ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីត​ទូតជប៉ុនដំបូង​បំផុតក្រោយរបបខ្មែរក្រហម បានទទួលមរណភាព​
07, Jan 2022 , 2:50 pm        
រូបភាព
ដោយ: រួបរួម
លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ (Yukio Imagawa) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដំបូង​បំផុត​ក្រោយ​របប​ខ្មែរក្រហម បានទទួលមរណភាពក្នុងអាយុ​៩០​ឆ្នាំ​នៅប្រទេសជប៉ុនកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាម​ការផ្សាយ​របស់ស្ថានទូតជប៉ុន​ប្រចាំកម្ពុជា។

 
លោក អ៊ីម៉ាហ្គាវ៉ា បានចូលបម្រើ​ការងារនៅក្រសួងការបរទេសជប៉ុនក្នុងឆ្នាំ ១៩៥៦ ហើយត្រូវបានចាត់បញ្ជូនមករាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងឋានៈជាសិក្ខាកាមភាសាខ្មែរ នៅឆ្នាំ១៩៥៧។ លោក​បាន​បម្រើ​ការនៅ​កម្ពុជា​រហូត​ដល់​ឆ្នាំ​១៩៦៥ ពោលគឺ​អស់រយៈពេល​៨​ឆ្នាំ។
 
បន្ទាប់ពី​ការបើ​ក​ស្ថានទូតជប៉ុនឡើង​វិញ ក្រោយ​របប​ខ្មែរក្រហម លោក អ៊ីម៉ាហ្គាវ៉ា បាន​ធ្វើជាឯកអគ្គ​រាជទូត​ពី​ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦។ «ក្នុងឋានៈជាអ្នកការទូតមួយរូប ដែលមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌កម្ពុជា»។ នេះជាការ​គូស​បញ្ជាក់​របស់ស្ថានទូត។


 
លោក អ៊ីម៉ាហ្គាវ៉ា ត្រូវបាន​ចាត់ទុក​ជាមិត្ត​ដ៏ជិតស្និទ្ធ​របស់សម្តេចព្រះវររាជ​បិតា នរោត្តម សីហនុ ហើយ​មាន​ចំណេះដឹងភាសាខ្មែរយ៉ាងជ្រៅជ្រះ និងបាន​សរសេរសៀវភៅ ក៏ដូចជាអត្ថបទជាច្រើនអំពី​កម្ពុជា។ ពេលបម្រើការនៅស្ថានទូតក្នុងនាមជាសិក្ខាកាមភាសាខ្មែរ លោក អ៊ីម៉ាហ្គាវ៉ា បានជួបសម្តេចព្រះវររាជបិតា លើកដំបូងនៅ​ឆ្នាំ១៩៥៧។ 
 
យោងតាមសម្តីដែលដកស្រង់​​ក្នុង​អត្ថបទមួយ​​របស់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពី​ឆ្នាំ១៩៩៥ លោក អ៊ីម៉ាហ្គាវ៉ា បាន​រំលឹកថា៖ «សម្តេច សីហនុ បានសួរពីបំណងខ្ញុំថាចង់ធ្វើ​អ្វី។ ខ្ញុំបានតបទៅព្រះ​អង្គ​វិញថា ខ្ញុំ​ចង់​រៀន​ភាសាខ្មែរ និង​ច្បាប់កម្ពុជា។ ព្រះ​អង្គ​បានទតមើលខ្ញុំ ហើយនិយាយថា លោកជា​ទូតជប៉ុនដំបូង​ដែល​សិក្សា​ពី​កិច្ចការនៅ​ក្នុងប្រទេសខ្ញុំ និងព្រះអង្គ​បានលើកទឹក​ចិត្តខ្ញុំជារៀងរហូតមក»។


 
លោក អ៊ីម៉ាហ្គាវ៉ា បាន​តាំងចិត្តពង្រឹងទំនាក់ទំនងមិត្តភាព​កម្ពុជា-ជប៉ុន ដោយសារ​តែ​លោក​ស្រឡាញ់​កម្ពុជា ជាពិសេស​រាជធានីភ្នំពេញ ដែល​លោកមើលឃើញថា មានភាពស្រស់ស្អាត និងសុវត្ថិភាព។
 
ក្រៅពីបានធ្វើការពិភាក្សា យ៉ាងស្វិតស្វាញជាមួយ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ  លោកក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីពាក់ព័ន្ធដ៏ទៃទៀត ផងដែរ។ លោក​បានធ្វើជាសហប្រធានគណៈកម្មាធិការទី៣ នៃសន្និសិទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៨៩ ដើម្បីសម្រេចបាននូវសន្តិភាពនៅកម្ពុជា។ 


 
ក្នុងឋានៈជាឯកអគ្គរាជទូតប្រចាំកម្ពុជា លោក អ៊ីម៉ាហ្គាវ៉ា បានជួយសំរបសំរួលក្នុងការទទួលកងកម្លាំងរក្សាសន្តិភាពជប៉ុនស្ថិតក្រោមអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ដែលបន្ទាប់មកមានការបោះឆ្នោតសកលជាលើកដំបូង និងដំណើរការកសាងកម្ពុជាឡើងវិញ។ 


 
កាលពី​ខែតុលា ឆ្នាំ២០១៦ លោក អ៊ីម៉ាហ្គាវ៉ា បានមក​ជួប និង​សម្តែង​ការគួរសម​ ក៏ដូចជាពិភាក្សា​ការងារ​ជាមួយ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជាជាមួយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ផងដែរ។ នាខែមេសា ឆ្នាំ២០១៨ លោកស្ថិតចំណោម​អតីតឥស្សរជនជប៉ុន ដែលបានជួបពិភាក្សាការងារជាមួយ​លោក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ៕

© រក្សាសិទ្ធិដោយ thmeythmey.com