ជាតិ
រដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង​ ដើម្បីអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
07, Jan 2022 , 7:59 am        
រូបភាព
ដោយ:
រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការដើម្បីគ្រប់គ្រង និងអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរឆ្នាំ ២០២១-២០៣៥ ដែលមានការចូលរួមជាអន្តរក្រសួង។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប រំពឹងថាការបង្កើតគណៈកម្មាធិការនេះ នឹងធ្វើឱ្យការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប មិនជួបឧបសគ្គច្រើន និង អនុវត្តផែនការបានលឿន។

 
រដ្ឋាភិបាលបានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលមានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាប្រធាន។ ចំណែក អនុប្រធាន មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ជាមួយគ្នានោះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាសមាជិកប្រចាំការ។ 
 
យោងតាមអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ផែនការមេខេត្តសៀមរាប-អង្គរ ការបង្កើតក្រុមការងារនេះ គឺដើម្បីអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរឆ្នាំ២០២១-២០៣៥ ដើម្បីឱ្យមានប្រសិទ្ធភាព និង​ប្រកួតប្រជែង។ ក្រុមការងារនេះ ក៏ត្រូវដឹកនាំបង្កើតផលិតផល​ទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងនិរន្តរភាព ព្រមទាំងពិនិត្យលើគម្រោងវិនិយោគនានាក្នុងខេត្តសៀមរាប។ 
 
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ប្រាប់សារព័ត៌មានThmeyThmey25 ថាការបង្កើតគណៈកម្មការគ្រប់គ្រង និងអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ ២០២១-២០៣៥​ នឹងធ្វើឱ្យការអនុវត្តផែនការនេះមិនជួបឧបសគ្គច្រើន។ លោកបញ្ជាក់ដូច្នេះ៖« ការបង្កើតកណៈកម្មការដែលមានការចូលរួមពីអន្តរក្រសួងជារឿងវិជ្ជមាន ព្រោះធ្វើឱ្យយើងអាចដោះស្រាយបញ្ហាប្រឈមបានច្រើន និងឆាប់រហ័ស »។
 
លោក ទៀ សីហា បន្តថាផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ ជាផែនទីចង្អុលផ្លូវសម្រាប់ឱ្យសហគមន៍ និង អាជីវករ ដើម្បីបង្កើន និងពង្រឹងផលិតផលទេសចរណ៍ ឱ្យត្រូវតាមស្តង់ដា និងស្របតាមផែនការមេ។ 
 
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ផែនការមេ សម្រេចបង្កើត អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក នៅតាមតំបន់ចំនួន៦ ផ្សេងទៀត ដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប, តំបន់បឹងទន្លេសាប​ និងតំបន់ទេសចរណ៍សៀមរាបថ្មី។ 
 
សូមជម្រាបផងដែរ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី២០តុលា ឆ្នាំ២០២១។ ផែនការមេនេះ គឺផ្តោតសំខាន់លើការអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ ចំនួន៦ទីតាំង ដើម្បីឈានសម្រេចបាននូវការទទួលប្រាក់ចំណូលជិត៦ពាន់លានដុល្លារ ពីភ្ញៀវទេសចរជាតិ ១០,៩លាននាក់ និងអន្តរជាតិ៧លាននាក់ ព្រមទាំងបង្កើតការងារដោយផ្ទាល់ ប្រមាណ៩៤ម៉ឺននាក់ នៅក្នុងឆ្នាំ២០៣៥៕

Tag:
 ThmeyThmey25
  សៀមរាប
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com