ជាតិ
តម្លៃម្រេចថោក បានធ្វើឱ្យកសិករនៅ​ត្បូងឃ្មុំ បោះបង់មុខរបរដាំដុះលើផ្ទៃដី ៨០០ហិកតា
06, Jan 2022 , 5:14 pm        
រូបភាព
អំឡុង​ពេល​​កូវីដ-​១៩​នេះ កសិករជាច្រើននៅខេត្តត្បូងឃ្មុំ បានបោះបង់មុខរបរដាំម្រេចប្រមាណ៨០០ ហិកតា ហើយទៅស្វែងរករបរផ្សេងវិញ ដោយសារតម្លៃថោក មិនអាចទប់នឹងការចំណាយបាន។ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានឲ្យដឹងថា មូលហេតុដែលម្រេចថោក និងគ្មានទីផ្សារ គឺដោយសារកសិករដាំតាមគ្នា ធ្វើឲ្យលើសពីតម្រូវការទីផ្សារ ខណៈការដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុបមានតម្លៃខ្ពស់ មិនអាចទទួលបានប្រាក់ចំណេញ​។

 
​កសិករមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ បានបង្ខំចិត្តបោះបង់មុខរបរដាំម្រេចចោលទាំងស្រុង ក្រោយជួបប្រទះបញ្ហាទីផ្សារ និងតម្លៃថោក។ ​បើតាមលោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក្នុងអំឡុងវិបត្តិកូវីដ-១៩ យ៉ាងហោចណាស់ មានចម្ការម្រេច ៨០០ហិក​តា ត្រូវបានកសិករទុកចោល។


 រូបភាពពី ម្រេចមេមត់ ខេត្ត ត្បូងឃ្មុំ 
 
យ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ អ្នកបោះបង់ការដាំម្រេចនាអំឡុងកូវីដ-១៩នោះ ភាគច្រើនជាម្ចាស់ចម្ការធំៗដែលទើបនឹងប្រឡូកចូលក្នុងការធ្វើចម្ការម្រេច​ថ្មីថ្មោង។ ការដាំដុះ ខ្វះ​បច្ចេកទេស ខ្វះប្រព័ន្ធទឹក ដែលធ្វើឱ្យម្រេចមានជំងឺ បូករួមនឹងការចំណាយលើសលប់លើថ្លៃជី ប្រេង​ និងពលកម្មជាដើម។ «ដោយសារម្រេច វារៀងចុះថ្លៃ ធ្វើឲ្យកសិករមួយចំនួនហ្នឹង បោះបង់ចម្ការចោល ព្រោះគាត់បាក់ទឹកចិត្ត។ ពីមុនកសិករប្រឈមបញ្ហាតម្លៃច្រើនណាស់ តែឥឡូវដូចអត់សូវមានទេ។ បច្ចុប្បន្ននេះ ម្រេចក៏លក់បានចំណេញខ្លះដែរ គ្រាន់តិចតួច​ ហើយម្រេចហ្នឹង​​ ទាល់តែធ្លាក់ថ្លៃត្រឹម១គីឡូ ៤ពាន់រៀល ទើបវាលែងចំណេញ»។ នេះជាការបញ្ជាក់របស់ លោក ហេង ពិសិទ្ធ ប្រាប់​សារព័ត៌មានថ្មីៗ២៥។
ទោះជាយ៉ាងក្តី ប្រធានមន្ទីរកសិកម្មរូបនេះ មើលឃើញថា កសិករមួយចំនួន បានងាកមកដាំម្រេចបណ្ដើរៗឡើងវិញ រីឯតម្លៃប្រសើរជាមុនបន្តិច។ លោកក៏បានជំរុញឲ្យកសិករ ​ឲ្យ​ចងក្រងគ្នាជាបណ្តុំ ឬលក់ឱ្យសហគមន៍កសិកម្ម ដើម្បីធានាតម្លៃ និងទីផ្សារពិតប្រាកដមួយ។ លោក ហេង ពិសិទ្ធបន្តដូច្នេះថា៖ «តម្លៃឥឡូវល្អជាងមុន  ព្រោះកសិករចាប់ផ្ដើមជឿទុកចិត្តសហគមន៍ ដោយសារសហគមន៍គេលក់បានរហូត។ ទោះបីមិនបានតម្លៃខ្ពស់ខ្លាំងមែន តែសហគមន៍គេឱ្យចំណេញរហូត។ អ៊ីចឹង មានន័យការចូលជាសហគមន៍ គឺល្អសម្រាប់ពួកគាត់»។ 


 រូបភាពពី ម្រេចមេមត់ ខេត្ត ត្បូងឃ្មុំ 
 
លោក វន សាវឿន ជាអ្នកដាំម្រេចជាង២ម៉ឺនជន្លង់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កសិកររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា នៅខេត្តត្បូងឃ្មុំ មានកសិករជាច្រើន បានបោះបង់របរដាំម្រេច បន្ទាប់ពីពួកគេជួបបញ្ហាតម្លៃថោកជាច្រើនឆ្នាំ។ លោក វន សាវឿន ប្រាប់ដូច្នេះថា៖«កត្តាដែលធ្វើឱ្យកសិករបោះបង់របរដាំម្រេច គឺគ្មានអ្វីក្រៅពីធ្លាក់ថ្លៃនោះទេ។ វាធ្លាក់ថ្លៃគំហុកពេក នៅប៉ុន្មានឆ្នាំនេះ គឺចាប់តាំងពីឆ្នាំ២០១៩មក ធ្លាក់ថ្លៃរហូតដល់ឆ្នាំ២០២១ហ្នឹងហាក់ឡើងបានខ្លះ តែមិនចំណេញទេ។ បើឆ្នាំ២០២០វិញ ធ្លាក់ថ្លៃដល់ក្រោម១ម៉ឺនរៀល ក្នុងមួយគីឡូ។ ម្រេចបើធ្លាក់ថ្លៃដល់ក្រោម១ម៉ឺនរៀលហើយ គឺកសិករខាតហើយ​»។
 
បច្ចុប្បន្ន នៅខេត្តត្បូងឃ្មុំ ម្រេចមានតម្លៃចន្លោះពី១៤ ០០០ ទៅ១៥ ០០០រៀល ក្នុងមួយគីឡូ តែកសិករថា មិនចំណេញនោះទេ​។ 
 
បើតាមលោក វន សាវឿន ​ការដាំម្រេច គឺមានភាពពិបាក និងត្រូវចំណាយដើមទុនច្រើន ទាំងថ្លៃឈ្នួល បច្ចេកទេស ការរៀបចំប្រព័ន្ធស្រោចស្រព​ ពិសេសម្រេចត្រូវការមើលថែដិតដល់ បើពុំដូច្នេះទេ នឹងប្រឈមងាប់ដោយសារជំងឺផ្សេងៗ។ ដ្បិតតែធ្លាប់ខាតដូចគេឯងដែរ ប៉ុន្តែ លោក សាវឿន ដែល​ដាំដុះម្រេចជាង២០ឆ្នាំមកហើយនោះ  អះអាងថា លោកមិន​អាចបោះបង់ចោលរបរនេះឡើយ។


 រូបភាពពី ម្រេចមេមត់ ខេត្ត ត្បូងឃ្មុំ 
 
​ជុំវិញបញ្ហានេះ លោក វេង សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ក្រសួងបានដឹងពីបញ្ហាប្រឈមដែលកើតមានឡើង ចំពោះដំណាំម្រេចនេះ ហើយមូលហេតុដែលម្រេច គ្មានទីផ្សារ និងតម្លៃថោក គឺដោយសារកសិករដាំតាមគ្នា ធ្វើឲ្យលើសពីតម្រូវការទីផ្សារ។ កន្លងមកកម្ពុជា រំពឹងខ្លាំងលើទីផ្សារប្រទេសជិតខាង ពិសេសវៀតណាម ស្របពេលប្រទេសទាំងនោះ ក៏កំពុងពង្រីកការដាំដុះដែរ។ ជាងនេះទៀត កម្ពុជាបានពឹងផ្អែកទៅលើទីផ្សារអឺរ៉ុប តែដោយសារការដឹកជញ្ជូនមានតម្លៃខ្ពស់ ធ្វើឲ្យកម្ពុជាពុំអាចទទួលបានប្រាក់ចំណេញ។ 
 
រយៈពេល១២ខែ ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញម្រេចសរុប ២៨ ០៧៤តោន កើនឡើងចំនួន ៤៥២,៧២% ក្នុងនោះវៀតណាម គឺជាទីផ្សារនាំចេញធំបំផុតដែលមានចំនួន ២៧ ១១៧តោន។ ក្រៅពីវៀតណាម កម្ពុជានាំចេញម្រេចទៅអឺរ៉ុប អាម៉េរិក និងបណ្ដា​ប្រទេសមួយចំនួនទៀត នៅតំបន់អាស៊ាន និងអាស៊ី៕ 

Tag:
 ម្រេច
 កសិករខេត្តត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com