អន្តរជាតិ
ហ្វាំងឡង់ ជាប្រទេសដែលប្រជាជនមានសុភមង្គលជាងគេលើពិភពលោក
10, Apr 2022 , 11:29 pm        
រូបភាព
ដោយ:
ជំងឺកូវីដ-១៩ ផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតមនុស្សទូទាំងពិភពលោក ដោយឆក់យកជីវិតមនុស្សយ៉ាងតិច៥លាននាក់ តាំងពីការផ្ទុះឡើងដំបូងនៅចុងឆ្នាំ ២០១៩។ កូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាព និងសុខភាពផ្លូវចិត្តរបស់មនុស្សទូទាំងពិភពលោកទៀតផង។ តាមរបាយការណ៍ ហ្វាំងឡង់ ជាប្រទេសមានសុភមង្គលជាងគេលើពិភពលោកក្នុងចំណោម១០ប្រទេស។

 
ទ្វីបអឺរ៉ុប ជាតំបន់សម្បូរប្រទេសមានសុភមង្គលជាងគេ។ ក្នុងចំណោម១០ប្រទេសលើតារាង មាន៩ប្រទេសទៅហើយដែលជាប្រទេសអឺរ៉ុប។ នូវែលសេឡង់ ជាប្រទេសក្រៅអឺរ៉ុបមួយគត់ជាប់ឈ្មោះក្នុងបញ្ជីកំពូលទាំង១០ប្រទេស។
 
បើតាម World Happiness Report  ការវាយតម្លៃលើសុខុមាលភាពរបស់ប្រជាជននៅតាមប្រទេសនីមួយៗលើពិភពលោកត្រូវបានធ្វើឡើងដោយការត្រួតពិនិត្យទៅលើ៦ចំណុចផ្សេងៗគ្នារួមមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ការគាំទ្រពីសង្គម អាយុសង្ឃឹមរស់ សេរីភាពនៃជម្រើសជីវិតខ្លួនឯង ភាពសប្បុរសរបស់ប្រជាជនទូទៅ និងការយល់ឃើញអំពីកម្រិតនៃអំពើពុករលួយ។ ប្រទេសនីមួយៗត្រូវបានដាក់ពិន្ទុពី១ ទៅ១០ ពីប្រទេសគ្មានសេចក្តីសុខបំផុតទៅប្រទេសមានសេចក្តីសុខបំផុត។
 
ប្រទេសទាំង១០ដែលប្រជាជនមានសុភមង្គលឬសេចក្តីសុខជាងគេបំផុតក្នុងពិភពលោកនៅឆ្នាំ២០២០មានដូចជា៖
 
១.ហ្វាំងឡង់ទទួលបានពិន្ទុ ៧,៨៨៩
២.អ៊ីស្លង់ទទួលបានពិន្ទុ ៧,៥៧៥
៣.ដាណឺម៉ាកទទួលបានពិន្ទុ ៧,៥១៥
៤.ស្វ៊ីសទទួលបានពិន្ទុ ៧,៥០៨
៥.ហូឡង់ទទួលបានពិន្ទុ ៧,៥០៤
៦.ស៊ុយអែតទទួលបានពិន្ទុ ៧,៣១៤
៧.អាល្លឺម៉ង់ទទួលបានពិន្ទុ ៧,៣១២
៨.ន័រវេសទទួលបានពិន្ទុ ៧,២៩០
៩.នូវែលសេឡង់ទទួលបានពិន្ទុ ៧,២៥៧
១០.អូទ្រីសទទួលបានពិន្ទុ ៧,២១៣
 
គួរបញ្ជាក់ថា តាំងពីឆ្នាំ ២០១៨ ហ្វាំងឡង់៣ឆ្នាំជាប់ៗគ្នាមកនេះជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសដែលប្រជាជនមានសេចក្តីសុខបំផុតក្នុងចំណោមប្រទេសទាំងអស់ក្នុងពិភពលោក៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com