អន្តរជាតិ
ជំងឺឆ្លងជាសកលទាំង១០ ដែលជះឥទ្ធិពលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ
09, Apr 2022 , 5:29 pm        
រូបភាព
ក្នុងប្រវត្តិសាស្ត្រសកលលោក ជំងឺឆ្លងជាច្រើនបានកើតឡើងជាបន្តបន្ទាប់។ ជំងឺខ្លះបានរាលដាល​ក្នុងប្រទេស ឬត្រឹមក្នុងតំបន់ប៉ុណ្ណោះ ប៉ុន្តែជំងឺខ្លះទៀតបានរីកសាយក្នុងទ្រង់ទ្រាយធំ ឬទូទាំង​ពិភពលោក​តែម្តង និងមានរយៈពេលយូរទម្រាំបញ្ចប់។



តាមការចុះផ្សាយលើទំព័រធានារ៉ាប់រងសុខភាព Digit ជំងឺរាតត្បាតសកលដ៏អាក្រក់បំផុតទាំង១០ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានប៉ះពាល់អាយុជីវិតមនុស្សច្រើន​លាននាក់មានដូចជា៖
 
១. ជំងឺ Antonine Plague កើតឡើងតាំងពីឆ្នាំ ១៦៥ ដល់១៨០ ក្នុងសម័យចក្រភពរ៉ូមបុរាណ។ តាមឯកសារប្រវត្តិសាស្ត្រដែលកត់ត្រា ជំងឺនេះមិនមានអ្នកស្គាល់ថាជំងឺអ្វីច្បាស់ទេ ប៉ុន្តែវាមានរោគ​សញ្ញាគ្រុន​ក្តៅ និងឡើងកន្ទួលលើស្បែក ហើយអ្នកប្រាជ្ញបុរាណសង្ស័យថាអាចជាជំងឺអុតតូច ឬ​កញ្ជ្រឹល។ ជំងឺនេះបានឆ្លងរាលដាលទ្រង់ទ្រាយធំ និងសម្លាប់មនុស្សចន្លោះពី៥ទៅ១០លាន​នាក់។
 
២. ជំងឺប៉េស្ត បង្កដោយបាក់តេរី Yersinia pestis។ វាផ្ទុះឡើង៣ដងធំៗក្នុងឆ្នាំ៥៤១ ឆ្នាំ១៣៤៦ និងឆ្នាំ១៨៥៥ ហើយសម្លាប់មនុស្ស​សរុបអស់ជាង ៣០០លាននាក់។ ជំងឺនេះចម្លងដោយពពួកចៃ​ដែលផ្ទុកបាក់តេរីខាំថនិក​សត្វ ហើយឆ្លងដល់មនុស្សនៅពេលមនុស្សបរិភោគសាច់សត្វទាំងនោះ។
 
៣. ជំងឺអាសន្នរោគ បង្កដោយបាក់តេរី Vibrio។ វាផ្ទុះឡើងចំនួន៧ដងនៅទូទាំងពិភពលោក និងបន្តដល់បច្ចុប្បន្ននៅតំបន់ខ្លះដែលគ្មានអនាម័យ។ ជំងឺនេះឆ្លងតាមចំណីអាហារ និងទឹកកខ្វក់​ដែលមានលាមកអ្នកផ្ទុកបាក់តេរី។ 
 
៤. ជំងឺផ្ដាសាយធំ បង្កដោយវីរុសច្រើនប្រភេទ ហើយអាចឆ្លងតាមរយៈមនុស្ស និងសត្វ។ ជំងឺ​ផ្ដាសាយដែលមានប្រភពពីសត្វដូចជាផ្ដាសាយជ្រូក ឬបក្សីបង្កផលវិបាកធ្ងន់ធ្ងរខ្លាំង។ ជំងឺ​ផ្ដាសាយដែលឆ្លងរាលដាលខ្លាំងរហូតចាត់ទុកជាជំងឺរាតត្បាតមានចំនួន៦លើក បង្កដោយវីរុស៤​ប្រភេទផ្សេងគ្នាគឺ H3N8 H2N2 H1N1 H3N2។ ជំងឺផ្ដាសាយដែលបង្កដោយវីរុស H1N1 ក្នុងឆ្នាំ​១៩១៨ បានឆ្លងរាលដាលខ្លាំងជាងគេ ដែលសម្លាប់មនុស្សអស់ជិត១០០លាននាក់។ 
 
៥. ជំងឺអេដស៍ ត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩៨១ និងឆ្លងតាមការរួមភេទជាមួយអ្នកផ្ទុកមេរោគ ឬឆ្លងតាមឈាម។ ជំងឺអេដស៍បានបំផ្លាញជីវិតមនុស្សអស់ជាង៣៧លាននាក់ និងមានអ្នកឆ្លងជិត​១០០លាននាក់គិតត្រឹមឆ្នាំ២០២០។ មកដល់បច្ចុប្បន្ននេះ វាមិនទាន់មាន​ថ្នាំព្យាបាលឡើយ។
 
៦.  ជំងឺ SARS ជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបង្កដោយកូរ៉ូណាវីរុស (SARS-CoV)។ វាបានផ្ទុះ​ឡើងដំបូងនៅចិន ក្នុងឆ្នាំ ២០០២ ហើយរីករាលដាលទៅ៣០ប្រទេសផ្សេងទៀតជុំវិញពិភព​លោក។ ជំងឺ SARS យាយីអស់រយៈពេល២ឆ្នាំ ទម្រាំថមថយការឆ្លង។
 
៧. ជំងឺ MERS ជាជំងឺផ្លូវដង្ហើមដែលបង្កដោយកូរ៉ូណាវីរុស (MERS-CoV) រកឃើញដំបូងនៅ​មជ្ឈិម​បូព៌ាក្នុងឆ្នាំ ២០១២។ វីរុសបង្ក​ជំងឺនេះត្រូវបានអ្នកជំនាញជឿថាកើតចេញពីសត្វប្រចៀវ និងសត្វ​អូដ្ឋ។ មនុស្សនឹងឆ្លងនៅពេលប៉ះ​ពាល់សត្វទាំងនោះ ហើយឆ្លងបន្តមកមនុស្សគ្នាឯង។ 
 
៨. ជំងឺអេបូឡា បង្កឡើងដោយវីរុសនិងរកឃើញដំបូងតាំងពីឆ្នាំ ៩៧៦ នៅស៊ូដង់ និងនៅ​សាធារណ​រដ្ឋប្រជាធិបតេយ្យកុងហ្គោ ជិតទន្លេអេបូឡា។ ចាប់ពីពេលនោះមក វាបានឆ្លងរាលដាល​ខ្លាំងដល់អនុ​តំបន់សាហារ៉ា និងអាហ្រ្វ៊ិកខាងលិចថែមទៀត។
 
៩. ជំងឺ Zika ឆ្លងតាមវីរុសដែលមានមូសជាភ្នាក់ងារចម្លង។ ជំងឺនេះឆ្លងដោយសារមូសខាំ ការរួម​ភេទ និងការប៉ះពាល់ឈាមនឹងឈាម ពិសេសពីម្ដាយទៅកូនក្នុងផ្ទៃ។ ជំងឺនេះរកឃើញដំបូងតាំងពី​ឆ្នាំ១៩៤៧ តែក្រោយមកផ្ទុះរាលដាលខ្លាំងនៅឆ្នាំ២០១៥ នៅប្រេស៊ីល ឆ្លងទៅដល់ អាម៉េរិកខាង​ត្បូង និងខាងជើង រួមទាំងកោះមួយចំនួននៅប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ផងដែរ។ 
 
១០. ជំងឺកូវីដ-១៩ ជាជំងឺ​ផ្លូវ​ដង្ហើម​ដែល​បង្ក​ឡើង​ដោយ​​កូរ៉ូណាវីរុស (SARS-CoV-2)។ វាត្រូវបាន​រកឃើញដំបូងនៅទីក្រុង Wuhan របស់ចិន ក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមក​វាបានរីករាលដាលជុំវិញពិភពលោក ក្លាយជាជំងឺរាតត្បាតដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ វាបានសម្លាប់មនុស្សជាង៥លាននាក់ និងមានអ្នកឆ្លងសរុបជាង២៧៥លាននាក់មកហើយគិតត្រឹម​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១៕ 

© រក្សាសិទ្ធិដោយ thmeythmey.com