កីឡាជាតិ
ជាតិ
តើការនាំយកកីឡាករបរទេសមកលេងក្នុងលីគ ពិតជាជួយវិស័យបាល់ទាត់មែនទេ ?
02, Jan 2022 , 3:59 pm        
រូបភាព
ជំនួបវិសាខា និងភ្នំពេញក្រោន
ជំនួបវិសាខា និងភ្នំពេញក្រោន
មិនខុសពីលីគដទៃទៀត លីគនៅកម្ពុជា ក៏មានការដោះដូរកីឡាករដែរ ជាពិសេសនាំយកកីឡាករបរទេស មកចូលរួមជាមួយក្លិប។ តើការនាំយកកីឡាករបរទេសច្រើន មកលេងក្នុងក្លិប ជួយដល់វិស័យបាល់ទាត់កម្ពុជាទេ ?


ការដោះដូរ (Transfer Window) ឬនាំយកកីឡាករបរទេស មកលេងក្នុងលីគ គឺចៀសមិនផុតនោះទេ ព្រោះជាការលើកស្ទួយ និងលើកកម្ពស់វិស័យកីឡានៅលើពិភពលោក។ សម្រាប់នៅលីគកម្ពុជា ក៏មានដែរ។ លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា បាននិយាយថា ការនាំយកកីឡាករបរទេសមកលេងក្នុងស្រុក គឺវាជួយឱ្យមានការប្រកួតប្រជែងគ្នាខ្លាំង លើសមត្ថភាពកីឡាករ ជាពិសេសបទពិសោធន៍។
 
ថ្លែងប្រាប់សារពត៌មាន Thmey Thmey អតីតវីរៈបុរសបាល់ទាត់កម្ពុជារូបនេះ បាននិយាយថា «គ្មានការរីកចម្រើន ចំពោះការប្រកួតប្រជែងទេ ក្នុងការប្រកួតជាមួយកីឡាករដែលមានសមត្ថភាពទាបជាង ឬប្រហាក់ប្រហែលខ្លួន ។ ការនាំយកកីឡាករបរទេស ក្នុងន័យដើម្បីឲ្យកីឡាករកម្ពុជា មានឱកាសប្រកួត និងស្រង់យកបច្ចេកទេសថ្មីៗ ពោល គឺជួយពង្រឹងនូវគុណភាព និងសមត្ថភាពកីឡាករកម្ពុជា »។ 
 
តែយ៉ាងណាលោក សុចិត្រា បានសង្កត់ធ្ងន់ថា បើសិនជាកីឡាករបរទេស ដែលត្រូវបាននាំមកនោះ ខ្វះសមត្ថភាព និងបច្ចេកទេស គឺវាមិនមានលទ្ធផលល្អឡើយ ។  បច្ចុប្បន្នក្លិបវិសាខា មានកីឡាករបរទេស ៧រូប ។ 
 
សម្រាប់ក្លិបភ្នំពេញក្រោន ក៏មានកីឡាករបរទេសច្រើនដែរ។ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្លិបភ្នំពេញ បានបញ្ជាក់ថា វត្តមានកីឡាករបរទេស វាជំរុញឱ្យកីឡាករក្នុងស្រុក ខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រជែងកៅអី១១នាក់ សម្រាប់ការបង្ហាញខ្លួនលើទីលាន។
 
លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន ដែលក្លិបម្ចាស់ជើងឯកឆ្នាំ២០២១បានប្រាប់ថា «វត្តមានរបស់កីឡាករបរទេស ធ្វើឲ្យ កីឡាករកម្ពុជា មានការប្រកួតប្រជែង ខណៈ លេងជាមួយកីឡាករកម្ពុជាដូចគ្នា មិនមានសម្ពាធច្រើន ដូចដែលលេងជាមួយបរទេសនោះទេ ដូចជាការលេងពានសម្ដេច ដែលមានតែកីឡាករកម្ពុជា​ មិនមានកីឡាករបរទេសចូលរួម» ។ 
 
អ្នកចាត់ការរូបនេះ មើលឃើញថា បាល់ទាត់កម្ពុជា មានការវិវឌ្ឍទៅមុខ តាមរយៈ ការប្រកួតលើឆាកអន្ដរជាតិ AFF Suzuki Cup 2020 និងការប្រកួតនានា ។ កម្ពុជា បានដាក់សម្ពាធយ៉ាងខ្លាំងលើការប្រកួតនោះ បើទោះជាមិនទទួលបានជ័យជម្នះក្តី ។ 
 
ក្រៅពីកីឡាបរទេសនេះ ក៏មានការចុះកុងត្រាក្នុងការនាំយក គ្រូបង្វឹកបរទេសឲ្យដឹកនាំផងដែរ ទាំងកម្រិតក្លិប និងជម្រើសជាតិ ។ បើតាមលោក កែវ សុខង៉ន គ្រូបង្វឹកបរទេស ក៏ជាផ្នែកមួយក្នុងការផ្លាស់ប្ដូរវិស័យបាល់ទាត់កម្ពុជា ឲ្យឈានទៅមុខផងដែរ ។ ប៉ុន្ដែមិនមានភាពផ្សេងគ្នាខ្លាំងទេ រវាងគ្រូកម្ពុជា និងគ្រូបរទេស ។ លោក កែវ សុខង៉ន បានបន្ថែមថា « គ្រូបរទេសមានការក្រិតក្រំ និងយុទ្ធសាស្រខ្ពស់ ដោយសារគាត់មានបទពិសោធន៍មកពីក្រៅតំបន់ តែមិនខុសគ្នាឆ្ងាយពីគ្រូកម្ពុជាប៉ុន្មានទេ» ។
 
បច្ចុប្បន្ន ក្លិបនីមួយៗរបស់កម្ពុជា មានការពង្រឹងសមត្ថភាពក្រុម សម្រាប់រដូវកាលក្រោយ ដែលកម្ពុជា និងបើកទំព័រថ្មី នៃវិស័យកីឡាបាល់ទាត់កម្ពុជា ឈ្មោះថា Cambodian Premier League ៕
 

Tag:
 កីឡាបាល់ទាត់
  Transfer Window
© រក្សាសិទ្ធិដោយ thmeythmey.com