កីឡាជាតិ
ជាតិ
ប្រកួតប្រណាំងកង់ថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស កីឡាករ កីឡាការិនី
07, Jan 2022 , 6:59 pm        
រូបភាព
រូបពី Camsoc
រូបពី Camsoc
សហព័ន្ធកីឡាទោចក្រយាន្ដកម្ពុជា នឹងប្រារព្ធការប្រកួតកីឡាប្រណាំងទោចក្រយាន ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ប្រភេទកង់គួក (Road Bike) និងកង់ភ្នំ​ (Mountain Bike) ចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ ក្រោមគម្រោងជំនួយ ឧបត្ថម្ភរបស់ក្រសួង អប់រំ យុវជន និងកីឡា ។ ការប្រកួតជើងឯកប្រចាំឆ្នាំ២០២១ ដើម្បីពង្រឹងសមត្ថភាព កីឡាករ និងកីឡាការិនី ជាពិសេសមន្ត្រីបច្ចេកទេស ក្នុងដំណើរកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។



លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានលើកឡើងនៅក្នុងសន្និសីទសារពត៌មាន នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ការប្រកួតជើងឯកថ្នាក់ជាតិ មិនត្រឹមតែជម្រុះរក កីឡាករ និងកីឡាការិនីជម្រើសជាតិនោះទេ ប៉ុន្តែវាសម្រួចសមត្ថភាព និងបច្ចេកទេសប្រកួតរបស់កីឡាករ ។ ទន្ទឹមគ្នានេះដែរ មន្ដ្រីបច្ចេកទេសរៀបចំការប្រកួត ក៏មានឱកាសអនុវត្តជាក់ស្ដែង  ដើម្បីត្រៀមខ្លួនរៀបចំការប្រកួតនានា ជាពិសេសស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ 
 
គោលដៅមួយទៀតនោះ គឺសហព័ន្ធ សង្ឃឹមថា តាមរយៈការប្រកួតនេះ កីឡាករ និងកីឡាការិនី ដែលចូលរួមទាំងអស់ នឹងអាចបញ្ចេញសមត្ថភាព របស់ខ្លួនអស់ពីកម្លាំងកាយចិត្ត ជាពិសេសទទួលបានបទពិសោធន៍ពីការប្រកួតនេះ ។
 
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ប្រាប់សារពត៌មាន Thmey Thmeyថា៖« ការប្រកួតថ្នាក់ជាតិ គឺជាការប្រកួតកម្រិតខ្ពស់ ។ កីឡាករ និងកីឡាការិនី ដែលជាប់ចំណាត់ថ្នាក់ គឺត្រូវបានប្រមូលផ្តុំចូលក្រុមជម្រើសជាតិ និងប្រកួតតំណាងជាតិ »។
 
គួរបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានពន្យាពេលដោយសារបញ្ហាកូវីដ-១៩កន្លងមក។ ក្រោយស្ថានការណ៍ជំងឺកាចសាហាវនេះថមថយ ទើបសហព័ន្ធកំណត់ប្រារព្វការប្រកួត នៅដើមខែមករា ឆ្នាំ២០២២ ក្រោមជំនួយឧបត្ថម្ភរបស់ ក្រសួងអប់រំ យុវជន និងកីឡា ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានអ្នកចូលរួម ប្រមាណ២០០ នាក់ ក្នុងនោះមានកីឡាការិនី ២០នាក់ ។ 

Tag:
 ការប្រណាំងកង់
  Road Bike
  Mountain Bike
© រក្សាសិទ្ធិដោយ thmeythmey.com