ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ទៅដល់ទីក្រុងណៃពិដោ ដោយភ្ជាប់ជំនួយម៉ាស និងបរិក្ខារពេទ្យ
07, Jan 2022 , 10:16 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅដល់ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Wunna Maung Lwin ទទួលស្វាគមន៍ នៅថ្ងៃទី៧ មករា ២០២២
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅដល់ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Wunna Maung Lwin ទទួលស្វាគមន៍ នៅថ្ងៃទី៧ មករា ២០២២
សម្ដេច ហ៊ុន សែន បានទៅដល់ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ាហើយ នៅព្រឹកថ្ងៃទី៧ មករានេះ។ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានភ្ជាប់ជំនួយម៉ាសជាង៣លាន និងបរិក្ខារពេទ្យ សម្រាប់មីយ៉ាន់ម៉ាផងដែរ។


 
ជំនួយសម្រាប់ប្រទេសមីយ៉ាន់លើកទី៣នេះ រួមមាន៖ ម៉ាស ៣លាន, ម៉ាស N95 ចំនួន២សែន, វែនតាការពារ ១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ៣ម៉ឺន, របាំងការពារមុខ ៣ម៉ឺន, ស្បែកជើងវែង ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ៥០គ្រឿង។ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Wunna Maung Lwin ជាអ្នកទទួលជំនួយរបស់កម្ពុជាទាំងនេះ។ កន្លងមករដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា ២លើករួចហើយ ចាប់តាំងពីឆ្នាំ២០២០មក ។ 
 
ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ សម្ដេច ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។
 
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ជំនួបសម្ដេចជាមួយលោក មីន អ៊ុងឡាំង និងពិភាក្សាគ្នាជុំវិញកុងសង់ស៊ី៥ចំណុច របស់អាស៊ាន សម្រាប់ដោះស្រាយបញ្ហាវិបត្តិមីយ៉ាន់ម៉ា។
 
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំធ្លាប់និយាយហើយថា សូមកុំទុកចិត្តពេកលើប្រធានអាស៊ាន តែកុំអាល់បន្ទោសប្រធានអាស៊ានអី ។ រង់ចាំមើលខ្ញុំទៅហ្នឹង អត់មានឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុច ដែលបានឯកភាពគ្នានៅឯហ្សាកាតា កាលពីខែមេសា ឆ្នាំ២០២១ ។ ប៉ុន្តែខ្ញុំមិនដាក់លក្ខខណ្ឌទុកជាមុន ក្នុងដំណើររបស់ខ្ញុំទៅទេ។ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រធានបទគឺកុងសង់ស៊ីស៥ចំណុចហ្នឹងឯង»។
 
ចំណុចឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។
 
ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។
 
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរជាមួយសម្ដេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ មករា ២០២២។ ក្រៅពីរដ្ឋមន្រ្តីទាំងពីររូបនេះ ក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតផងដែរ។ កន្លងមកសម្ដេច ហ៊ុន សែន បានសម្រេចតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
 
 
 

Tag:
 ហ៊ុន សែន
  មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com