ជាតិ
អតី​ត​តារា​ភាព​យន្ត​​ជើង​ចាស់លោក រិទ្ធិ សារី អំពាវ​នាវ​សុំ​ជំនួយ ​ក្រោយ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​
07, Jan 2022 , 4:00 pm        
រូបភាព
លោក រិទ្ធិ សារី ជាតារាសម្ដែងជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្ត តាំងពីឆ្នាំ១៩៩០ដោយថតឱ្យផលិតកម្មព្រហ្មមានជ័យ នៅរាជធានីភ្នំពេញ។
លោក រិទ្ធិ សារី ជាតារាសម្ដែងជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្ត តាំងពីឆ្នាំ១៩៩០ដោយថតឱ្យផលិតកម្មព្រហ្មមានជ័យ នៅរាជធានីភ្នំពេញ។
ភ្នំពេញ៖ អតី​ត​តារា​ភាព​យន្ត​​ជើង​ចាស់លោក រិទ្ធិ សារី មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ ចំពោះ​ការ​ខ្វះ​ខាត​ប្រាក់​ទិញ​ថ្នាំ​ព្យាបាល​ជំងឹ​ ក្រោយ​ចេញ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ លោក​បាន​អំពាវ​នាវ​សុំ​ជំនួយ​ពី​សប្បុរស​ជន​​ជិត​ឆ្ងាយ ដើម្បី​អាចបន្ត​​​ទិញ​ថ្នាំ​​ព្យាបាល​ជំងឹ​របស់​ខ្លួន​។



ឆ្លើយ​ប្រាប់​សារព័​ត៌​មាន​ថ្មី​ៗ អតីត​តារា​ភាព​យន្ត​ជើង​ចាស់​លោក រិទ្ធិ សារី ថា ​ក្រោយពេល​​លោក​សម្រាក​ព្យាបាល​ជំងឺ​​ត្បៀត​សរសៃ​ខួរ​ក្បាល និង​រលាក​ក្រពះ នៅ​មន្ទីរ​ពេទ្យ​ឯកជន​ រយៈ​ពេល​៧​ថ្ងៃ​ អស់​ប្រាក់​១​ពាន់​ដុល្លារ​មក​ លោក​ខ្វះ​ខាត​ប្រាក់​ខ្លាំង​។
 
លោក រិទ្ធិ សារី បន្ថែម​ថា​ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ម្ដង​ លោក​ត្រូវទៅ​បើក​ថ្នាំ​ពី​មន្ទីរ​ពេទ្យ ដើម្បី​បន្ត​ការព្យាបាល​​។ ប៉ុន្តែ​​លោក​ពុំ​បាន​ដឹង​ឡើយ​ ថា​លោក​ត្រូវ​ចំណាយអស់​​ប្រាក់​ថ្លៃ​ថ្នាំ​ប៉ុន្មាន​ ខណៈ​នៅ​ក្នុង​ខ្លួន​របស់​លោក​ពុំ​មាន​ប្រាក់​នៅ​សេស​សល់​។ 
 
«​ខ្ញុំ​បារម្ភ​ខ្លាច​មិន​មាន​ប្រាក់​ឱ្យ​ថ្លៃ​ថ្នាំ​គេ​ សម្រាប់​១០​ថ្ងៃ​ម្ដង​នោះ​។ កាល​ទៅ​ពេទ្យ​អស់​១​ពាន់​ដុល្លារ​ ខ្ញុំ​ផ្សំ​ប្រាក់​ខ្លួន​ឯងខ្លះ​ ប្រាក់​កូន​ធ្វើ​សំណង់​ខ្លះ និង​ខ្ចី​ប្រាក់​គេ​ខ្លះ​។ ខ្ញុំ​អត់​ហ៊ាន​ជំពាក់​ពេទ្យ​ទេ ខ្មាស​គេ​។ សព្វ​ថ្ងៃ​នេះ​ មាន​កូន​ចៅញាតិ​ជិត​ខាង​ និង​មិត្ត​ក្នុង​សិល្បៈ​ បាន​ជួយ​តិច​តួច​​ដែរ​ ខ្ញុំ​បាន​​ផ្សំ​ទុក​ខ្លះ​ៗ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ជិត​ឆ្ងាយ​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដែល​ធ្លាប់​បាន​ស្គាល់​ខ្ញុំ​ សូម​ជួយ​ខ្ញុំ​ផង​»។ នេះ​ជា​ការ​ត្អូញ​ត្អែរ​របស់​លោក រិទ្ធិ សារី​។
 
តារា​ភាព​យន្ត​ លោក រិទ្ធិ សារី ដែល​បច្ចុប្បន្ន​មាន​ជន្មាយុ​៨១​ឆ្នាំ កំពុង​​​រស់​ក្នុង​ជីវភាព​ខ្វះ​ខាត​ រួម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​។ រស់​ក្នុង​ខេត្ត​បាត់​ដំបង​ ជា​មួយ​ភរិយាទី​២​ និង​កូន​ស្រី​ច្បង​ លោក​ សារី ថា ​​តាំង​ពី​លោក​ចាក​ចេញ​ពី​វិស័យ​សិល្បៈ​ ​ក្នុង​អំឡុង​ឆ្នាំ​២០០២​រហូត​មក លោក​ត្រូវពឹង​ផ្អែក​លើ​កូន​​​ទាំង​ស្រុង​​។


 
លោក រិទ្ធិ សារី គឺ​ជា​តារា​សម្ដែង​​ជើង​ចាស់​មួយ​រូប​ ដែល​បាន​ប្រឡូក​ក្នុង​វិស័យសិល្បៈ​​ភា​ព​យន្ត​តាំង​​ពី​ឆ្នាំ​១៩៩០ ​ដោយ​​ថត​ឱ្យ​ផលិត​កម្ម​ព្រហ្ម​មាន​ជ័យ ​នៅ​រាជ​ធានី​ភ្នំពេញ​។ ក្រោយ​ពី​វិស័យ​ភាព​យន្ត​​ជួប​វិបត្តិ​ ហើយ​ត្រូវ​បិទ​ជា​បន្តបន្ទាប់​ នៅ​​ឆ្នាំ​២០០២ លោក សារី ក៏​សម្រេច​ចិត្ត​ចាក​ចេញ​ពី​វិស័យ​ភាព​យន្ត​ ក្នុង​អាយុ​៦១​ឆ្នាំ ដោយ​ធ្វើដំណើរ​ពី​រាជ​ធានី​ភ្នំពេញ ទៅ​ខេត្ត​បាត់​ដំបង​ ដើម្បី​រស់​នៅជុំ​ប្រពន្ធ​កូន​​​​។
 
សព្វ​ថ្ងៃ​អតីត​តារា​ភាព​យន្តរូប​នេះ រស់​នៅ​ជា​មួយ​ភរិយាទី​២ ដោយ​មាន​កូន​ស្រីច្បងរបស់​ប្រពន្ធ​ទី​២​​ ​ជា​អ្នក​មើល​ថែរក្សា​​។ ចំណែក​ភរិយា​របស់​លោក មាន​មុខ​របរ​​​លក់​បន្លែ​នៅ​ចិញ្ចើម​​​ថ្នល់​បន្តិច​បន្តួច​ ដើម្បី​ដោះ​ស្រាយ​ជីវភាព​។ តួល្ខោន​បាសាក់​ លោក សារី បញ្ជាក់​​ថា ​ជីវភាព​របស់​លោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិន​ខ្វះ​ខាត​ធ្ងន់​ធ្ងរ​ពេក​ឡើយ​ គ្រាន់​តែ​មិន​អាច​មាន​អាហារ​ពេញ​បរិបូណ៍​រាល់​ថ្ងៃ​ប៉ុណ្ណោះ​។  ​
 
ក្រោយ​ពី​បាន​ទៅ​រស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ យូរ​ៗ​ម្ដង​ក៏​មាន​ផលិត​កម្ម​មួយ​ចំនួន​ ដែល​បាន​ទៅ​ថត​ភាព​យន្ត​នៅ​​ទី​នោះ បាន​អញ្ជើញ​លោក​ឱ្យ​ទៅ​សម្ដែង​ខ្លះ​ដែរ(គ្រា​លោក​នៅ​មាន​កម្លាំង​)​។ ដោយ​ក្នុង​មួយ​ថ្ងៃ​លោក​អាច​ទទួល​បាន​ប្រាក់​ចន្លោះ​ពី​១០​ ទៅ​២០​ដុល្លារ​អាម៉េរិក​។
 
លោក រិទ្ធិ សារី មាន​ស្រុក​កំណើត​ក្នុង​​ខេត្ត​បាត់​ដំបង​ ក្នុង​ស្រុក​មង្គល​បូរី ឃុំឫស្សី​កោក ភូមិ​វត្ត​អញ្ចាញ ប៉ុន្តែ​បច្ចុប្បន្ន​ទី​នោះ ត្រូវ​បាន​ដូរ​ឈ្មោះ​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ​។ ដោយ​ឡែក​ បច្ចុប្បន្ន​លោក​រស់​នៅ​ក្នុង​​ ​ភូមិ​កន្ទួត​ សង្កាត់​ក្ដុល​ដូន​ទាវ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ជា​មួយ​កូន​និង​ភរិយា​​ទី​២​របស់​លោក​។ 


 
សិល្បករ​ជើង​ចាស់​រូប​នេះ​ មាន​កូន​១០​នាក់ ស្រី​៥ ដោយ​លោក​មាន​ប្រពន្ធ​២។ ​​ប្រពន្ធ​ដើមមាន​កូន​៦​នាក់​ សុទ្ធ​តែ​បាន​រៀន​សូត្រ​ខ្ពង់​ខ្ពស់​ និង​មាន​ការ​ងារ​ធ្វើ​សម​រម្យ​។ ចំណែក​ប្រពន្ធ​ទី​២​ មាន​កូន​៤នាក់ ហើយ​កូន​ទាំង​អស់​ពុំ​បាន​រៀន​ច្រើន​ឡើយ ហើយ​ពួក​គេ​មាន​ការ​ងារ​ជា​កម្ម​ករ​សំណង់ និង​ជាង​ដែក​។​ ក្នុង​ចំណោម​កូន​ទាំង​អស់​ មាន​តែ​កូន​ស្រី​ច្បង​​តែ​ម្នាក់​គត់របស់​លោក​ ជា​មួយ​ប្រពន្ធ​ដើម​ ដែល​មាន​ឧបនិស្ស័យ​ខាង​ចម្រៀង​សម័យ​ ប៉ុន្តែជា​អកុសល​គាត់​បាន​​ស្លាប់ទៅ​ហើយ​។
 
បុរស​វ័យ​ចំណាស់រូប​នេះ ​មាន​ជំនាញ​ល្ខោន​បាសាក់ អាយ៉ៃរឿង និងលេង​​កំប្លែង។ ក្នុង​វិស័យ​ល្ខោន​បាសាក់​ ទស្សនិកជន​ស្គាល់​លោក​ច្បាស់​ តាម​រយៈ​ឈ្មោះ​ដែល​មហាជន​ដាក់​ឱ្យ​គឺ អ្នក​កំប្លែង​ ឈុន ទិវ​។ កាលលោក​នៅ​សម្ដែង​កុន​ ក្នុង​​ឆ្នាំ១៩៩០​ ប្រាក់​ឈ្នួលដែល​លោក​ទទួល​បាន​​ ក្នុង​ចន្លោះ​១០​​ម៉ឺនរៀល​ ឬ​​​២០​ម៉ឺនរៀល​ ហើយ​​​ថ្លៃបំផុត​​ត្រឹម​៥០​ម៉ឺនរៀល​ ក្នុង​មួយ​រឿង ដោយ​អាស្រ័យ​លើ​​ការ​សម្ដែង​នោះ​យូរ​ថ្ងៃ​ ឬ​ឆាប់​។ ជា​ទូទៅ​ក្នុង​មួយ​រឿង​ លោក​ថត​ក្នុង​រង្វង់​​​ពី​កន្លះ​ខែ ទៅ​ដល់​មួយ​ខែ​​៕
 

Tag:
 សិល្បៈ​
  ភាព​យន្ត​
  តារា
  លោក រិទ្ធិ សារី
© រក្សាសិទ្ធិដោយ thmeythmey.com