កីឡាជាតិ
ជាតិ
ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតប្រណាំងទូក
27, Dec 2021 , 5:00 pm        
រូបភាព
រូប ម៉ៅ ធនិន ក្នុងការប្រណាំងទូក ខេត្តកំពត , រូបពី Camsoc
រូប ម៉ៅ ធនិន ក្នុងការប្រណាំងទូក ខេត្តកំពត , រូបពី Camsoc
ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ ទូកកានូ-កាយ៉ាក  និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» លើកទី៨ ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនូវថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០២១ នៅមាត់ព្រែក កំពត ក្រុងកំពត និងខេត្តកំពត បានបញ្ចាប់ហើយ ក្រោមវត្តមាន លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ។ សមាគមកីឡាទូកក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ ក្នុងការប្រកួតនេះ។



សម្រាប់ការប្រកួតនេះ សមាគមកីឡាទូកក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស ក្នុងវិញ្ញាសា ទូកកានូ C2-500m ផ្នែកបុរស  ដោយ ហ៊ន លីដា និង សំ បូរ៉ាវី ។ កីឡាករ លី តហៀត ឈ្នះមេដាយមាស លើវិញ្ញាសា ទូកកាយ៉ាក់ K1-500m ផ្នែកបុរស ខណៈ កីឡាការិនី ម៉ីន សម្រស់ ជើងឯកមេដាយមាស លើវិញ្ញាសា ទូករ៉ូអ៊ីង 500m ផ្នែកនារី ។ សមាគមក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស វិញ្ញាសាទូកប្រពៃណៃខ្នាតអន្ដរជាតិ ចម្ងាយ​១០០០ ម៉ែត្រ ចំណុះ១២នាក់ ផ្នែកបុរស ។
 
ដោយឡែកក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស២ ដោយកីឡាករ សាន មករា និង ហ៊ល ដាលិ ឈ្នះមេដាយមាស ក្នុងវិញ្ញាសា ទូកកាយ៉ាក់ C2-200m ផ្នែកបុរស និង កីឡាករ លី ម៉ូស្លីម ឈ្នះជើងឯក មេដាយមាស ក្នុងវិញ្ញាសា ទូកកានូ C1-500m ផ្នែកបុរស ។
 
ក្នុងវិញ្ញាសាទូកកានូនារី C1-200m កីឡាការិនីអង្គភាពកីឡានគរបាលជាតិ សាន បុប្ផា  ឈ្នះមេដាយមាស១​ និងកីឡាករ អ៊ុក ម៉ាធែល និង វ៉ាន់ថា សកុណណ្ញ ឈ្នះជើងឯកក្នុងវិញ្ញាសា ទូករ៉ូ អ៊ីង 1000m ក្រុមបុរស 2X ។ 
 
ដោយឡែក សមាគមកីឡាទូកបញ្ជាការដ្ឋានកងទ័ពជើងទឹក ទទួលបានមេដាយមាស១ ក្នុងវិញ្ញាសា ទូករ៉ូ អ៊ីង 1000m បុរស 1X និងសមាគមកីឡាទូកខេត្តកណ្តាល ឈ្នះមេដាយមាស១ ក្នុងវិញ្ញាសាទូកប្រពៃណីខ្នាតអន្ដរជាតិ ចម្ងាយ 500 m ចំណុះ ១២នាក់ផ្នែកនារី ។ 
 
ការប្រកួតនេះ មានអ្នកចូលរួម ពីប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី សរុបទាំងអស់ចំនួន ២៨០ នាក់ និង១៤សមាគម ។ ក្នុងនោះមានកីឡាការិនី សរុប ៤៨រូប ៕

Tag:
 ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com