ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទោះរងការគំរាម និងការជេរប្រមាថ តែកម្ពុជា នៅតែបង្ហាញឆន្ទៈខ្ពស់ក្នុងការជួយមីយ៉ាន់ម៉ា
05, Jan 2022 , 8:59 pm        
រូបភាព
លោក ប្រាក់ សុខុន ស្ថិតក្នុងកម្មវិធីបាឋកថាអាស៊ានលើកទី២៣ ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។  រូបពីក្រសួងការបរទេស
លោក ប្រាក់ សុខុន ស្ថិតក្នុងកម្មវិធីបាឋកថាអាស៊ានលើកទី២៣ ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ រូបពីក្រសួងការបរទេស
ដោយ: ថ្មីៗ
ការគំរាមកំហែងតាមរូបភាពផ្សេងៗ បូករួមទាំងការជេរប្រមាថផង ទៅលើមេដឹកនាំកម្ពុជា មិនអាចធ្វើឲ្យមេដឹកនាំកម្ពុជា លុបគម្រោងទៅជួបមេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងមីយ៉ាន់ម៉ានោះទេ។ បំណងតែមួយគត់របស់កម្ពុជា គឺស្វែងចំណុចរួម ឬដំណោះស្រាយរួម ដែលធ្វើឲ្យគ្រប់ភាគីនៅមីយ៉ាន់ម៉ា អាចទទួលយកបានទាំងអស់គ្នា ហើយទីបំផុត ទាញមីយ៉ាន់ម៉ាឲ្យវិលមករកប្រក្រតីភាពដូចដើម។



កាលពីព្រឹកម៉ោង១០កន្លះ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានករណីបំផ្ទុះគ្រាប់បែកច្នៃនៅក្បែរស្ថានទូតកម្ពុជាក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។ ករណីបំផ្ទុះគ្រាប់បែកច្នៃ នៅជិតស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា កើតឡើង ខណៈដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា ជិតមកដល់ គឺនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ គ្មានមន្រ្តីទូតកម្ពុជា ឬអ្នកណាម្នាក់ រងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកច្នៃនោះទេ។ 
 
បន្ថែមពីនេះ ប្រជាជនមីយ៉ាន់ម៉ាមួយចំនួន ដែលប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា បានយករូបថតរបស់មេដឹកនាំកម្ពុជា ទៅជាន់ឈ្លី និងជេរប្រមាថថែមទៀត។ ពួកគេ យល់ថា ដំណើររបស់មេដឹកនាំកម្ពុជាទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺបង្ហាញពីការជួយគាំទ្ររបបយោធាមីយ៉ាន់ម៉ា។ មិនត្រឹមតែប្រជាជនមីយ៉ាន់ម៉ាទេ ប្រជាជនកម្ពុជាខ្លះ ដែលមាននិន្នាការប្រឆាំង ក៏ទិតៀនមេដឹកនាំកម្ពុជាដែរ ចំពោះគម្រោងទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា។ 
 
នៅឆ្នាំ២០២២ កម្ពុជា គឺជាប្រធានអាស៊ានប្តូរវេន។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ត្រូវតែងតាំងជាបេសកជនពិសេស (ប្រេសិតពិសេស) សម្រាប់ចរចារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។
 
លោក ប្រាក់ សុខុន លើកឡើងថា៖«យើង បានទទួលការគំរាមកំហែងជាច្រើន។ យើង បានរកឃើញគ្រាប់បែកបង្កៃពីរគ្រាប់នៅក្បែរស្ថានទូតរបស់យើងនៅទីក្រុងយ៉ាំងហ្គោន។ ថ្មីៗនេះ ក៏មានការបំផ្ទុះមួយនៅជិតស្ថានទូតរបស់យើងផងដែរ។ យើង ទទួលការគំរាមកំហែងតាមហ្វេសប៊ុក។ ប្រជាជនមួយចំនួនជេរយើង។ ប៉ុន្តែទោះយ៉ាងណា នេះ ជាកាតព្វកិច្ចរបស់ប្រធានអាស៊ាន នេះជាកាតព្វកិច្ចរបស់ប្រេសិតពិសេស»។  
 
លោក បន្តថា៖«...ចំណុចមួយដែលខ្ញុំ ចង់គូសបញ្ជាក់ គឺថា កម្ពុជា មិនស្វែងរកផលចំណេញខាងនយោបាយ សេដ្ឋកិច្ច ឬ យុទ្ធសាស្រ្តណាមួយពីអ្វីដែលយើង កំពុងធ្វើក្នុងប្រទេសមីយ៉ាន់ម៉ានោះឡើយ។ យើង គ្រាន់តែចង់ជួយ ព្រោះកម្ពុជា មានរឿងដ៏សោកសៅនៃសង្គ្រាមស៊ីវិល សោកនាដកម្ម ទុក្ខវេទនា ហើយយើង ចង់ជួយប្រជាជនមីយ៉ាន់ម៉ា ឲ្យជៀសផុតពីសោកនាដកម្មបែបនេះ»។ 
 
សម្តីរបស់លោក ប្រាក់ សុខុន ខាងលើ គឺជាការឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួលក្នុងកម្មវិធីបាឋកថាអាស៊ានលើកទី២៣ ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយវិទ្យាស្ថាន Iseas-Yosof Ishak កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ សំណួរ-ចម្លើយរវាងលោក និងអ្នកសម្របសម្រួលក្នុងកម្មវិធីបាឋកថាអាស៊ានលើកទី២៣ ត្រូវបានក្រសួងការបរទេសកម្ពុជា ស្រង់យកទៅសរសេរជាអត្ថបទ ហើយផ្សព្វផ្សាយជាសាធារណៈ។ 
 
លោកប្រមុខការទូតកម្ពុជា ថ្លែងថា កម្ពុជា នឹងធ្វើអ្វី ដែលល្អបំផុតសម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល។ លោក សង្ឃឹមថា បទពិសោធរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ នឹងអាចជួយដល់មីយ៉ាន់ម៉ាបាន។ 
 
លោក មានប្រសាសន៍ថា៖«យើង នឹងផ្តល់អ្វី ដែលយើង មានជាបទពិសោធ ជាមេរៀន ហើយប្រជាជនមីយ៉ាន់ម៉ា អាចទទួលយកអ្វី ដែលស័ក្តិសមបំផុតសម្រាប់ពួកគេ ដើម្បីស្តារភាពប្រក្រតីឡើងវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេ»។ 
 
ចំពោះប្រមុខការទូតកម្ពុជា វិបត្តិនៅមីយ៉ាន់ម៉ា គឺជាចំណោទបញ្ហាដ៏ធំ និងមានភាពស្មុគស្មាញ ដោយសារប្រវត្តិសាស្រ្តនយោបាយ វប្បធម៌នយោបាយ គួបផ្សំនឹងតួនាទីដ៏មានឥទ្ធិពលរបស់យោធា ចាប់តាំងពីប្រហែល៧០ឆ្នាំកន្លងមក។ លោក បន្ថែមថា ក្រុមជនជាតិភាគតិចនៅមីយ៉ាន់ម៉ា មានលើសពី១២០ក្រុម ហើយប្រហែល២០ក្រុម មានអាវុធ ដែលបង្កជាសង្គ្រាមស៊ីវិលដ៏យូរជាងគេមួយ ក្នុងពិភពលោក។ 
 
លោក បង្ហាញការយល់ឃើញថា៖«វិបត្តិមីយ៉ាន់ម៉ា បានជះឥទ្ធិពលអាក្រក់ដល់ស្ថិរភាពក្នុងតំបន់។ វា ផ្តល់ផលប៉ះពាល់អាក្រក់ដល់មុខមាត់អាស៊ាន ដូចជា ភាពជឿជាក់ ឯកភាព មជ្ឈភាព និង ដំណើរការកសាងសហគមន៍របស់យើង ដូច្នេះ ការជួយមីយ៉ាន់ម៉ា គឺជាការជួយអាស៊ាន និង គ្រួសាររបស់យើង»។ 
 
លោក មើលឃើញថា បើអាចត្រឡប់ទៅរកអាស៊ាន១០វិញ វា គឺជាសមិទ្ធផលដ៏ធំក្នុងការពង្រឹងអាស៊ាន ហើយអាស៊ាន មិនអាចបន្តដំណើរការត្រឹមតែ៩ប្រទេសឡើយ។ លោក រម្លឹកថា និមិត្តសញ្ញារបស់អាស៊ាន គឺ១០។ យ៉ាងណា លោក អះអាងថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងមិនត្រូវបានដោះស្រាយ ដោយការធ្វើទស្សនកិច្ចតែម្តង ពីរ បីដង ឬ ក្នុងពេលធ្វើជាប្រធានអាស៊ានប្តូរវេនមួយដងនោះទេ។ 
 
កាលពីដើមខែធ្នូ ឆ្នាំ២០២១ លោក វុនណា មួង វិន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ បន្ទាប់មក សម្តេចនាយករដ្ឋមន្រ្តី ក៏កំណត់កាលបរិច្ឆេទ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាវិញ។ 
 
សូមរម្លឹកថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងលោក  Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។
 
វា មានរយៈពេលជិតមួយឆ្នាំហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ មានប្រជាជន១៤៣៥នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៣៣៧នាក់ កំពុងជាប់ឃុំ។ 
 
មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ ក្នុងពេលខាងមុខ។ 
 
អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។
 
មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ គេ អាចនិយាយបានថា មីយ៉ាន់ម៉ា បានវិលទៅរករបបយោធាសាជាថ្មី។ រយៈពេលជិតមួយឆ្នាំមកនេះ ការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា មិនទាន់ទទួលជោគជ័យនោះទេ ដោយការធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា នៅតែបន្តដដែល៕

Tag:
 កម្ពុជា-មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com