ជាតិ
សេវាគាំពារ​សង្គម​សម្រាប់មនុស្ស​វ័យចាស់នៅ​កម្ពុជា មិនទាន់ទូលំទូលាយ​
06, Jan 2022 , 8:59 am        
រូបភាព
ការចុះសាកសួររបស់អង្គការមនុស្សចាស់កម្ពុជា(HAC) ជាមួយមនុស្សចាស់។ រូបពី HAC
ការចុះសាកសួររបស់អង្គការមនុស្សចាស់កម្ពុជា(HAC) ជាមួយមនុស្សចាស់។ រូបពី HAC
ភ្នំពេញ៖ មនុស្ស​ចាស់ជរាជួបបញ្ហា សេវាសុខភាព បញ្ហាផ្លូវចិត្ត និងបញ្ហាប្រាក់ចំណូល ពិសេសក្នុង​បរិបទកូវីដ-១៩ កន្លងមក​។ ទោះបីជារដ្ឋាភិបាល​មាន​គោលនយោបាយផ្សេងៗ លើ​ការលើក​កម្ពស់​សុខុមាលភាព​របស់មនុស្ស​វ័យ​ចាស់​ក៏ដោយ ប៉ុន្តែ​សេវាគាំពារសង្គម មិនទូលំទូលាយឡើយ។ មន្ត្រីអង្គការ​សង្គម​ស៊ីវិល​មើល​ឃើញថា ​មាន​តែអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនប៉ុណ្ណោះ ដែលទទួលបាន​ប្រាក់​សោធននិវត្ត ដោយ​​ក្រុមមនុស្សចាស់ចំនួនតិចតួចនៅឡើយ ដែល​ទទួលបាន​ជំនួយតាមរយៈកម្មវិធីជំនួយសង្គមដែលផ្ដោតលើជនក្រីក្រ និងជន​ងាយរងគ្រោះ។

 
ទោះវ័យ​ឈាន​ដល់​ពី​៦០ទៅ​ជាង​៨០​ឆ្នាំក៏ដោយ ក៏នៅ​តែមាន​តួនាទី​រក​ចំណូល
 
មិនមែន​មនុស្ស​គ្រប់រូប សុទ្ធតែនឿយមុន​ស្រណុក​ក្រោយនោះឡើយ។ មនុស្សចាស់ ពិសេស ស្រី្តចំណាស់​មួយចំនួន​នៅ​ដើរតួនាទីយ៉ាងសំខាន់ក្នុង​ការ​រកចំណូល​ចិញ្ចឹម​គ្រួសារ​ បើ​ទោះបីជាឈានដល់វ័យពី៦០ទៅជាង​៨០ឆ្នាំ ក៏ដោយ។ 


 អ្នកស្រី ឈន់ ង៉ែត អាយុ៦២ឆ្នាំ ជាអ្នកដាំបន្លែលក់ ហើយមើលថែកូនចៅៗ៤នាក់។ រូបពី HAC
 
វ័យ​៦២​ឆ្នាំ អ្នកស្រី ឈន់ ង៉ែត រស់នៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រ៉ាប់រង​មើលថែទាំចៅរហូត​ដល់​៤នាក់ ក្នុងនោះ​២នាក់ មានឪពុកម្តាយ​រស់នៅភ្នំពេញ និង​២នាក់ទៀត រស់នៅ​ក្នុងភូមិជាមួយគ្នា។
 
ស្រី្តរូបនេះ រកចំណូលបានពីការដាំបន្លែ​លក់ និងប្រាក់ដែលកូនផ្ញើឲ្យ។ នាអំឡុងពេលកូវីដ-១៩ ប្រាក់ដែលកូនធ្លាប់តែផ្ញើ៤០០ដុល្លារក្នុងមួយខែ គឺធ្លាក់ត្រឹមតែ២០០ដុល្លារ ហើយបន្លែដែលដាំលក់ក៏ចុះថោក។ 
 
មិនត្រឹមតែបារម្ភពីបញ្ហាហិរញ្ញវត្ថុនោះទេ អ្នកស្រីក៏ភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងមូលដ្ឋានដែរ ដោយតែការរីករាលដាលកូវីដ-១៩។ អ្នក​ស្រី ង៉ែត បាន​រៀបរាប់​ថា៖ «ខ្ញុំចាស់ហើយ តែ​ត្រូវមើលថែទាំ​ចៅ៤នាក់…ខ្ញុំគ្មាន​ពេលគ្រប់គ្រាន់សម្រាកផ្ទាល់ខ្លួនឡើយ ហើយដើរ​លក់បន្លែដើម្បីផ្គត់ផ្គង់គ្រួសារទៀត»។ 
 
យោង​តាម​របាយការណ៍ស្រាវជ្រាវរបស់អង្គការមនុស្សចាស់កម្ពុជា (HAC) មនុស្សចាស់៦៧ភាគរយ មានបញ្ហាទំនាក់ទំនងនាអំឡុងពេលរីករាលដាលកូវីដ-១៩។ បញ្ហាទាំងនោះរួមមាន ទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេស​ពួក​គាត់​មិនអាចទៅវត្តអារាម និងពិធីបុណ្យនានា។ 


 លោកតា សាង សាត វ័យ៨៤ឆ្នាំ ជាអ្នកដាំស្លឹកគ្រៃលក់។ រូបពី HAC
 
លោកតា សាង សាត នៅភូមជំការឡាហុង ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ពោលថា វ័យកាន់តែចាស់ សុខភាពលោកកាន់តែខ្សោយ គឺឈឺខ្នង និងសន្លាក់ឆ្អឹងជើង ស្ទើររាល់ថ្ងៃ។ ស្ថិតក្នុងវ័យ៨៤ឆ្នាំ​ លោកតា​បានត្រឹមដាំស្លឹកគ្រៃក្បែរផ្ទះលក់ប៉ុណ្ណោះ ដោយ​ក្នុងមួយខែគាត់ប្រមូលផលស្លឹកគ្រៃ៥ដង ហើយរាល់ពេលប្រមូលផលគឺលក់បានប្រមាណ២ម៉ឺនរៀល។ 
 
បុរសវ័យចំណាស់រូបនេះ ក៏មានជំនាញជាអាចារ្យដែរ ដែលអាចមាន​ចំណូលបន្ថែម​ម្ដងកាលបានប្រមាណ៣ម៉ឺនរៀល។ ក្រៅពីនេះ លោកបានទទួល​ជំនួយខ្លះពីសមាគមនុស្សចាស់ និងការឧបត្ថម្ភសាច់ប្រាក់តាមរយៈប័ណ្ណក្រីក្រ។ 
 
«ខ្ញុំអាយុ៨៤ឆ្នាំហើយ ប៉ុន្តែនៅបន្តធ្វើការដូចសព្វដង ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ ទោះបីស្ថានភាពសុខភាពខ្ញុំយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ…គ្រួសារខ្ញុំនៅ​តែ​ពឹងផ្អែកលើខ្ញុំទាំងការសម្រេចចិត្តលើកិច្ចការផ្ទះ និងការ​ដោះស្រាយបញ្ហាផ្សេងៗ»។ នេះបើតាមការលើកឡើងរបស់លោកតា សាង សាត។
 
របាយការណ៍ HAC ដែលបានចុះសិក្សាក្នុងខេត្ត-រាជធានីចំនួនបី មានខេត្តបាត់ដំបង កំពង់ធំ និងរាជធានីភ្នំពេញ បង្ហាញ​ថា ក្នុងចំណោមក្រុមមនុស្សចាស់៦០នាក់ មានជាង៧០ភាគរយពឹងផ្អែកលើចំណូលពីសមាជិកគ្រួសារផ្ដល់ឲ្យ។ នៅអំឡុងពេលកូវីដ-១៩ ស្ថានភាពរបស់ពួកគាត់​កាន់តែពិបាក ពោលគឺមាន៥៥ភាគរយរងផលប៉ះពាល់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ 


 លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា(HAC) 
 
លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា (HAC) ថ្លែងប្រាប់ ThmeyThmey ថា ក្រុមមនុស្សចាស់ ពិបាកក្នុងការទៅទទួលសេវាពិនិត្យសុខភាព ដោយសារ​មានបញ្ហាផ្លូវចិត្តច្រើន និងធ្លាក់ចុះប្រភពចំណូល។ 
 
លោកបាន​បញ្ជាក់ថា៖ «ពួកគាត់ពិបាកក្នុងការធ្វើដំណើរទៅមកមន្ទីរពេទ្យ។ អ្វី​ដែល​គួរឲ្យកត់សម្គាល់ទៀតនោះ ពេលរីករាលដាលកូវីដ-១៩ ពួកគាត់គិតច្រើនបារម្ភឆ្លង និងពិបាកព្យាបាល ពិសេសខ្លាចឆ្លងបន្តដល់សមាជិតគ្រួសារ ហើយចំណូលភាគច្រើនដែលធ្លាប់បានពីសាច់ញាតិក៏ពុំសូវមានដូចមុន»។ 
 
យោងតាម HAC មនុស្សចាស់គ្មានប័ណ្ណក្រីក្រ និងប្រាក់សោធនិវត្តន៍ ត្រូវកាជំនួយសម្រាប់រស់នៅ ពិសេសពេលមានជំងឺ។ ក្នុង​ចំណោម​មនុស្ស​ចាស់ជាច្រើន ខ្លះខ្វះស្បៀងអាហារ ខ្លះមិនមានផ្ទះ គ្មានដី ឬរស់​នៅតាម​វត្ត។ លើសពីនេះ មនុស្សចាស់មួយចំនួនត្រូវទុកចោល ដោយសារកូនៗមិនមើលថែ។ 
 
«ចាស់ខ្លះទោះបីនៅជាមួយកូនៗមានជីវភាពប្រសើរក៏នៅតែជួបបញ្ហាដែរ គាត់គិតច្រើន ហើយ​ពេល​ឈឺ ថែមទាំងមិន​ហ៊ាន​សុំ​ប្រាក់​កូន​ៗ ឬ ចៅៗទៀត។ ពួកគាត់ជួបភាពតានតឹងនិងថប់បារម្ភច្រើន»។ នេះបើតាមការលើកឡើងរបស់លោក វីរ៉ា។ 
 
គួរពង្រឹង​គោលនយោបាយ គាំពារដល់ក្រុមមនុស្សចាស់
 
រដ្ឋាភិបាល​ប្រារព្ធ​អបអរ​ទិវាមនុស្ស​ចាស់​កម្ពុជា និងទិវាមនុស្ស​ចាស់អន្តរជាតិ រៀង​រាល់​ថ្ងៃទី១ ខែ​តុលា ជារៀងរាល់​ឆ្នាំ ដោយកាលពី​ឆ្នាំ​២០២១​ កន្លងមក ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធាន​បទ «ចូល​រួម​គាំទ្រ​ថែទាំ​សុខុមាលភាពមនុស្ស​ចាស់ គឺជាកត្តា​ដ៏សំខាន់​ក្នុងការអនុវត្តប្រព័ន្ធគាំពារ​សុខុមាលភាព​មនុស្ស​គ្រប់​វ័យ​ក្នុង​សង្គម​ជាតិនៅ​កម្ពុជា»។
 
ក្នុង​សារលិខិត​របស់ខ្លួន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញពីឆន្ទៈ និងបុព្វហេតុក្នុង​ការ​គោរព​ដឹងគុណមនុស្ស​វ័យ​ចាស់ និង​លើកកម្ពស់មនសិការ​ជន​រួម​ជាតិស្គាល់ពីគុណតម្លៃ​ឥតគណនា​របស់មនុស្ស​វ័យ​ចាស់។
«ព្រឹទ្ធ​ឱវាទ និង​ដំបូន្មាន​ចាស់ទុំ គឺជាផ្នែក​មួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និង​ចរិយាធម៌​របស់សង្គមជាតិយើង»។ ប្រមុខ​រដ្ឋាភិបាល បាន​គូសបញ្ជាក់យ៉ាង​ដូច្នេះ ដោយបាន​លើកឡើងពី​សារសំខាន់នៃការ​បង្កើតគណៈកម្មាធិការជាតិ​កម្ពុជាដើម្បីមនុស្ស​ចាស់ ដែលជាយន្តការ​សម្រាប់អនុវត្តគោលនយោបាយ​ជាតិស្តីពីមនុស្ស​ចាស់​២០១៧-២៣០ និងគម្រោង​កម្មវិធីគាំទ្រផ្សេងៗ។
 
ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា(HAC) វាយតម្លៃ​ថា កិច្ច​គាំពារផ្ទាល់ទៅដល់មនុស្សចាស់នៅកម្ពុជានៅមានកម្រិត។ លើសពីនេះ លោកកត់សម្គាល់ឃើញថា សមាគមចាស់ជរាតាមមូលដែលផ្ដួចផ្ដើមដោយរដ្ឋាភិបាលជាង១៦០០កន្លែង គឺប្រមាណ៨០ភាគឥតដំណើរការ។ 


 លោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា។ រូបពី នាយកដ្ឋានសុខុមាលភាពមនុស្សចាស់
 
ពាក់ព័ន្ធនឹង សមាគមនេះ លោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ទទួលស្គាល់ថាសមាគមជាង១៦០០កន្លែនៅតាមឃុំសង្កាត់ ឥតដំណើរការច្រើន ពោលគឺប្រមាណតែ៤០ភាគប៉ុណ្ណោះដំណើរការ។ ចំណែក សមាគមជាង៥០ភាគរយទៀត ដែលគ្មានដំណើរការដោយសារតាមសមាគមមូលដ្ឋានខ្វះធនធាន។ 
 
លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖ ​«សមាគមបង្កើតហើយអត់ដំណើរការ គឺមានកត្តាច្រើន ទី១មកពីប្រធានសមាគមគាត់គ្មានឆន្ទៈធ្វើការ។ ទី២ សមាគម ខ្វះធនធានហិរញ្ញវត្ថុ»។ 
 
ដោយពិនិត្យបែបនេះ លោកអះអាងថា ក្រុមការងារក្រសួងសង្គមកំពុងសិស្សា និងរៀបចំផែនការដោះស្រាយបញ្ហាសមាគម រួមកិច្ចគាំពារបន្ថែមដល់ក្រុមមនុស្សចាស់។ គម្រោងផែនការនេះ គឺសម្រាប់អនុវត្តបន្តចាប់ឆ្នាំ២០២១ដល់២០២៥ ហើយក៏មានអន្តរក្រសួងចូលផងដែរ។ 
 
កត្តាសំខាន់ដែលរដ្ឋាភិបាលគួរគិតគូរ គឺជំរុញឲ្យមានប័ណ្ណចាស់មនុស្ស នីតិវិធីឧបត្ថម្ភគ្រប់មធ្យោបាយ និងការថែទាំសុខ​ភាព ជាពិសេស​ការបណ្ដុះបណ្ដាលការងារថែទាំមនុស្សចាស់។ លោក វីរ៉ា បាន​សង្កត់ធ្ងន់ថា៖ ​«រដ្ឋត្រូវគិតគូរតាក់តែងច្បាប់ និងគោលនយោបាយសម្រាប់មនុស្សចាស់ ដើម្បីឲ្យពួកគាត់រស់នៅរីករាយ ឥតមានការភ័យខ្លាចពេលវ័យចាស់ជរា»។ 
 
ទន្ទឹមនឹងនេះ លោកពន្យល់ថា ការជួយគាំពារឲ្យមនុស្សចាស់រស់បានសមរម្យ និងប្រសើរឡើង គឺជាការដឹងគុណ រួមទាំងជាការវិនិយោគរយៈពេលវែង។ ព្រោះក្រុមមនុស្សចាស់ ជាអ្នកបណ្ដុះក្មេងជំនាន់ក្រោយ ហើយក៏បានសាងសមិទ្ធផលកន្លងមកជាច្រើន។ 
 
ច្បាប់និងគោលនយោបាយរបស់កម្ពុជា ដែលជួយដល់មនុស្សចាស់
 
ដើម្បីកាត់បន្ថយភាពក្រីក្រ រដ្ឋាភិបាលបានជួយគាំទ្រដល់មន្រី្តរាជ អតីតយុទ្ធជន ជនពិការ  និងនិយោជិត។ កម្ពុជាអនុម័តច្បាប់ស្ដីពី របបសន្តិសុខសង្គមរបស់ក្រុមទាំងនេះ កាលពីឆ្នាំ២០០២ ហើយបង្កើតឲ្យមានសោធននិវត្តន៍ ហានិភ័យការងារ និងធានារ៉ាប់រងសង្គមជាដើម។ បទប្បញ្ញត្តិនេះ ក៏មានវិសាលភាពដល់កម្មករសាធារណៈ និងឯកជន​ដែរ កាលពីឆ្នាំ២០១៩។ បន្ទាប់កម្ពុជាក៏មានគោលនយោបាយគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ។ 
 
ផ្អែកតាមបទប្បញ្ញត្តិទាំងនេះ នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាថា ច្បាប់និងគោលនយោបាយខាងលើរួមចំណែកតែមួយផ្នែកតូចប៉ុណ្ណោះដល់មនុស្សចាស់។ លោកបញ្ជាក់ថា បច្ចុប្បន្នកម្ពុជានៅខ្វះច្បាប់ឬគោលនយោបាយដែលចែកឲ្យចំ ឬទៅដល់ផ្ទាល់ ដល់ក្រុមមនុស្សចាស់ផ្ទាល់។ 
 
របាយការណ៍ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាមានប្រជាជនសរុបជាង១៥លាននាក់ ក្នុងនោះមាន៨,៩ភាគរយ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលទិន្នន័យនេះបានកើនឡើង៥,២៥ភាគរយ ក្នុងពេលពីរទសវត្សរ៍កន្លងទៅ។ ជាមួយគ្នាដែរ តួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើងដល់២១ភាគរយក្នុងឆ្នាំ២០៥០៕

Tag:
 កិច្ចគាំពារសង្គម
  ជនចាស់ជរា
© រក្សាសិទ្ធិដោយ thmeythmey.com