ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖«កម្ពុជា បានក្រោកឈរស្មើមុខមាត់ជាមួយបណ្តាប្រទេស និងចូលរួមដោយស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ»
07, Jan 2022 , 11:00 am        
រូបភាព
សម្តេច ហ៊ុន សែន លើកដៃលាទៅកាន់បណ្តាមន្រ្តី ដែលទៅជូនដំណើរសម្តេច នៅពេលសម្តេច រៀបចូលក្នុងយន្តហោះ ធ្វើដំណើរទៅមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៧មករា ឆ្នាំ២០២២ ដើម្បីជួយស្វែងរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា។
សម្តេច ហ៊ុន សែន លើកដៃលាទៅកាន់បណ្តាមន្រ្តី ដែលទៅជូនដំណើរសម្តេច នៅពេលសម្តេច រៀបចូលក្នុងយន្តហោះ ធ្វើដំណើរទៅមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៧មករា ឆ្នាំ២០២២ ដើម្បីជួយស្វែងរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា។
ដោយ: ថ្មីៗ
ខុសពីរាល់ឆ្នាំ សម្រាប់ទិវារម្លឹកខួប៤៣ឆ្នាំនៃជ័យជម្នះ លើរបបខ្មែរក្រហម​ នៅថ្ងៃ៧មករា ឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពុំបានមានវត្តមាននៅក្នុងប្រទេសឡើយ។ នៅព្រឹកថ្ងៃទី៧មករានេះ សម្តេច បានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសមីយ៉ាន់ម៉ា  ដើម្បីចរចាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងជួយស្វែងរកដំណោះស្រាយ ឲ្យប្រទេសមួយនេះ។


 
ដូចរាល់ដង សម្តេច ហ៊ុន សែន បានចេញសារលិខិតជូនប្រជាជន ស្តីពីទិវារម្លឹកខួប៧មករានេះ។ ប្រមុខរដ្ឋាភិបាល លើកឡើងថា រយៈពេល៤៣ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា កម្ពុជា បានធ្វើដំណើរលើផ្លូវមួយដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវ ដែលបានធានាដល់ភាពស្ថិតស្ថេរ គង់វង្ស និងការរីកចម្រើន។
  
ប្រធានគណបក្សកាន់អំណាច ថ្លែងក្នុងសារលិខិតថា៖«ដោយក្តាប់ជាប់មេរៀន ពិសោធន៍ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រជាជនយើង បានជ្រើសរើសយករបបនយោបាយ និងសង្គមរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ ដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្រ្ត ស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយ ចំពោះឧបសគ្គ ការសាកល្បងគ្រប់បែបយ៉ាង និងមិនឱនក្បាល ចំពោះការកៀបសង្កត់គំរាមកំហែងនានា»។ 
 
មេដឹកនាំកម្ពុជា បន្តថា កម្ពុជាអាចងើបឈរឡើងវិញ ឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្ត ប្រកបដោយមោទកភាព។ មេដឹកនាំរូបនេះ បន្ថែមថា កម្ពុជាដែលពីមុនជាវាលពិឃាត បានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ មានសន្តិភាព ឯកភាពទឹកដីទាំងស្រុង និងមានសេដ្ឋកិច្ចកំពុងលូតលាស់។  
 
សម្តេច ហ៊ុន សែន បញ្ជាក់ថា៖«កម្ពុជា បានក្រោកឈរស្មើមុខមាត់ជាមួយបណ្តាប្រទេស បានចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការអន្តរជាតិ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ធំធេង ថ្លៃថ្លាបំផុត របស់ប្រជាជនកម្ពុជាគ្រប់រូប នៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ»។ 
 
ជាមួយគ្នា សម្តេច អំពាវនាវឲ្យប្រជាជនកម្ពុជា សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត។ សម្តេច ថែមទាំងអំពាវនាវឲ្យប្រជាជនកម្ពុជា ពួតដៃគ្នា រួមចិត្តតែមួយ ប្តូរផ្តាច់ថែរក្សាសន្តិភាព ការពារឯករាជ្យ និងរាល់សមិទ្ធផលសង្គមជាតិ ឲ្យបានគង់វង្ស មិនឲ្យបុគ្គលណា ក្រុមណា បរទេសណាមកបំផ្លាញឡើយ៕ 
 

Tag:
 ហ៊ុន សែន
  ៧មករា
  ខួប៤៣ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com