ជាតិ
អាជ្ញាធរខេត្តបាត់ដំបង ដាំកូនឈើ និងគ្រាប់ត្នោត ជាង២ពាន់ដើម នៅតំបន់ព្រៃលិចទឹក ដែលរងការទន្ទ្រាន
25, Dec 2021 , 4:44 pm        
រូបភាព
ដោយ៖ ញ៉ែម ចាន់
 
ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបងចាប់ផ្ដើមយុទ្ធនាការ ដាំ កូនឈើ និងគ្រាប់ត្នោត ជាង២ពាន់ដើម នៅ តំបន់ព្រៃលិចទឹក ព្រំប្រទល់តំបន់បីដែលរងការទន្ទ្រានយកដីធ្វើកសិកម្ម។សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖


  
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការដាំកូនឈើឡើងវិញនេះ គឺដើម្បីចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់នៅតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប។  លោកបានបន្ថែមថា សកម្មភាពដាំកូនឈើចម្រុះនេះ និងបន្តទៅលើតំបន់ផ្សេងៗទៀត ដែលកំពុងរងការគំរាមកំហែង ដោយសារសកម្មភាពនៃការបំផ្លាញកន្លងមក។


 រូបភាពដោយរដ្ឋបាលខេត្តបាត់ដំបង 

« យើងមិនមែនដាំតែពេលនេះទេ គឺស្រុកចំនួន៤ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺមានស្រុកឯកភ្នំ ថ្មគោល សង្កែ និងស្រុកមោងឬស្សី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុកទាំង៤ និងអាជ្ញាធរស្រុក ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត»។ នេះជាការលើកឡើងរបស់ លោក សុខលូ។ 
 
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឱ្យដឹងថា យុទ្ធនាការដាំកូនឈើនេះ អាជ្ញាធរ បានដាំដើមឈើនៅចន្លោះបង្គោលព្រំប្រទល់លេខ២៨៦ដល់២៨៧ និង ២៨៦ ទៅ ២៨៥ ដែលដាំលាយគ្នាមានដូចជា កូនរាំង និងដើមរំដេញ សរុប១០៥៤ដើម និង គ្រាប់ត្នោត ១០៥៤ គ្រាប់។
 


 រូបភាពដោយរដ្ឋបាលខេត្តបាត់ដំបង 

តាមរបាយការណ៍របស់គណកម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស ឬទន្រ្ទាន ដីព្រៃលិចទឹក នៅតំបន់បីនៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក សរុបចំនួន១២២២៥.៨ហិកតា ចំនួន២៩ទីតាំង នៅស្រុកមោងឬស្សី ស្រុកសង្គែ ស្រុកឯកភ្នំ និង ស្រុកថ្មគោល ៕  
 
 
 
 
 
 
 

Tag:
 កូនឈើ
  ព្រៃលិចទឹក
© រក្សាសិទ្ធិដោយ thmeythmey.com