អន្តរជាតិ
ទីក្រុងទាំង១០ដែលមានមនុស្សរស់នៅច្រើនជាងគេលើពិភពលោក
09, Apr 2022 , 12:41 pm        
រូបភាព
ដោយ:
បច្ចុប្បន្ន ប្រជាជនប្រមាណ៥៥ភាគរយ ដែលស្មើនឹង៤,២ពាន់ លាននាក់នៃប្រជាជនសរុបក្នុងពិភពលោករស់នៅទីក្រុងដើម្បីស្វែងរកឱកាសការងារដ៏ច្រើន  និងរបៀបរបបជីវិតរស់នៅឱ្យប្រសើរជាងមុន។ បើតាមអង្គការសហប្រជាជាតិ (UN) ទីក្រុងដែលមានមនុស្សរស់នៅច្រើនជាង១០លាននាក់ត្រូវបានចាត់ទុកថាជាទីក្រុងធំ (Megacity)។ទីក្រុងតូក្យូ ជាទីក្រុងមានមនុស្សរស់នៅច្រើនជាងគេ។

  
ជាច្រើនទស្សវត្សរ៍ជាប់ៗគ្នាកន្លងមកនេះ ទីក្រុងតូក្យូតែងតែមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោកដែលនៅឆ្នាំ ២០២១នឹងកើនឡើងដល់ប្រមាណ៣៧លាននាក់។ យ៉ាងណាមិញ ចំនួនតួលេខនៃប្រជាជនរស់នៅទីក្រុងដ៏មមាញឹករបស់ជប៉ុននៅឆ្នាំ២០២១ នេះនឹងថយចុះ០,១៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។
 
ទីក្រុងញូវដែលីមានប្រជាជនរស់នៅច្រើនជាងគេទី២ លើពិភពលោកនៅឆ្នាំ២០២១ ដែលមានចំនួនសរុបប្រហែល ៣១លាននាក់។ នៅឆ្នាំ ២០២១ ប្រជាជនរស់នៅទីក្រុងញូវដែលីដែលជារដ្ឋធានីរបស់ឥណ្ឌានឹងកើនឡើង ២,៩៤ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។
 
ចំណាត់ថ្នាក់ទី៣ គឺទីក្រុងសៀងហៃដែលជាទីក្រុងដ៏ធំបំផុតរបស់ចិន និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។ នៅឆ្នាំ២០២១ ប្រជាជនរស់នៅទីក្រុងសៀងហៃនឹងកើនឡើងដល់ជិត២៨លាននាក់។ បើធៀបទៅនឹងឆ្នាំ២០២០ តួលេខនេះនឹងកើនប្រមាណ២,៧៣ ភាគរយ។
 
ទីក្រុងសៅប៉ូឡូដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏រស់រវើករបស់ប្រេស៊ីល ស្ថិតក្នុងចំណាត់ថ្នាក់ទី៤។ នៅឆ្នាំ២០២១ ទីក្រុងសៅប៉ូឡូនឹងមានប្រជាជនប្រហែល២២លាននាក់ កើនឡើង០,៨៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។
 
ទីក្រុងម៉ិកស៊ីកូ រដ្ឋធានីរបស់ម៉ិកស៊ិកជាទីក្រុងមានមនុស្សរស់នៅច្រើនជាងគេទី៥ លើពិភពលោកនៅឆ្នាំ២០២១។ តួលេខនៃប្រជាជនសរុបឆ្នាំ២០២១ នឹងមានចំនួនជិត២២លាននាក់ ដែលកើនឡើងប្រមាណ០,៦៣ភាគរយ ធៀបទៅនឹងឆ្នាំ២០២០។
 
លំដាប់ទី៦ គឺទីក្រុងដាក្កាដែលជារដ្ឋធានីរបស់បង់ក្លាដែស។ ប្រជាជនសរុបនៅទីក្រុងដាក្កានៅឆ្នាំ ២០២១ កើនឡើងច្រើនជាងគេក្នុងចំណោមទីក្រុងផ្សេងៗដល់ទៅ៣,៥ភាគរយ ដែលនឹងមានប្រជាជនសរុបកើនដល់ប្រមាណជាង ២១លាននាក់បើធៀបទៅនឹងឆ្នាំ ២០២០។
 
ទីក្រុងគែរ ក៏ស្ថិតក្នុងចំណោមទីក្រុងដែលមានមនុស្សរស់នៅច្រើនជាងគេដែរ ដោតឈរលេខទី៧លើពិភពលោក។ រដ្ឋធានីរបស់អេហ្ស៊ីប មានប្រជាជនរស់នៅប្រហែល ២១,៣លាននាក់នៅឆ្នាំ២០២១។ ចំនួនតួលេខនេះនឹងកើនឡើង២,០២ភាគរយ បើធៀបនឹងឆ្នាំ២០២០។
 
ទីក្រុងប៉េកាំង ដែលជារដ្ឋធានីរបស់ចិន ជាទីក្រុងទី២ របស់ចិនដែលស្ថិតក្នុងចំណោមទីក្រុងដែលមានមនុស្សរស់នៅច្រើនជាងគេទាំង១០ ដោយឈរលេខ៨ ។ បើធៀបទៅនឹងឆ្នាំ២០២០ មនុស្សរស់នៅទីក្រុងប៉េកាំងនឹងកើន២,១២ ភាគរយដែលប្រជាជនសរុបនឹងកើនដល់ប្រហែល២០លាននាក់។
 
ទីក្រុងមុមបៃរបស់ឥណ្ឌា មានប្រជាជនរស់នៅច្រើនជាងគេទី៩ក្នុងពិភពលោកនៅឆ្នាំ២០២១។ ចំនួនប្រជាជនរស់នៅទីក្រុងនេះ មានចំនួនសរុបប្រហែល២០លាននាក់ ។
 
ទីក្រុងអូសាកា គឺជាទីក្រុងទី ២ របស់ជប៉ុនដែលស្ថិតក្នុងចំណោមទីក្រុងមានមនុស្សរស់នៅច្រើនជាងគេ ដោយមានចំណាត់ថ្នាក់ទី១០លើពិភពលោក។ ប្រជាជនសរុបនៅទីក្រុងអូសាកានៅឆ្នាំ ២០២១ នឹងថយចុះ ០,២៨ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០ ដែលនៅសល់មនុស្សរស់នៅសរុបប្រហែល១៩លាននាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com