ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំខំពេក! ផឹកកាហ្វេច្រើន អាចធ្វើឱ្យបញ្ហាក្រហាយទ្រូង ច្រាលអាស៊ីតក្រពះ កាន់តែធ្ងន់ឡើង
24, Dec 2021 , 10:59 pm        
រូបភាព
ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ហាក់ដូចជាក្រហាយទ្រូងក្រោយញ៊ាំអាហាររួច, នោះអ្នកកំពុងតែជួបប្រទះអាការៈច្រាលអាស៊ីតក្រពះមិនខាន។ វាជាស្ថានភាពទូទៅបំផុតមួយដែលអាចកើតឡើងដោយសារតែសកម្មភាពស្មានមិនដល់ជាច្រើនដែលពួកយើងបានធ្វើប្រចាំថ្ងៃ ហើយការផ្លាស់ប្ដូរទម្លាប់មួយចំនួនពិតអាចជួយបំបាត់បញ្ហានេះ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីទម្លាប់ដែលអាចធ្វើឱ្យអាការៈក្រហាយទ្រូងច្រាលអាស៊ីតក្រពះធ្ងន់ធ្ងរជាងមុន ៖

 
១. ការស្លៀកពាក់សម្លៀកបំពាក់ដែលរឹបតឹង
 
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាសម្លៀកបំពាក់រឹបតឹង និងការពាក់ខ្សែក្រវ៉ាត់ក្រៅពីបង្កបញ្ហាដល់ចរន្តឈាមរត់ហើយនោះ វាអាចដាក់សម្ពាធបន្ថែមលើពោះដែលបណ្ដាលឱ្យអាស៊ីតក្រពះច្រាលទៀតផង។ ដូច្នេះដើម្បីជាការប្រសើរកុំឱ្យបញ្ហាដែលមានស្រាប់កាន់ធ្ងរធ្ងរឡើង ចូរកុំជ្រើសរើសសម្លៀកបំពាក់ដែលរឹបតឹង។
 
២. ​ការគេងរាបស្មើ
 
ទោះបីជាការគេងដោយមិនកើយខ្នើយអាចនឹងល្អសម្រាប់ឆ្អឹងក និងឆ្នឹងខ្នងរបស់អ្នក ប៉ុន្តែវាក៏មិនអាចជួយបានឡើយប្រសិនបើអ្នកកំពុងមានបញ្ហាច្រាលអាស៊ីតក្រពះ។ ការគេងរាបស្មើអាចបណ្ដាលឱ្យអាស៊ីតក្រពះហូរច្រាលនៅពេលកំពុងគេង។ ដូច្នេះដើម្បីជាការប្រសើរ ចូរគេងដោយធ្វើយ៉ាងណាឱ្យផ្នែកខាងលើនៃរាងកាយរាងខ្ពស់បន្តិច។ អ្នកក៏អាចគេងបែរទៅខាងឆ្វេង ខណៈដែលវាជាទីតាំងគេងដ៏ល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាច្រាលទឹកអាស៊ីតក្រពះ ឬក្រហាយទ្រូង។ ការគេងបែរទៅទីតាំងនេះអាចជួយសម្រួលដល់ការរំលាយអាហារ។
 
៣. ការគេងភ្លាមៗក្រោយញ៊ាំអាហារ
 
ជាធម្មតាអាស៊ីតត្រូវបានផលិតឡើងនៅពេលរំលាយអាហារដែលមានផ្ទុកនៅក្នុងក្រពះ។ហើយការគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារ គឺអាចនឹងបណ្ដាលឱ្យអាស៊ីតក្រពះមិនហូរចុះក្រោម ប៉ុន្តែបែរជាហូរឆ្លងកាត់ក្រពះទៅប៉ះផ្នែកណាមួយនៃបំពង់អាហារវិញដែលបង្កជាបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ជាលទ្ធផលអ្នកអាចនឹងក្រហាយទ្រូង ឬក្នុងបំពង់ក។ ដើម្បីជាការប្រសើរ ចូររងចាំយ៉ាងហោចណាស់ចន្លោះពី ២ ទៅ ៣ម៉ោងសិនក្រោយពេលញ៊ាំអាហាររួច សឹមគេង។
 
៤. ការទទួលទានទានច្រើនពេកកំឡុងពេលអាហារ
 
ទោះបីជាការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់សម្រាប់សុខភាព ប៉ុន្តែពេលវេលានៃការទទួលទានទឹកក៏ជារឿងសំខាន់ផងដែរ។ អ្នកអាចនឹងមានអារម្មណ៍ចង់ទទួលទានទឹក ១កែវដើម្បីសម្រួលដល់ការរំលាយអាហារ ប៉ុន្តែការធ្វើបែបនេះអាចបង្កជាអាការៈក្រហាយទ្រូងគួរឱ្យកត់សម្គាល់។ ការទទួលទានសារធាតុរាវច្រើនពេកអាចពង្រាវអាស៊ីតក្រពះដែលអ្នកត្រូវការសម្រាប់ការរំលាយអាហារបានត្រឹមត្រូវ។ ហើយប្រសិនបើអ្នកចូលចិត្តទទួលទានទឹកកកដាក់ទឹកកកផងទៀតនោះ វាអាចនឹងធ្វើឱ្យសសៃឈាមរួម ហើយកកខ្លាញ់។ ជាលទ្ធផលអាហារកាន់តែពិបាកនឹងត្រូវបានរំលាយត្រឹមត្រូវ។
 
៥. ការទទួលទានកាហ្វេច្រើនពេក
 
ខណៈដែលកាហ្វេអាចផ្ដល់នូវអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសុខភាព ប៉ុន្តែអ្នកចាំបាច់ត្រូវតែកម្រិតការទទួលទានកាហ្វេអ៊ីនក្នុងករណីកំពុងជួបប្រទះ ឬងាយនឹងកើតមានអាការៈច្រាលអាស៊ីតក្រពះ។ កាហ្វេអាចធ្វើឱ្យអាការៈក្រហាយទ្រូងច្រាលអាស៊ីតក្រពះកាន់ធ្ងន់ធ្ងរឡើង។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com