ជាតិ
កន្លែងស្នាក់នៅប្រមាណ៨០ភាគរយក្នុង ខេត្តកំពតនិងកែប ត្រូវបានកក់សម្រាប់ឆ្លងឆ្នាំ
25, Dec 2021 , 3:19 pm        
រូបភាព
ដោយ:
កន្លែងស្នាក់នៅ ក្នុងខេត្តកំពត និងខេត្តកែប ត្រូវបានភ្ញៀវទេសចរកក់ប្រហែល ៨០ភាគរយហើយ សម្រាប់ដំណើរកម្សាន្ត ក្នុងថ្ងៃឆ្លងឆ្នាំ ២០២១-២០២២ ទោះសល់មួយសប្តាហ៍ទៀត។ ប្រធានមន្ទីរទេសចរណ៍ខេត្តទាំង២ រំពឹងថាភ្ញៀវទេសចរ នឹងមានការកើនឡើងខ្លាំងជាងថ្ងៃឆ្លងឆ្នាំ ២០២០-២០២១។


និន្នាការដើរកម្សាន្តតាមតំបន់សមុទ្រ នៅតែមានការពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ នៅថ្ងៃចុងសប្តាហ៍ និងបុណ្យទានផ្សេងៗ។ មិនសុខពីរាល់ឆ្នាំ ភ្ញៀវទេសចរជាច្រើនមានគម្រោងទៅកម្សាន្តនៅខេត្តកំពត និង ខេត្តកែប ដែលធ្វើឱ្យកន្លែងស្នាក់នៅក្នុងខេត្តទាំង២នេះអាច នឹងមិនគ្រប់សម្រាប់ទទួលភ្ញៀវ។
  


បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ទោះសល់មួយសប្តាហ៍ទៀតទើបដល់ពិធីបុណ្យចូលឆ្នាំសាកល ឆ្នាំ២០២១-២០២២ តែការកក់ទៅកម្សាន្តនៅខេត្តកំពត ហាក់មានសន្ទុះខ្លាំង ។ រីសតធំៗ និងបឹងកាឡួមួយចំនួនត្រូវបានភ្ញៀវកក់ពេញហើយ ខណៈផ្ទះសំណាក់ មួយចំនួននៅសល់បន្ទប់តិចតួច។


 លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបញ្ជាក់ដូច្នេះ៖ « មួយរយៈចុងក្រោយនេះយើងទទួលបានភ្ញៀវចន្លោះពី ២ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ដូច្នេះចរន្តភ្ញៀវទេសចរជាតិសម្រាប់ថ្ងៃឆ្លងឆ្នាំនឹងមានច្រើន ប្រហាក់ប្រហែលនឹងមុនកូវីដ-១៩ដែរ ព្រោះកន្លងមកយើងមិនដែរស្ងាត់ភ្ញៀវទេ »។ បច្ចុប្បន្ន ខេត្តកំពត មានអាជីវកម្មស្នាក់នៅប្រមាណ ៣០០មូលដ្ឋាន ដែលមានបន្ទប់ទទួលភ្ញៀវប្រមាណ ៤៥០០បន្ទប់។ នេះបើតាមលោក សយ ស៊ីណុល។
 
មិនខុសពីខេត្តកំពត ខេត្តកែប ក៏មានសន្ទុះភ្ញៀវទេសចរខ្លាំងណាដែរ សម្រាប់ពិធីបុណ្យឆ្លងឆ្នាំខាងមុខនេះ។ បើតាមលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប មកទល់ពេលនេះ កន្លែងស្នាក់នៅក្នុងខេត្តកែប ៨០ភាគរយហើយត្រូវបានភ្ញៀវទេសចរកក់ទៅសម្រាក ខណៈកន្លែងស្នាក់នៅ ២០ភាគរយទៀតម្ចាស់អាជីវកម្មមិនទាន់ឱ្យភ្ញៀវកក់។
 
លោក សោម ចិន្តា បន្តថាភ្ញៀវទេសចរក្នុងថ្ងៃឆ្លងឆ្នាំ២០២១នេះ នឹងមិនស្មើនឹងការឆ្លងឆ្នាំមុនកូវីដ-១៩នោះទេ តែភ្ញៀវទេសចរប្រាកដជាច្រើនជាងឆ្នាំ២០២០ ។ លោកបញ្ជាក់ដូច្នេះ៖ « មុនពេលមានកូវីដ-១៩ រាល់ពេលឆ្លងឆ្នាំ យើងតែងមានរៀបចំកម្មវិធីសម្រាប់ឱ្យភ្ញៀវលេងកម្សាន្ត ដូចជាកីឡាលើទឹក ប្រណាំងទូកជាដើម។ សម្រាប់ឆ្នាំ ២០២១នេះ យើងមិនមានធ្វើកម្មវិធីអីទេ ប៉ុន្តែសន្ទុះភ្ញៀវហក់ខ្លាំងជាងឆ្នាំ២០២០ដែរ។  យើងរំពឹងថា ក្នុងថ្ងៃឆ្លងឆ្នាំខាងមុខភ្ញៀវអាចមានកំណើនច្រើន »។ 


 លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប

នាពេលបច្ចុប្បន្ន ខេត្តកែបមានសេវាស្នាក់នៅ ជាង១០០កន្លែង ដែលមានបន្ទប់ស្នាក់នៅប្រមាណ ១៣០០កន្លែង។ ភ្ញៀវទេសចរខ្លះជ្រើសរើសទៅសម្រាកនៅខេត្តកំពត តែក៏ទៅកម្សាន្តនៅខេត្តកែបផងដែរ។ នេះបើតាមលោក សោម ចិន្តា។
 
យ៉ាងណាមិញមន្ទីរទេសចរណ៍ទាំងពីរនេះ កំពុងពង្រឹងផលិតផលទេសចរណ៍ សេវាកម្ម សណ្ដាប់ធ្នាប់ និងជាពិសេសការអនុវត្តវិធានសុវត្ថិភាពសុខាភិបាល សម្រាប់ទទួលភ្ញៀវទេសចរថ្ងៃទី ៣១ធ្នូ និងថ្ងៃទី១ខែមករាខាងមុខ។
 
សូមជម្រាបដែរថា ក្នុងពិធីបុណ្យឆ្លងឆ្នាំ២០២០-២០២១កន្លងមក ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេសមានប្រមាណ ១លាន ២០ម៉ឺននាក់ ក្នុងនោះខេត្តកំពតទទួលបានភ្ញៀវទេសចរ ប្រមាណ១៥ម៉ឺននាក់។ ចំណែកខេត្តកែបមានទេសចរជិត ៩ម៉ឺននាក់ ៕
 



Tag:
 ThmeyThmey25
  ឆ្លងឆ្នាំ
  ខេត្តកំពត
  កែប
© រក្សាសិទ្ធិដោយ thmeythmey.com