ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ទៀ បាញ់៖«ខ្ញុំ ប្តេជ្ញាចិត្តធ្វើពលីកម្មគ្រប់បែបយ៉ាង បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សឲ្យបានរឹងមាំ...»
24, Dec 2021 , 11:14 pm        
រូបភាព
សម្តេច ទៀ បាញ់ ថ្លែងក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពូជាលើកទី៤៣ (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជា)។
សម្តេច ទៀ បាញ់ ថ្លែងក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពូជាលើកទី៤៣ (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជា)។
ដោយ: ថ្មីៗ
ក្រោយបានឡើងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ទៀ បាញ់ បានបង្ហោះសារខ្លីលើទំព័ពហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបង្ហាញពីឆន្ទៈដ៏ខ្ពស់របស់សម្តេច ក្នុងការជួយធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នៅតែអាចឈ្នះឆ្នោតលើកក្រោយៗទៀត។


 
«ក្នុងនាមជាអនុប្រធានគណបក្ស ខ្ញុំ សូមប្តេជ្ញាចិត្តធ្វើពលីកម្មគ្រប់បែបយ៉ាង បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំ ឋិតថេរ ចីរកាល ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យដាច់ខាត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣ និង ការបោះឆ្នោតអាណត្តិជាបន្តបន្ទាប់»។ នេះ ជាសំណេររបស់សម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់។    
 
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេច ហេង សំរិន ជាប្រធានកិត្តិយសគណបក្ស នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបោះឆ្នោតជាសម្ងាត់ ជ្រើសតាំងអនុប្រធានគណបក្សប្រជាជនកម្ពុជា២រូបបន្ថែមទៀត គឺសម្តេច ទៀ បាញ់ និងអ្នកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក សម្តេច ទៀ បាញ់ ចាត់ទុកការទទួលបានតំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថាជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់។
 
ក្នុងចំណោមសមាជិកសរុប៨៦៥រូបនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា មាន៧៧៥រូប ដែលបានចូលរួមក្នុងសន្និបាតលើកទី៤៣នេះ។ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់អ្នកកាសែតក្រោយបញ្ចប់សន្និបាតថា អនុប្រធានថ្មីទាំង២រូប ទទួលបានសន្លឹកឆ្នោតគាំទ្រ៧៧៤សំឡេង និងសន្លឹកឆ្នោត១សំឡេងទៀត គឺអនុបវាទ។
  
បន្ថែមអនុប្រធានថ្មី២រូបទៀត គណបក្សប្រជាជនកម្ពុជា មានអនុប្រធានដល់ទៅ៤រូបហើយ។ អនុប្រធាន ដែលមានស្រាប់កន្លងមក គឺសម្តេច សាយ ឈុំ និង សម្តេច ស ខេង។  
 
បន្ថែមពីនេះ សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអនុម័តឲ្យលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។ នីតិវិធីនៃការអនុម័តឲ្យលោក ហ៊ុន ម៉ាណែត ក្លាយអនាគតបេក្ខជននាយករដ្ឋមន្រ្តី គឺធ្វើឡើងតាមរយៈលើកបណ្ណ ដែលហៅថា បណ្ណអនុម័ត។ 
 
លោក សួស យ៉ារ៉ា អះអាងថា សមាជិកទាំង៧៧៥រូប ដែលចូលរួមក្នុងសន្និបាត បានលើកបណ្ណអនុម័តទាំងអស់គ្នា ដើម្បីគាំទ្រលោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី។ បើតាមអ្នកនាំពាក្យដដែល គឺមានតែលោក ហ៊ុន ម៉ាណែត មា្នក់ប៉ុណ្ណោះ ដែលឈរឈ្មោះឲ្យអង្គសន្និបាត អនុម័តឲ្យក្លាយជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី៕ 

Tag:
 ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com