ជាតិ
ឆ្នាំ២០២១ កម្ពុជា មានផលិតផលកសិកម្ម ៣៥លានតោន
05, Jan 2022 , 9:59 pm        
រូបភាព
នៅឆ្នាំ២០២១ ផលិតផលកសិកម្មកម្ពុជា មានជាង៣៥លានតោន ដោយកើនឡើង ២៣ភាគរយ បើធៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៅថ្ងៃទី ៥ ខែមករានេះ។

 
របាយការណ៍ដដែលឱ្យដឹងថា ផលិតកម្មដំណាំកសិកម្មឆ្នាំ២០២១ កម្ពុជាសម្រេចបាន ៣៥ ៩៧៤ ១៣៨តោន កើនឡើងចំនួន ២៣ភាគរយធៀបនឹងឆ្នាំ២០២០ ដែលមានត្រឹមតែ ២៨ ៥៨៩ ៤៩៣តោន។ ក្នុងនោះ ដំណាំស្រូវមានចំនួន ១២ ២០៦ ៩១១តោនកើនឡើងចំនួន ១១,៦៣ភាគរយ ធៀបនឹងឆ្នាំ២០២០ ដែលមានបរិមាណចំនួន ១០ ៩៣៥ ៦១៨តោន។
 
ផលិតផលសាកវប្បកម្មមានចំនួន ៤ ៦០៨ ២៣៣តោន ក្នុងនោះដំណាំបន្លែគ្រប់ប្រភេទមាន ៩០៨ ៥៩៥តោន និងដំណាំហូបផ្លែ មានចំនួន ៣ ៦៩៩ ៥៤៨ តោន ដែលមានដូចជា ចេកអំបូងលឿងចំនួន ៤៦៣ ១៤២ តោន ក្រូចពោធិ៍សាត់ ១២១ ៨៦៤តោន មៀនប៉ៃលិន ១៣១ ៤៩៨តោន និងដំណាំហូបផ្លែផ្សេងទៀតចំនួន ៥៤៣ ៤២៤តោន។


 
ចំណែក ផលិតផលឧស្សាហកម្មមានចំនួន១៩ ១៥៨ ៩៩៥ តោន។  ក្នុងនោះ ដំឡូងមីមានចំនួន ១៤ ៧២៨ ៥២០តោន។  ដំណាំពោតក្រហម មានចំនួន ៦៩៩ ០៧៥តោន។ ដំណាំអំពៅ មានចំនួន ២ ៤២១ ៩៦៥តោន។ គ្រាប់ស្វាយចន្ទី មានចំនួន ៤៧២ ៦៣៦តោន។  ដូង មានចំនួន ១៩០ ៩២៤ តោន និងដំណាំឧស្សាហកម្មផ្សេងទៀត មានចំនួន ៦៤៥ ៨៧៥ តោន។
 
បើតាមការប៉ាន់ស្មានរបស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំកសិកម្មទាំងនេះមានប្រមាណ ១០ ៥៦៧លានដុល្លារ ដោយ​កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥ភាគរយ។ ក្នុងនោះ តម្លៃទទួលបានពីការនាំចេញកសិផលមានវិញ្ញាបនបត្រ មានចំនួន ៣ ៩៥៨ លានដុល្លារ ដោយកើនលើសឆ្នាំ២០២០ចំនួន ១០៥,៤៣ភាគរយ។ តម្លៃទទួលបានពីការនាំចេញកសិផលគ្មានវិញ្ញាបនបត្រ មានចំនួន ៩៥៩ លានដុល្លារថយចុះចំនួន ៣៦,២៩ភាគរយ ធៀបឆ្នាំ២០២០។ តម្លៃទទួលបានពីកសិផលដែលសល់សម្រាប់ប្រើប្រាស់ក្នុងស្រុកចំនួន ៥ ៦៤៨ លានដុល្លារកើនលើសឆ្នាំ២០២០ចំនួន ២៥,៤៥ភាគរយ៕

Tag:
 ផលកសិកម្ម
  អគ្គនាយកដ្ឋានកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com