ជាតិ
​​​ន​យោ​បាយ​ជាតិ​
គុណភាពសញ្ញាបត្រ! លោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់ម្តងទៀត
28, Dec 2021 , 9:38 am        
រូបភាព
លោក សម រង្ស៊ី (ឆ្វេង) និង​លោក ហ៊ុន ម៉ាណែត។ រូបថត AFP
លោក សម រង្ស៊ី (ឆ្វេង) និង​លោក ហ៊ុន ម៉ាណែត។ រូបថត AFP
តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ? នេះជាសារក្នុងសំណេរដ៏វែងមួយរបស់លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា តបតទៅនឹងអតីតប្រធានគណបក្សប្រឆាំង ដែលរិះគន់ពីគុណភាពសញ្ញាបត្រដែលលោកទទួលបានពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស។



តាមរយៈសាររបស់ខ្លួននាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ នេះ លោក ហ៊ុន ម៉ាណែត បានភ្ជាប់ឃ្លីបវីដេអូមួយ ដែលលោក សម រង្ស៊ី និយាយនៅក្រុងឡុងប៊ិច នាឆ្នាំ២០១៩ ថា សញ្ញាបត្រពីសាលាបណ្ឌិតសភាយោធា (West Point) របស់លោក ជាសញ្ញាបត្រកម្រិតក្រោមស្តង់ដាសម្រាប់ជនបរទេស។

នាពេលនោះ លោក ហ៊ុន ម៉ាណែត បានទាមទារអោយលោក សម រង្ស៊ី  បង្ហាញភស្តុតាង។ លោកបានកត់សម្គាល់ថា៖ «អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាបត្រ "ប្រភេទ២" ឬ "សញ្ញាបត្រយោគយល់" ដដែលៗ»។

ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ី សេរី កាលពីថ្ងៃទី២៥ ខែធ្នូ លោក សម រង្ស៊ី ថា ទន្ទឹមនឹងសញ្ញាបត្រក្លែងក្លាយ គេមានសញ្ញាបត្រមួយទៀត គឺសញ្ញាបត្រយោគយល់ ដោយឪពុកធ្វើជាមន្ត្រីជាន់ខ្ពស់ រហូតដល់នាយករដ្ឋមន្ត្រី ទៅរៀននៅសាលាគេ គេយោគយល់គេឲ្យជាប់ ប៉ុន្តែគេអត់ឲ្យធ្វើការនៅស្រុកគេទេ។

«ជាសញ្ញាបត្រដែលគេផ្តល់ឲ្យកូនចៅអ្នកធំនានា ដើម្បីមានទំនាក់ទំនងល្អ។ វាជាសញ្ញាបត្រសម្រាប់ជនបរទេសកម្រិតទីពីរ»។ លោក សម រង្ស៊ី បានរិះគន់យ៉ាងដូច្នេះ។

តំណាងឲ្យនិស្សិតខ្មែរដែលរៀននៅក្រៅប្រទេស លោក ហ៊ុន ម៉ាណែត បានបបួលលោក សម រង្ស៊ី ភ្នាល់គ្នាម្តងទៀត ទាក់ទងនឹងស្តង់ដាសញ្ញាបត្រ បណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។
 
លោកបានភ្នាល់យ៉ាងដូច្នេះថា៖ «បើសិនជាលោក សម រង្ស៊ី អាចឲ្យសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាបត្រដែលសាលាទាំងនោះផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោកសម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ»។

ករណីមានការឯកភាពគ្នា លោក ហ៊ុន ម៉ាណែត ចង់ឲ្យមានការរៀបក្រុមចម្រុះមួយ ដែលមានភាគីទាំងសងខាង ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលលោកធ្លាប់រៀន។ «ខ្ញុំសង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង»។ លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ។

នៅថ្ងៃដដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះបន្តសាររបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់ខ្លួនដោយសរសេរថា៖ «ល្អម្យ៉ាងដែរប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របី
ចាស់។ បើខឹងកុំលេងបើលេងកុំខឹង sic!»៕



© រក្សាសិទ្ធិដោយ thmeythmey.com