ជាតិ
ដ្បិតពិការដៃសងខាង តែលោក ម៉ន ជា អាចប្រើជំនាញគូរគំនូរសហសម័យដើម្បីរកចំណូល
26, Dec 2021 , 9:39 pm        
រូបភាព
លោក ម៉ន ជា វិចិត្រករពិការដៃ ​វ័យ៣១ឆ្នាំ ក្នុងខេត្តសៀមរាម។ រូបភាពដោយ ហុង ស្រីណា
លោក ម៉ន ជា វិចិត្រករពិការដៃ ​វ័យ៣១ឆ្នាំ ក្នុងខេត្តសៀមរាម។ រូបភាពដោយ ហុង ស្រីណា
ភ្នំពេញ៖ លោក ម៉ន ជា ជាវិចិត្រករគំនូរសហសម័យម្នាក់ក្នុងខេត្តសៀមរាប។ វិចិត្រកររូបនេះ បានពិការដៃទាំងសងខាង ដោយសារឆក់ខ្សែភ្លើង ១១ឆ្នាំមកហើយ។ ដ្បិតគ្រោះថ្នាក់ធ្វើឲ្យពិការដៃក្តី តែលោក ជា មិនអស់សង្ឃឹមនឹងជីវិតឡើយ ដោយលោកតស៊ូគូរគំនូរសហសម័យលក់ ដើម្បីផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមឪពុកម្តាយចាស់ជរា។ គំនូរ ដែលលោក គូរជាគំនូរសហសម័យពណ៌ ស ខ្មៅ ខុសប្លែកពីគំនូរទូទៅ ដែលមានពណ៌ច្រើនលាយឡំគ្នា។ លោកបានលើកឡើងថា ការគូរតែពណ៌ ស ខ្មៅ នេះ គឺជាស្ទីល( Style) ផ្ទាល់ខ្លួនរបស់លោក ដើម្បីឲ្យខុសប្លែកពីគំនូរដទៃ។




សកម្មភាពលោក ម៉ន ជា គូរគំនូរលើប្លុកមុនចិតដានរូបសខ្មៅ។ រូបភាពដោយ ហុង ស្រីណា

ការគូរគំនូរឲ្យចេញជារូបមួយផ្ទាំងដ៏ស្រស់ស្អាត និងមានភាពរស់រវើក គឺទាមទារឲ្យវិចិត្រករប៉ិនប្រសប់ក្នុងការប្រើម្រាមដៃ បត់បែន និងគូសវាស។ ដៃ ពិតជាសំខាន់បំផុតសម្រាប់វិចិត្រករគ្រប់រូប ប៉ុន្តែមិនមានន័យថា គ្មានម្រាមដៃ គូរគំនូរមិនបានឡើយ។ ពិការដៃតាំងពីឆ្នាំ ២០១០ ដោយសារឧបទ្ទវហេតុឆក់ខ្សែភ្លើង និងបានកាត់ដៃត្រឹមកែងដៃទាំងសងខាង លោក​​​​ ម៉ន​​ ជា នៅតែអាចគូររូបគំនូរបាន។ 
  

សកម្មភាពលោក ម៉ន ជា គូរគំនូរលើប្លុកមុនចិតដានរូបសខ្មៅ។ រូបភាពដោយ ហុង ស្រីណា

សកម្មភាពលោក ម៉ន ជា គូរគំនូរលើប្លុកមុនចិតដានរូបសខ្មៅ។ រូបភាពដោយ ហុង ស្រីណា

សម្រាប់លោក ជា ពិការភាពមិនធ្វើឱ្យរូបលោកអស់សង្ឃឹម និងទោរទន់នឹងជីវិតឡើយ។ នៅឆ្នាំ ២០១៣ លោក ជា បានធ្វើជាកម្មករឃ្វាលទា រហូតដល់ឆ្នាំ២០១៥ ទើបលោកបានចូលរៀនគូរគំនូរនៅអង្គការអេពិកអាត (Epic Arts) ក្នុងខេត្តកំពត។ ទោះជាជនពិការក្តី ចិត្តរបស់លោក មិនពិការទេ ហើយលោកបានលើកឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដូច្នេះថា៖«មុនពិការដៃ ខ្ញុំមានជំនាញផ្សេង តែពេលធ្លាក់ខ្លួនពិការ ខ្ញុំក៏រកជំនាញណាដែលខ្ញុំអាចធ្វើកើត។ យើងមិនអាចទៅធ្វើសំណង់បានទេ មានតែការគូរគំនូរសិល្បៈនេះ។ ហើយម្យ៉ាង ខ្ញុំស្រលាញ់ផង»។ 
 
ការរៀនគូរគំនូរ អាចជារឿងរីករាយមួយសម្រាប់មនុស្សទូទៅដែលមានដៃទាំងសងខាង ប៉ុន្តែវាជារឿងពិបាកសម្រាប់អ្នកពិការដៃដូចលោក ម៉ន ជា។ លោករៀបរាប់ថា ដំបូងលោក មិនអាចគូរចេញជារូបរាងទេ ប៉ុន្តែការព្យាយាមបានធ្វើឲ្យលោកធ្លាប់ដៃ និងលែងសូវពិបាកដូចដំបូង។
  

សកម្មភាពលោក ម៉ន ជា គូរគំនូរលើប្លុកមុនចិតដានរូបសខ្មៅ។ រូបភាពដោយ ហុង ស្រីណា

គំនូរសហសម័យ ដែលោក ម៉ន ជា បានគូរ។ រូបភាពដោយ ហុង ស្រីណា 

ការគូរគំនូរសហសម័យបានជួយលោក ម៉ន ជា បន្ធូរភាពតានតឹង និងជួយសម្រួលជីវភាពរបស់លោកផងដែរ។ «ការងារនេះ វាបានជួយខ្ញុំច្រើន ជួយខ្ញុំឲ្យលែងពិបាកចិត្ត វារំសាយ និងជួយឲ្យមនុស្សដែលគិតថា ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីដើរសុំទាន ក្រៅពីបងប្អូនម៉ែឪចិញ្ចឹម ឃើញថាខ្ញុំអាចធ្វើបាន។ ចាប់តាំងពីខ្ញុំធ្វើការងារសិល្បៈនេះ មានមនុស្សជាច្រើនដឹងថាខ្ញុំមានជំនាញ ភាពតស៊ូ និងភាពក្លាហាន»។ នេះជាការបញ្ជាក់របស់លោក ជា។
 
លើសពីមានមនុស្សជាច្រើនស្គាល់លោកតាមរយៈគំនូរ លោក ជា ក៏បានបង្កើតស្ទីលថ្មី សម្រាប់ខ្លួនឯងដើម្បីឲ្យអតិថិជនចំណាំគំនូររបស់លោកផងដែរ។ លោកបានជ្រើសរើសគូរគំនូរសហសម័យ ដោយប្រើតែពណ៌ ស ខ្មៅ ខុសប្លែកពីវិចិត្រករដទៃ ដែលគូរប្រើពណ៌ចម្រុះ។ «សម្រាប់អ្នកផ្សេង គេប្រើពណ៌ ប៉ុន្តែនេះជាស្ទាយរបស់ខ្ញុំ ព្រោះខ្ញុំចាប់ផ្តើមដំបូង គឺគំនូរ ស ខ្មៅ  ហើយមានភ្ញៀវច្រើនគេស្គាល់គំនូរ ស ខ្មៅ ថាជាខ្ញុំ។ បើខ្ញុំប្តូរប្រើពណ៌ ខ្លាចភ្ញៀវមិនស្គាល់ ដោយសារនៅក្នុងប្រទេសកម្ពុជាយើង ភាគច្រើនគេប្រើគំនូរពណ៌ ហើយពេលខ្ញុំប្រើ ស ខ្មៅ ចឹង មានគេចាប់អារម្មណ៍ច្រើន»។ នេះជាការលើកឡើងរបស់លោក ម៉ន ជា ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ 


លោក ម៉ន ជា កំពុងគូរគំនូរព្រៀងលើក្រដាស។ រូបភាពដោយ ហុង ស្រីណា 

 លោក ម៉ន ជា កំពុងដានពណ៌រូបភាពលើប្លុក។ រូបភាពពីហុង ស្រីណា

ដ្បិតថាគំនូរមិនមានពណ៌ច្រើនលម្អឲ្យមានភាពស្រស់បំព្រងក្តី តែគំនូរ ស ខ្មៅ របស់លោក ម៉ន ជា មានបង្កប់អត្ថន័យ និងមានតម្លៃថ្លៃ មិនខុសពីគំនូរទូទៅឡើយ។ គំនូរនីមួយៗ សុទ្ធសឹងតែកើតចេញពីខួរក្បាល ពីបេះដូង និងចេញពីអារម្មណ៍ផ្ទាល់របស់លោក ជា ។ ជាក់ស្តែង លោកបានគូរគំនូរមួយផ្ទាំង ដែលមានសកម្មភាពមនុស្សជុំគ្នាបោកស្រូវ។ គំនូរនេះ កើតចេញពីការស្រមើស្រមៃ និងអនុស្សាវរីយ៍ ប្រមូលញាតិមិត្តមកជួយបោកស្រូវកាលពីមុន។ 
  

 លោក ម៉ន ជា កំពុងដានពណ៌រូបភាពលើប្លុក។ រូបភាពពីហុង ស្រីណា

គំនូររបស់លោក ម៉ន ជា មានតម្លៃថ្លៃទៅតាមទំហំ និងការប្រើកម្លាំងរបស់លោក។ គំនូរខ្លះ ត្រូវការប្រើកម្លាំងច្រើន រួមទាំងការប្រើថ្នាំ ដែលពិបាករកទិញក្នុងស្រុកផងដែរ។ បើតាមលោក ម៉ន ជា គំនូរសហសម័យរបស់លោកមានតម្លៃចាប់ពី ៥០ដុល្លារឡើងទៅ។ យ៉ាងណាមិញ ដោយសារតែការគូរគំនូសសហសម័យនេះពិបាក អតិថិជនមិនអាចកម្មង់គំនូរ តាមអ្វីដែលពួកគេចង់បានឡើយ ។ 
 
មានស្រុកកំណើតជាអ្នកខេត្តកំពត លោក ម៉ន ជា បានប្តូរទីលំនៅមកខេត្តសៀមរាប កាលពីឆ្នាំ២០១៩ និងបានសហការជាមួយ Open Studio ដើម្បីដាក់លក់គំនូររបស់លោក។ ចំណូលបានពីការលក់គំនូរបានជួយសម្រួលជីវភាពរបស់លោក និងគ្រួសារមួយចំណែកធំផងដែរ។ លោកក៏ធ្លាប់យកគំនូរដាក់តាំងពិព័រណ៍ក្នុងកម្មវិធីជាច្រើននៅសៀមរាប ភ្នំពេញ និងក្រៅប្រទេស។ លើសពីនេះ មនុស្សជាច្រើនសរសើរថា ទោះពិការតែលោកនៅអាចតស៊ូបាន និងបង្កើតជំនាញដ៏ប្រសើរមួយ ដើម្បីបង្ហាញឱ្យមនុស្សដទៃបានឃើញពីតម្លៃនៃការប្រឹងប្រែង។  


  សកម្មភាពលោក ម៉ន ជា គូរគំនូរលើប្លុកមុនចិតដានរូបសខ្មៅ។ រូបភាពដោយ ហុង ស្រីណា

គួរឲ្យសោកស្តាយ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្អាក់សន្ទុះភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងមានការបិទខ្ទប់ប្រទេសមួយរយៈផងដែរ។ បញ្ហានេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពវិចិត្រករពិការរូបនេះ ជាពិសេសការលក់គំនូររបស់លោកបានថយចុះច្រើន។ ដូច្នេះហើយ រូបលោកបានប្តូរមកលក់គំនូររបស់ខ្លួនតាមប្រព័ន្ធអនឡាញវិញ ដោយថ្ងៃខ្លះលក់បាន ហើយថ្ងៃខ្លះលក់មិនបាន។ 
 
អតិថិជនភាគច្រើនរបស់វិចិត្រករវ័យ៣១ឆ្នាំរូបនេះ ជាជនជាតិអឺរ៉ុប។ ចំណែកជនជាតិខ្មែរមិនសូវមានអ្នកទិញគំនូររបស់លោកឡើយ ដោយសារគំនូរសហសម័យនេះ មានតម្លៃថ្លៃ។ បើតាមលោក ម៉ន ជា ពលរដ្ឋខ្មែរមួយចំនួនក៏បានយល់ និងចាប់អារម្មណ៍គំនូររបស់លោកដែរ ប៉ុន្តែពួកគាត់មិនមានលទ្ធភាពទិញគំនូរនេះ។ ភ្ញៀវខ្មែរដែលទិញគំនូរសហសម័យ ស ខ្មៅ របស់លោក ភាគច្រើនជាវិចិត្រករដូចគ្នា ដែលគេយល់ពីអត្ថន័យនៃរូបគំនូរ។
  

លោក ម៉ន ជា កំពុងគូរគំនូរព្រៀងលើក្រដាស។ រូបភាពដោយ ហុង ស្រីណា 

លោក ម៉ន ជា រីករាយ និងមានមោទកភាពយ៉ាងខ្លាំង ដែលជនពិការដូចលោកមានជំនាញ និងអាចរកចំណូលជួយគ្រួសារបាន។ លោកបានផ្តាំផ្ញើទៅជនពិការដូចគ្នាថា ៖«សូមកុំបោះបង់ភាពតស៊ូ យើងគួររកអ្វីដែលយើងអាចធ្វើបាន។ បើយើងធ្វើការងារនេះមិនបាន យើងត្រូវរកជំនាញណាមួយដែលយើងគិតថា យើងអាចធ្វើបាន។ កុំផ្អែកទៅលើថា យើងពិការហើយ មិនអាចធ្វើការអ្វីបាន ក្រៅពីដើរសុំទាន។ យើងមិនត្រូវធ្វើចឹងទេ យើងនៅជីវិត នៅមានភាពតស៊ូ ដើម្បីថ្ងៃអនាគត»៕
 

 លោក ម៉ន ជា កំពុងដានរូបភាពលើប្លុក។ រូបភាពពីហុង ស្រីណា

Tag:
 គំនូរសហសម័យ
  ពិការ
  លោក ម៉ន ជា
© រក្សាសិទ្ធិដោយ thmeythmey.com