កីឡាជាតិ
ជាតិ
វីរៈនារីប៉េតង់ អ៊ុក ស្រីមុំ ទទួលបានថវិកា៤០លានរៀលពីរដ្ឋាភិបាល
05, Jan 2022 , 6:59 pm        
រូបភាព
កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ទទួលបានថវិកា៤០លានរៀលពីរដ្ឋាភិបាល ក្រោយដណ្ដើមបានមេដាយមាសជើងឯកពិភពលោក លើវិញ្ញាសាឯកត្តជន នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ២០២១កន្លងមក។


 
សម្ដេច ហ៊ុន សែន បានផ្ដល់ទឹកប្រាក់ចំនួន ៤០លានរៀល របស់ក្រសួងអប់រំ យុវជន និងកីឡា បូករួមជាមួយថវិកាផ្ទាល់ខ្លួន សម្ដេច ១០,០០០ដុល្លារ ដល់កីឡាការិនី អ៊ុក ស្រីមុំ នាព្រឹកថ្ងៃទី៥ មករា ២០២២។ ក្រៅពីទឹកប្រាកនេះ ក៏មានការដំឡើងឋានន្ដរស័កជាឧត្តមសេនីយ៍ត្រី ដល់កីឡាការិនី អ៊ុក ស្រីមុំ ។ សម្ដេច បានបញ្ជាក់ថា ការដំឡើងឋានន្តរស័ក «មួយថ្នាក់»ទៀត ដល់កីឡាករ កីឡាការិនី ដែលបម្រើការងារក្នុងជួរមន្ត្រីរាជការនេះ ដើម្បីលើកទឹកចិត្តពួកគេ។
 
សម្ដេច បានបន្ថែមថា ការប្រកួតនៅឆាកអន្ដរជាតិ មិនមែនជាការប្រកួតផ្ទាល់ខ្លួនទេ តែគឺជាការប្រកួតតំណាងឲ្យកម្ពុជាទាំងមូល ។ «មិនមែនបញ្ហាផ្ទាល់ខ្លួនទេ ប៉ុន្តែតំណាងឲ្យជាតិទាំងមូល» ។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
ដោយឡែកលោក សុខ ម៉ុង គ្រូបង្វឹកកីឡាប៉េតង់  ក៏ទទួលបានថវិកា៤០,០០០,០០០រៀលដែរ។ ការឧបត្ថម្ភទាំងនេះ ជាផ្នែកមួយជំរុញឲ្យវិស័យកីឡាកម្ពុជាមានការវិវឌ្ឍទៅមុខ ។ 
 
កន្លងមកកីឡាករ និងកីឡាការិនី ដែលសម្រេចបានមេដាយមាសពិភពលោកនេះ នឹងទទួលបានទឹកប្រាក់១២០លានរៀល។ ប៉ុន្តែទឹកប្រាក់ទាំងនេះ ត្រូវបានកែតម្រូវមកត្រឹម៤០លានរៀលវិញ តាមរយៈការប្រកាសអន្តរក្រសួង របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ នេះបើតាមលោក វ៉ាត់ ចំរើ់ន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក វ៉ាត់ ចំរើន បានបន្ថែមថា៖«កាលពីមុននឹង យើងយកតាមប្រាក់រង្វាន់[១២០លានរៀល]មេដាយអូឡាំពិក។ មេដាយមាសអូឡាំពិក និង[មេដាយមាស]កម្រិតពិភពលោកហ្នឹង យកដូចគ្នា ១២០លានរៀល ក្រោយមកយើងបានវាយតម្លៃលក្ខណៈបច្ចេកទេស រាជរដ្ឋាភិបាល ក៏បានកែសម្រួលប្រាក់រង្វាន់ឲ្យទៅតាមកម្រិតបច្ចេកទេស ឲ្យវាដាច់ពីគ្នា គឺមេដាយមាសពិភពលោកផ្សេង និងមេដាយកម្រិតអូឡាំពិកផ្សេង »។
 
បើតាមអនុក្រឹត្យរដ្ឋាភិបាលកន្លងមក មេដាយមាសក្នុងព្រឹត្តិការអូឡាំពិក បានទឹក១២០លានរៀល មេដាយប្រាក់ បាន៨០លានរៀល និងមេដាយសំរឹទ្ធ បាន៦៤លានរៀល។ ចំណែកមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូវក្តៅ ឬរដូវរងារវិញ បានទឹកប្រាក់ ៨០លានរៀល ខណៈមេដាយប្រាក់ បាន៤០លានរៀល និងមេដាយសំរឹទ្ធ បាន២៤លានរៀល។ សម្រាប់មេដាយមាស ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បាន៤០លានរៀល , មេដាយប្រាក់បាន៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល។ ទឹកប្រាក់ទាំងនេះ សម្រាប់ជ័យលាភីឯកត្តជន និងជនពិការឯកត្តជន។
 
បន្ថែមពីនេះ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏បានចេញប្រកាសអន្ដរក្រសួង ស្ដីពីគោលការណ៍ឧបត្ថម្ភ ដល់ការប្រមូលផ្ដុំកីឡាករ និងកីឡាការិនីជម្រើសជាតិ និងការផ្ដល់ប្រាក់រង្វាន់ជ័យលាភី ក្នុងការប្រកួតក្នុងប្រទេស និងក្រៅប្រទេស ដោយបានបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែ ជា៣កម្រិត ។ កម្រិត១ គ្រូបង្វឹក បង្ហាត់កីឡាករ និងកីឡាការិនី ទទួលមេដាយស៊ីហ្គេម បាន១៧០០០០០រៀល ក្នុងមួយខែ ខណៈកីឡាករ និងកីឡាការិនី ទទួលមេដាយស៊ីហ្គេម បាន១៦០០០០០រៀល ក្នុងមួយខែ ។ កម្រិត២ គ្រូបង្វឹក បង្ហាត់កីឡាករ និងកីឡាការិនី ទទួលមេដាយស៊ីហ្គេម បាន១៥០០០០០រៀល ក្នុងមួយខែ ស្របពេលកីឡាករ និងកីឡាការិនី ទទួលមេដាយស៊ីហ្គេម បាន១៤០០០០០រៀល ក្នុងមួយខែ។ 
 
ដោយឡែកកម្រិត៣ គ្រូបង្វឹក បង្ហាត់កីឡាករ និងកីឡាការិនី ពុំទទួលបានមេដាយ ទទួលបាន១១០០០០០រៀល ក្នុងមួយខែ ហើយកីឡាករ និងកីឡាការិនី ពុំទទួលបានមេដាយ បាន ១០០០០០០រៀល ក្នុងមួយខែ ។ 
 
ក្រៅពីនេះ គ្រូបង្វឹកជម្រើសជាតិទាំងអស់ ក៏ទទួលបានរបបអាហារប្រចាំថ្ងៃ ដែលស្មើរ៤៤០០០រៀល ក្នុងមួយថ្ងៃ។ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ហ្វឹកហាត់នៅក្រៅប្រទេស ដែលទទួលបានមេដាយស៊ីហ្គេមឡើងទៅ បានទឹកប្រាក់ ២៨០០០០០រៀល ក្នុងមួយខែ ។ ចំពោះ គ្រូបង្វឹក និងកីឡាករ និងកីឡាការិនី និងអនុរ័ក្ស ដែលមិនទាន់ទទួលបានមេដាយ បានបៀវត្ស ២០០០០០០រៀល ក្នុងមួយខែ ៕

Tag:
 ប៉េតុង
  សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com