ជាតិ
បទសម្ភាសន៍
លោក ជាង បូរ៉ា បង្កើតក្រុមហ៊ុនផលិតនំ និងតែសុខភាព ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក
25, Dec 2021 , 1:59 pm        
រូបភាព
លោក ជាង បូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន  រ៉ាគីមឡុង ឯក.
លោក ជាង បូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន រ៉ាគីមឡុង ឯក.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ជិត៨ឆ្នាំហើយ ដែលក្រុមហ៊ុន រ៉ា គឹមឡុង ឯក. បានដំណើរការកែច្នៃផលិតផលសុខភាពពីធម្មជាតិមួយចំនួនដូចជាតែស្លឹកទៀបបារាំង តែខ្ញី តែម្រុម នំឃុកឃី  ដោយលោក ជាង បូរ៉ា ម្ចាស់ក្រុមហ៊ុននេះផ្ទាល់តែម្តង។ សហគ្រិនរូបនេះ ចាប់ផ្តើមផ្លាស់ប្តូរខ្លួន ពីអ្នកជំនាញព័ត៌មានវិទ្យា មកជាអ្នកផលិតក្នុងស្រុក ដោយសារឃើញវត្តមានផលិតផលបរទេសជាច្រើន ហូរចូលទីផ្សារកម្ពុជា។ លោកចង់បង្ហាញថា ផលិតផលខ្មែរក៏មានគុណភាពល្អ សម្រាប់ ប្រជាជនក្នុងស្រុក និងមានឆន្ទៈនាំចេញផលិតផលទាំងនេះ ទៅក្រៅប្រទេសផងដែរ។ លោក ជាង បូរ៉ា បានចំណាយពេលស្រាវជ្រាវច្រើន ដើម្បីអាចផលិតផលនីមួយៗឱ្យមានស្តង់ដារសុវត្ថិភាពចំណីអាហារបាន ដោយចាប់ផ្តើមប្តូរពីការផលិត ផលិតផលដោយដៃ ទៅជាការផលិតដោយគ្រឿងម៉ាស៊ីន និងជំរុញការដាំដុះតាមបែបធម្មជាតិផងដែរ។



 ផលិតករកំសត់ លោក ជាង បូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន  រ៉ាគីមឡុង ឯក...

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង  កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក  ជាង បូរ៉ា  ដូចតទៅ៖
 
 
លោក ជាង បូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុនរ៉ាគីមឡុង ឯក. ដែលបានវិវត្តន៍ខ្លួនពីបុគ្គលិកផ្នែក ព័ត៌មានវិទ្យា(IT) មកជាអ្នកផលិតក្នុងស្រុកផ្នែកផលិតផលសុខភាពកែច្នៃពីធម្មជាតិ។ ក្នុងបទសម្ភាសន៍ ជាមួយកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ជាង បូរ៉ា បញ្ជាក់ថា លោកបានចំណាយពេលស្រាវជ្រាវជាច្រើន ដោយប្តូរពីផលិតផលធ្វើដោយដៃ ឱ្យដំឡើងជាគ្រឿងម៉ាស៊ីន ឱ្យមានស្តង់ដារសុវត្ថិភាពចំណីអាហារ ដូរទាំងការដាំដុះឱ្យមានលក្ខណៈធម្មជាតិផងដែរ ពិសេសការធ្វើទីផ្សារដោយជួបជាមួយអ្នកមានឥទ្ធិពលក្នុងសង្គម ដែលពួកគាត់ស្ម័គ្រចិត្តជួយផ្សព្វផ្សាយបន្តទៀតផង។
 
ទម្រាំមកដល់ចំណុចនេះ មានការលំបាកគួរសមសម្រាប់ម្ចាស់ក្រុមហ៊ុន ខ្វះបទពិសោធន៍ដូចរូបលោក ពោលគឺត្រូវចំណាយដើមទុនច្រើនក្នុងវិស័យនេះ។ ទោះយ៉ាងនេះក្តី លោក បូរ៉ា ទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមពីស្ថាប័នពាក់ព័ន្ធ និងសមាគមសុវត្ថិភាពចំណីអាហារ ពិសេសការកែប្រែការផលិតឱ្យមានលក្ខណៈស្តង់ដារទាំងគុណភាព និងសុវត្ថិភាព។ ម្ចាស់ក្រុមហ៊ុនរ៉ាគីមឡុងសង្កត់ធ្ងន់ថា៖«អ្នកធ្វើមុខរបរប្រភេទនេះ ត្រូវមានចិត្តស្រឡាញ់ជាធំ ព្រោះត្រូវការពេលវេលាយូរ ទម្រាំទទួលបានផ្លែផ្កា យ៉ាងតិចពី៣ ទៅ៥ឆ្នាំ ទើបដឹងចំណេញខាត ហើយត្រូវការចំណាយទុនច្រើន ទៅលើគ្រប់ផ្នែក ទាំងទៅលើប្រាក់ខែបុគ្គលិក ផ្នែកប្រតិបត្តិការផ្សេងៗ លុយត្រៀមខាត វាខុសពី ការយកផលិតផលពីគេមកលក់ស្រាប់ៗ អាចឆាប់កែកុនចេញបាន ពេលលក់មិនចំណេញ»។
 

លោក ជាង បូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន  រ៉ាគីមឡុង ឯក...

ទោះបីជាជួបការលំបាកច្រើន ប៉ុន្តែលោក ជាង បូរ៉ា មិនដែលរាថយឡើយ។ លោក បូរ៉ា យល់ថា នៅពេលផលិតផលរបស់ក្រុមហ៊ុនខ្លួនមានដំណើរការល្អ និងមានការគាំទ្រនៅក្នុងទីផ្សារនោះនឹងធានាបាននូវនិរន្តរភាពឱកាសកាងារដល់ពលរដ្ឋក្នុងស្រុក កាត់បន្ថយការធ្វើចំណាកស្រុក និងចូលរួមជំរុញនូវចរន្តសេដ្ឋកិច្ចជាតិទៀតផង៕
  
 
 
 
 
 
 

Tag:
 ជាង បូរ៉ា
 តែទៀបបារាំង
 ខ្ញី
 ម្រុម
 ផលិតផលក្នុងស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com