ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន និងលោក ចម ប្រសិទ្ធ អមដំណើរជាមួយសម្ដេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា
06, Jan 2022 , 2:04 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងអមដំណើរជាមួយសម្ដេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ មករា ២០២២។ ក្រៅពីរដ្ឋមន្រ្តីទាំងពីររូបនេះ ក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតផងដែរ។



ក្រសួងការបទេសបានចេញសេចក្តីប្រកាសព័ត៌មានថា សម្ដេច ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរ ទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមនៅថ្ងៃទី៦ មករានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនអាចផ្ដល់ព័ត៌មានលម្អិតពីជំនួបរវាងមេដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ានោះទេ។ 
 
ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ជំនួបសម្ដេចជាមួយលោក មីន អ៊ុងឡាំង និងពិភាក្សាគ្នាជុំវិញកុងសង់ស៊ី៥ចំណុច របស់អាស៊ាន សម្រាប់ដោះស្រាយបញ្ហាវិបត្តិមីយ៉ាន់ម៉ា។
 
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំធ្លាប់និយាយហើយថា សូមកុំទុកចិត្តពេកលើប្រធានអាស៊ាន តែកុំអាល់បន្ទោសប្រធានអាស៊ានអី ។ រង់ចាំមើលខ្ញុំទៅហ្នឹង អត់មានឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុច ដែលបានឯកភាពគ្នានៅឯហ្សាកាតា កាលពីខែមេសា ឆ្នាំ២០២១ ។ ប៉ុន្តែខ្ញុំមិនដាក់លក្ខខណ្ឌទុកជាមុន ក្នុងដំណើររបស់ខ្ញុំទៅទេ។ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រធានបទគឺកុងសង់ស៊ីស៥ចំណុចហ្នឹងឯង»។
 
ចំណុចឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖
ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។
 
ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។
 
កន្លងមកសម្ដេច ហ៊ុន សែន បានសម្រេចតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ សម្រាប់ភារកិច្ចជាបេសកជននេះ ប្រមុខរដ្ឋាភិបាល ក៏បានត្រៀមកិច្ចការងារមួយចំនួន ឱ្យលោក ប្រាក់ សុខុន សម្រាប់ជួបសន្ទនាជាមួយភាគីពាក់ព័ន្ធផងដែរ៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន
  នយោបាយ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com