេង ប៉ុន្តែខ្ញុំអត់ដែលបានសង្កេត ថាវាជាជំងឺមហារីកទេ។ រហូតដល់ខ្ញុំអាយុជាង២០ឆ្នាំ ទើបខ្ញុំដឹងថាវាជាជំងឺមហារីក»។ 
 
ដូចមនុស្សទូទៅដែរ ពេលដឹងថាខ្លួនមានជំងឺមហារីក សោភ័ណ យល់ថាខ្លួនឯងអាចនឹងបាត់បង់ជីវិតគ្រប់ពេល និងមិនអាចជាសះស្បើយបានឡើយ ព្រោះស្ថានភាពជំងឺវិវត្តដល់ដំណាក់កាលចុងក្រោយទៅហើយ។ រំឭកកាលពីជាង២ឆ្នាំមុន ពេលដែល សោភ័ណ ដឹងថាខ្លួនមានជំងឺមហារីកដំបូង ក្នុងកែវភ្នែក និងខួរក្បាលរបស់នាង មានតែស្រមោលខ្មៅងងឹតគិតមិនឃើញដំណោះស្រាយអ្វី ក្រៅពីចង់សម្លាប់ខ្លួនឡើយ។ មូលហេតុដែលនាងចង់បញ្ចប់ជីវិត ទាំងមិនទាន់បានព្យាបាលផង ដោយសារនាងឃើញថា គ្រួសារមិនមានលទ្ធភាព ព្រោះជំងឺនេះត្រូវចំណាយថវិកាច្រើន។ លើសពីនេះ នាងក៏គ្មានសង្ឃឹមអាចព្យាបាលជា ដូចអ្នកជំងឺធម្មតាឡើយ។ 
 
ក្រោយពីអស់ក្ដីសង្ឃឹមក្នុងជីវិតប្រហែល២-៣ ថ្ងៃមក សោភ័ណ ដែលជាកូនទោលក្នុងគ្រួសារ ដែលម្ដាយឪពុកបានលែងលះគ្នាតាំងពីខ្លួនអាយុ១៥ឆ្នាំ បានគិតយល់ថា នាងមិនចង់ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ ជាពិសេសម្ដាយដែលរស់នៅតែពីរនាក់នាងឡើយ។ ពេលនោះ យុវតីរូបនេះ បានផ្ញើក្ដីសង្ឃឹមចុងក្រោយជាមួយវេជ្ជបណ្ឌិតនៅស្រុកខ្មែរ ដើម្បីព្យាបាលជំងឺឱ្យនាង។
 
 «គ្រួសារខ្ញុំ អត់មានលទ្ធភាពទេ ។ ពេលនោះម្ដាយខ្ញុំ ថាទោះគាត់ត្រូវលក់ផ្ទះ និងដី ក៏បានឱ្យតែមើលខ្ញុំជា។ ពេលនោះ ដី និងផ្ទះលក់មិនដាច់ទេ ដោយសារកូវីដ-១៩ តែខ្ញុំនិងម្ដាយនៅតែមិនចុះចាញ់។ សំណាងល្អ អ្នកស្គាល់ខ្ញុំ និងសប្បុរសជនជាច្រើន បានជួយខ្ញុំ ទើបខ្ញុំមានលទ្ធភាពព្យាបាល»។ នេះជាការបញ្ជាក់របស់ កញ្ញា សោភ័ណ ដែលបន្ថែមថា ការព្យាបាលជំងឺនាង ចំណាយអស់ជាង១ម៉ឺនដុល្លារ។ 
 
កញ្ញា សោភ័ណ បានប្រាប់សារព័ត៌មានថ្មីៗថា  ការព្យាបាលរបស់នាង មានបីដំណាក់កាលគឺ ការចាក់ថ្នាំគីមី បន្ទាប់មកបាញ់កាំរស្មី និងវះកាត់យកដុំសាច់ចេញ។ បើតាម កញ្ញា សោភ័ណ ដំណើរការនៃការព្យាបាលពិតជាលំបាកទាំងក្នុងរាងកាយ ផ្លូវអារម្មណ៍ និងធ្វើឱ្យនាងជ្រុះសក់អស់ពីក្បាលទៀតផង។ 
 
ការតតាំងនឹងជំងឺមហារីកពិតជាមិនងាយស្រួលឡើយ សម្រាប់យុវតីវ័យ២៣ឆ្នាំរូបនេះ។ សម្រាប់ សោភ័ណ ក្រៅពីទទួលបានការព្យាបាលពីគ្រូពេទ្យ កត្តាដែលសំខាន់ គឺការផ្ដល់កម្លាំងចិត្ត ឱ្យខ្លួនឯង ជាឱសថដ៏ស័ក្កិសិទ្ធ។ «ខ្ញុំមិនអស់សង្ឃឹមនោះទេ ខ្ញុំតែងប្រាប់ខ្លួនឯងថា ដរាបណាគ្រូពេទ្យមិនទាន់ឱ្យទៅផ្ទះពាក់កណ្ដាលទី ខ្ញុំនៅតែមានសង្ឃឹម អាចជាបាន » ។
 
រយៈពេលជាង៩ខែ ក្នុងការតវ៉ាជីវិតជាមួយជំងឺមហារីក ទីបំផុត សោភ័ណ អាចយកជ័យជម្នះឱ្យខ្លួនឯង និងក្រុមគ្រួសារ ក្រោយសម្រាកក្នុងបន្ទប់ព្យាបាលជំងឺមហារីក អស់រយៈពេលជាយូរខែ។ ក្រោយពេលវះកាត់បានជោគជ័យ សោភ័ណ ដូចទទួលបានជីវិតថ្មី ខណៈដង្ហើមជីវិតនាងប្រៀបដូចជាភ្លើងទៀនជិតរលត់ទៅហើយ។ ទោះជីវិតដើរជិតដល់វិនាទីចុងក្រោយ តែយុវតីរូបនេះ មិនព្រមបោះបង់ចោលក្ដីសង្ឃឹមរបស់ខ្លួន ក្នុងការប្រឆាំងជំងឺមហារីកឡើយ។ 
 
កញ្ញា សោភ័ណ បានបញ្ជាក់ដូច្នេះ« ពេលបើកភ្នែកពីការវះកាត់ ខ្ញុំដូចទទួលបានជីវិតថ្មី និងធ្វើឱ្យខ្ញុំដឹងថាមហារីកជាជំងឺសាហាវ តែមិនឈ្នះកម្លាំងចិត្តយើងទេ។ សម្រាប់ខ្ញុំពេលកំពុងព្យាបាល ខ្ញុំគិតដល់ម្ដាយរបស់ខ្ញុំជានិច្ច ខ្ញុំមិនទាន់បានសងគុណគាត់ និងមិនទាន់សម្រេចបំណងប្រាថ្នារបស់ខ្ញុំទេ ដូចនេះខ្ញុំត្រូវតែប្រឹងក្រោកឈរ ប្រឹងញាំថ្នាំ និងអាហារកុំឱ្យជំងឺនេះវាយលុកបាន។ យើងរឹងមាំ ព្យាយាមមើលថែខ្លួនឯង នោះយើងនឹងយកឈ្នះវាបាន»។
 
រយៈពេលជាង១ ឆ្នាំមកហើយ ដែល សោភ័ណ បានជាពីជំងឺមហារីក តែនាងត្រូវតាមដានសុខភាពជាប្រចាំរៀងរាល់៣ខែម្ដង ព្រោះជំងឺនេះអាចនឹងកើតឡើងវិញ ក្នុងរយៈពេល៥ឆ្នាំ។ តែក្នុងករណី មិនកើតឡើងម្ដងទៀត សោភ័ណ នឹងជាសះស្បើយពីជំងឺនេះ ១០០ភាគរយហើយ។ 
 
យុវតីចិត្តមោះមុត សោភ័ណ បានលើកទឹកចិត្តដល់អ្នកមានជំងឺមហារីកទាំងអស់ កុំអស់សង្ឃឹម និងចុះចាញ់នឹងជំងឺឱ្យសោះ ពោលគឺត្រូវជម្នះ និងរឹងមាំផ្ដល់កម្លាំងចិត្តខ្លួនឯងជានិច្ច ដើម្បីយកឈ្នះជំងឺដ៏កាចសាហាវនេះ។ «បើយើងបាក់ទឹកចិត្ត ជំងឺនេះកាន់តែវាយលុកយើង និងធ្វើឱ្យយើងស៊ូនឹងជំងឺនេះមិនបានទេ»។ នេះជារបស់ សោភ័ណ ដែលឆ្លងកាត់ការយកឈ្នះលើជំងឺមហារីក៕ 
 
 
 

Tag:
 ជំងឺមហារីក
  អាន សោភ័ណ
© រក្សាសិទ្ធិដោយ thmeythmey.com