ជាតិ
កន្លែងស្នាក់នៅក្នុងខេត្តមណ្ឌលគីរី ត្រូវបានកក់ពេញ ស្ទើរតែ១០០ភាគរយហើយ សម្រាប់ថ្ងៃឆ្លងឆ្នាំ
28, Dec 2021 , 7:59 am        
រូបភាព
រូបភាពផ្ដល់ឱ្យដោយ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
រូបភាពផ្ដល់ឱ្យដោយ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
ដោយ៖ ហេង ស្រីលីន
 
ភ្ញៀវទេសចរសម្រុកទៅលេង ខេត្តមណ្ឌលគីរី នៅក្នុងថ្ងៃឈប់សម្រាក ឆ្លងឆ្នាំខាងមុខនេះ។  ទោះសល់១សប្ដាហ៍ទៀត តែកន្លែងស្នាក់នៅខេត្តមណ្ឌលគីរី ត្រូវបានភ្ញៀវទេសចរកក់សម្រាប់ស្នាក់នៅពេញហើយ។

 
ខេត្តមណ្ឌលគិរីនៅតែជាទិសដៅទេសចរណ៍ពេញនិយម រាល់ឱកាសបុណ្យទាននានា។ ភ្ញៀវទេសចរភាគច្រើននិយម ទៅកម្សាន្តនៅក្រុងសែនមនោរម្យ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ និងតំបន់ទេសចរណ៍ធម្មជាតិដទៃទៀត។ លោក ងិន សុវិមានbប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី បានប្រាប់សារព័ត៌មានថ្មីៗ២៥ សម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខនេះ ភ្ញៀវទេសចរក៏សម្រុកទៅកម្សាន្តនៅខេត្តមណ្ឌលគិរីដូចរាល់ឆ្នាំផងដែរ។ ភ្ញៀវទេសចរ ដែលមានបំណងទៅលេងខេត្តមណ្ឌលគិរី ក៏អាចបោះតង់សម្រាកតាមរីសត និងតំបន់ធម្មជាតិផ្សេងៗដែរ។ 


 រូបភាព ពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី
 
លោកបញ្ជាក់ដូច្នេះ៖ «សម្រាប់ឆ្លងឆ្នាំខាងមុខនេះ បើតាមខ្ញុំដឹង ពួកគាត់(ភ្ញៀវ) ចាប់ផ្តើមកក់ទុកតាំងពី ខែ១០ មក  បើគិតមកទល់ពេលនេះពេញ ស្ទើរតែ១០០ភាគរយ ទៅហើយ ។ ភ្ញៀវខ្លះរកកន្លែងស្នាក់នៅមិនបានផង »។
 
បច្ចុប្បន្នខេត្តមណ្ឌលគិរី មានកន្លែងស្នាក់នៅសម្រាប់ទទួលភ្ញៀវទេសចរប្រមាណ ១ ៥០០បន្ទប់។ ស្របតាមកំណើនភ្ញៀវទេសចរនេះដែរ អាជីវករក៏កំពុងសាងសង់កន្លែងស្នាក់នៅបន្ថែមទៀត នៅក្នុងខេត្ត និងតាមគោលដៅទេសចរណ៍នីមួយៗ។
 
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី កំពុងរៀបចំសណ្ដាប់ធ្នាប់ក្នុងខេត្ត ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេវាកម្មបន្ថែម នៅតាមគោលដៅទេសចរណ៍ពេញនិយមទាំងអស់ ក្រោយអាក់ខានទទួលភ្ញៀវទេសចរ ដោយសារជំងឺកូវីដ-១៩ ។

 រូបភាព ពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី
 
មន្ទីរទេសចរណ៍ នឹងរៀបចំកម្មវិធីសម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខនេះដូចជា ការបាញ់កាំជ្រួច និងការបញ្ចាំងរូបភាព និងវីដេអូ អំពីសក្តានុពលខេត្តនៅតាមទីប្រជុំជន ដើម្បីឱ្យខេត្តមួយនេះ ក្លាយជាគោលដៅពិសេសមួយ ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀត។ សូមជម្រាបដែរថា ក្នុងពិធីបុណ្យឆ្លងឆ្នាំ២០២០-២០២១កន្លងមក ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេសមានប្រមាណ ១លាន ២០ម៉ឺននាក់។​ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់៕ 

Tag:
 ThmeyThmey25
  ខេត្តមណ្ឌលគីរី
© រក្សាសិទ្ធិដោយ thmeythmey.com