ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា-វៀតណាម-ឡាវ បន្តសហការគ្នា បង្ក្រាបបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និង អំពើភេរវកម្ម
06, Jan 2022 , 8:59 pm        
រូបភាព
សម្តេច ស ខេង ស្ថិតក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយភាគីវៀតណាម និង ឡាវ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង
សម្តេច ស ខេង ស្ថិតក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយភាគីវៀតណាម និង ឡាវ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង
ដោយ: ថ្មីៗ
ប្រទេសជាប់របងទាំង៣ គឺកម្ពុជា វៀតណាម ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលឆ្លងកាត់តាមព្រំដែន ជាពិសេសបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស អំពើភេរវកម្ម និង បទល្មើសបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្ឋាប់ធ្នាប់ សុវត្ថិភាពសង្គម ផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមកនៃប្រទេសទាំង៣។


 
ការបន្តកិច្ចសហប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រីភាគី តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លោក តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និង លោក វិឡៃ ឡាខាំផុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ។ 
 
ក្រសួងមហាផ្ទៃកម្ពុជា បានផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្រ្តីប្រទេសទាំង៣ តាមរយៈសេចក្តីប្រកាសព័ត៌មាន។ ក្រៅពីកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសតាមព្រំដែន រដ្ឋមន្រ្តីប្រទេសទាំង៣ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ ជំងឺផ្សេងៗ និង គ្រោះធម្មជាតិ តាមបណ្តាខេត្តជាប់ព្រំដែន។  
 
បន្ថែមពីនេះ រដ្ឋមន្រ្តីប្រទេសទាំង៣ សុទ្ធតែបានសាទរ ចំពោះទំនាក់ទំនងល្អរវាងមេដឹកនាំប្រទេសទាំង៣ ហើយបានកោតសរសើរកងកម្លាំង ដែលនៅតែបន្តរក្សាកិច្ចសហប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គមបានល្អ ពិសេសតាមព្រំដែន ទោះបីជាមានជំងឺកូវីដ-១៩ក៏ដោយ៕ 

Tag:
 កម្ពុជា
  វៀតណាម
  ឡាវ
  កិច្ចសហប្រតិបត្តិការ
© រក្សាសិទ្ធិដោយ thmeythmey.com