អន្តរជាតិ
កោះមានទំហំធំជាងគេបង្អស់ទាំង១០ ក្នុងពិភពលោក
10, Apr 2022 , 10:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ពិភពលោកមានកោះច្រើនខ្លាំងណាស់ រហូតអ្នកវិទ្យាសាស្ត្រមិនដឹងពីចំនួនសរុបជាក់លាក់របស់វាឡើយ។ កោះអាចកើតឡើងថ្មី និងលិចបាត់ជារៀងរាល់ថ្ងៃ ហើយកោះខ្លះមិនទាន់មានឈ្មោះទៀតផង។ កោះមានច្រើនប្រភេទ ច្រើនរូបរាង និងពិសេសគឺមានទំហំខុសគ្នា។


តាមការចុះផ្សាយលើទំព័រ WorldAtlas កោះធំជាងគេបង្អស់ចំនួន១០ ក្នុងពិភពលោករួមមាន៖
 ១. កោះហ្គ្រោអង់ឡង់ (Greenland) ជាកោះមានទំហំធំជាងគេក្នុងពិភពលោកមានផ្ទៃដី ២,១៦លានគីឡូម៉ែត្រការេ។ កោះនេះស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ឆ្លងចូលមហាសមុទ្រអាក់ទិក។ ផ្ទៃដីមួយភាគធំនៃកោះត្រូវបានគ្រប់ដណ្ដប់ដោយទឹកកក។ 
 
២. នូវែលហ្គីណេ នៅលំដាប់ទី២ មានផ្ទៃដីទំហំ៧៨៥៧៥៣ គីឡូម៉ែត្រការេ។កោះនេះស្ថិតនៅក្នុងភាគនិរតីមហាសមុទ្រប៉ាស៊ីហ្វិក។
 
៣. កោះបរនេអូ ជាកោះធំលំដាប់ទី៣ក្នុងពិភពលោក និងមានទំហំធំជាងគេនៅអាស៊ីអាគ្នេយ៍។ កោះនេះ មានទំហំផ្ទៃដីជា៧៤ម៉ឺគីឡូម៉ែត្រការេស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កោះនេះត្រូវបានចែកជា៣ផ្នែក ដែលគ្រប់គ្រងដោយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងព្រុយណេ។
 
៤. ម៉ាដាហ្កាស្កា ជាកោះលំដាប់ទី៤ មានផ្ទៃដី ៥៨៧៧១៣គីឡូម៉ែត្រការេ។ ប្រទេសកោះនេះ ស្ថិតអាហ្វ្រ៊ិកខាងកើត និងនៅក្នុងមហាសមុទ្រឥណ្ឌា។ វាជាកោះធំជាងគេនៅទ្វីបអាហ្វ្រ៊ិក និងនៅក្នុងមហាសមុទ្រឥណ្ឌាតែម្តង។
 
៥. កោះ Baffin គឺជាកោះធំជាងគេលំដាប់ទី៥ ស្ថិតនៅភាគខាងជើងកាណាដា។ កោះនេះមានផ្ទៃដី ៥០៧៤៥១គីឡូម៉ែត្រការេ។ 
 
៦. កោះស៊ូម៉ាត្រា មានផ្ទៃដី៤៤៣០៦៦គីឡូម៉ែត្រការេ ធ្វើឱ្យកោះនេះក្លាយជាកោះធំជាងគេលំដាប់ទី៦ នៅលើពិភពលោក ហើយធំជាងគេបង្អស់នៅឥណ្ឌូណេស៊ី។ កោះនេះសម្បូរសត្វព្រៃណាស់ មានទាំងខ្លា ដំរី ស្វា និងរមាសជាដើម។
 
៧. ហុងស៊ូ គឺជាកោះធំជាងគេលំដាប់ទី៧ ក្នុងពិភពលោក និងជាកោះធំជាងគេរបស់ជប៉ុន មានផ្ទៃដីសរុប ២២៥៨០០គីឡូម៉ែត្រការេ។ កោះនេះ មានភ្នំ Fuji ដែលខ្ពស់ជាងគេនៅជប៉ុន និងបឹង Biwa ដែលធំជាងគេនៅជប៉ុនដែរ។
 
៨. កោះ Victoria គឺជាកោះស្ថិតនៅភាគខាងជើងកាណាដា មានផ្ទៃដី ២១៧២៩១គីឡូម៉ែត្រការេ។ 
 
៩. កោះចក្រភពអង់គ្លេស (Great Britain) គឺជាកោះធំជាងគេលំដាប់ទី៩ របស់ពិភពលោក និងធំជាងគេបំផុតរបស់អឺរ៉ុប។ កោះនេះមានទំហំ ២០៩៣៣១គីឡូម៉ែត្រការេ ដែលគិតទាំងផ្ទៃដីរបស់រដ្ឋចំណុះ៣ទៀត គឺអង់គ្លេស (England) វេលស៍ និងស្កុតឡែន។
 
១០. កោះ Ellesmere ដែលស្ថិតនៅកាណាដា មានផ្ទៃដី ១៨៣៩៦៥គីឡូម៉ែត្រការេ។ កោះនេះសម្បូរទៅដោយជួរភ្នំជាងគេក្នុងចំណោមប្រជុំកោះអាក់ទិករបស់កាណាដា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com