ជាតិ
ក្រសួងកសិកម្មជំរុញឲ្យកសិករផលិតបន្ថែសុវត្ថិភាព កាត់បន្ថយការនាំចូល និងបំពេញតម្រូវការក្នុងស្រុក
01, Jan 2022 , 10:59 pm        
រូបភាព
ក្រសួងកសិកម្ម ជំរុញឲ្យកសិករបង្កើនការផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល និងបំពេញតម្រូវការក្នុងស្រុក។ បច្ចុប្បន្ន កង្វះខាតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គងទីផ្សារក្នុងស្រុកនៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកសាធារណៈ ឯកជន និងអ្នកផលិត។

 
នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា លោក វេង​ សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គងទីផ្សារក្នុងស្រុកនៅតែជាបញ្ហាប្រឈម ខណៈកម្ពុជាត្រូវការបន្លែសុវត្តិភាពពី២០ ទៅ៣០ភាគរយទៀត ទើបអាចបំពេញតម្រូវការទូទាំងប្រទេស។ ដូច្នេះ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងពង្រីកទីផ្សារក្រៅប្រទេស​ លោក វេង សាខុន ជំរុញឲ្យកសិករផលិតបន្លែសុវត្តិភាពបន្ថែមទៀត ពិសេសកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ 


 
លោក វេង សាខុន បន្ថែមថា កង្វះខាតបន្លែនេះ នាំឱ្យមាន​​លំហូចូលបន្លែ និងផលិតផលកសិកម្មផ្សេងៗ ពីក្រៅប្រទេស ដែលភាគច្រើនជាការនាំចូលក្រៅផ្លូវការ។រដ្ឋមន្រ្តីកសិកម្មបន្ថែមថា៖«មកដល់បច្ចុប្បន្ននេះ ខាងអគ្គនាយកដ្ឋានកសិកម្ម មិនដែលអនុញ្ញាតឲ្យមានការនាំចូលទេ។ ប៉ុន្តែ បើយើងរស់នៅភូមិផងរបងជាមួយប្រទេសជិតខាង អ៊ីចឹង ការដោះដូរទំនិញគឺតែងតែមានទៅមានមកហើយ ។ យ៉ាងណា នៅពេលដែលយើងមានផលិតផលល្អអាចជឿទុកចិត្តបាន គឺប្រជាជនរបស់យើងនឹងងាកមកទិញ ឬ​ប្រើប្រាស់ផលិតផលកម្ពុជាយើងវិញ»។ 
 
បើតាមលោក វេង សាខុន កម្ពុជាកំពុងជំរុញឲ្យមានការរៀបចំបង្កើតសួនកសិឧស្សាហកម្ម ដែលជាមជ្ឈមណ្ឌលប្រមូលទិញ និងផ្ដល់ចំណេះដឹងកសិកម្មដល់កសិករ ដែលមានកិច្ចសហការជាមួយលោក ឧកញ៉ា លី យ៉ុងផាត។ ជាងនេះទៀត ការបង្កើតសួនកសិកម្មឧស្សាកម្មនេះ នឹងជួយជំរុញការដាំដុះបន្លែ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនាពេលខាងមុខ តាមរយៈកំពង់ផែទឹកជ្រៅខេត្តកោះកុង និងព្រលានយន្តហោះថ្មី។  


 
លោក ថ្លែងដូច្នេះថា៖«យើងកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានបច្ចេកវិទ្យានៃការផលិត និងយន្តការត្រួតពិនិត្យ ដើម្បីឈានដល់ការនាំចេញ។ ទោះបីមានកូវីដ តែឆ្នាំនេះកម្ពុជាបាននាំចេញបន្លែសុវត្ថិភាពទៅកាន់ទីផ្សារអឺរ៉ុបបានប្រមាណ១០០តោន។ ហើយលោកសង្ឃឹមថា នៅពេលព្រលានយន្តហោះថ្មីសាងសង់រួចហើយ យើងនឹងនាំបន្លែរបស់យើងទៅអន្តរជាតិឱ្យគេស្គាល់កាន់តែច្រើន»។  
 
បច្ចុប្បន្ន កម្ពុជាមានសហគមន៍កសិកម្មចំនួន ១២១៧និងសមាជិកសរុប១៥៥ ៨៥៩នាក់ ក្នុងនោះសហគមន៍ចំនួន ១៥បានចុះបញ្ជី នឹងកំពុងដើរតួនាទីផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តាមរយ:ការអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ដោយប្រើប្រាស់ផ្ទះសំណាញ់ និងHydroponic។ រីឯការចុះកិច្ចសន្យាផលិតកម្មកសិកម្មរវាងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជនមានចំនួនបានកើនឡើងចំនួន ៣០៩ចម្ការ និងកសិដ្ឋាន ដែលបានអនុវត្តតាមបទដ្ឋានបច្ចេកទេសទទួលបានទិន្នផលខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាព។ 


 
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ ៣៣៨ហិកតានៅឆ្នាំ២០១៤ ដល់ ៦៩ ៨៥០ហិកតា នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី ៤១៥ ២៣៩តោន នៅឆ្នាំ២០១៤ ដល់ ៨១០ ០៦៤ តោន នៅឆ្នាំ២០២១ ដោយឡែកទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨តោនក្នុងមួយហិកតានៅឆ្នាំ២០១៤ ទៅជាង១២តោនក្នុងមួយហិកតានៅឆ្នាំ២០២១នេះ៕ 

Tag:
 ក្រសួងកសិកម្ម
  បន្ថែសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com