ជាតិ
ឆ្នាំ២០២១ មានទេសចរទៅកម្សាន្តទូទាំងប្រទេស ជិត៥លាននាក់ ថយចុះជិត៣៥ភាគរយ
07, Jan 2022 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ ៖ រយៈពេលពេញមួយឆ្នាំ២០២១ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេសជិត ៥លាននាក់ ក្នុងនោះភ្ញៀវជាតិមានជាង ៤លាន៦សែននាក់ ថយចុះជិត៣៥ភាគរយ។ ចំណែកភ្ញៀវអន្តរជាតិ មានជិត២៨ម៉ឺននាក់ ថយចុះជាង៨៥ភាគរយ បើធៀបនឹងឆ្នាំ២០២០។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ស្ថានភាពភ្ញៀវទេសចរ ឆ្នាំ២០២១ធ្លាក់ចុះខ្លាំង ដោយសារកម្ពុជាត្រូវបិទខ្ទប់ជាច្រើនដងដោយសារជំងឺកូវីដ-១៩ ។

 
យោងតាមរបាយការណ៍ទិន្នន័យភ្ញៀវទេសចរបឋមពីក្រសួងទេសចរណ៍ ភ្ញៀវទេសចរចំនួន ៤ ៩៤២ ៣៦០ នាក់បានដើរកម្សាន្ត ទូទាំងប្រទេសក្នុងឆ្នាំ​ ២០២១ ក្នុងនោះភ្ញៀវជាតិមាន​ ៤ ៦៦៣ ០៨២នាក់ និងភ្ញៀវអន្តរជាតិមាន ២៧៩ ២៧៨នាក់។ ភ្ញៀវទេសចរជាតិ ធ្លាក់ចុះ ៣៥,៥ភាគរយ ខណៈភ្ញៀវអន្តរជាតិធ្លាក់ចុះ ៨៤,៦ភាគរយ បើធៀបនឹងទិន្នន័យភ្ញៀវទេសចរឆ្នាំ២០២០ ដែលមានទេសចរប្រមាណ ៩លាននាក់។


 លោក តុប សុភ័ក រដ្ឋលេខធិការ និង​ជាអ្នកនាំពាក្យក្រសួងទេសចរណ៍
 
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានThmeyThmey25 ថា ស្ថានភាពទេសចរណ៍ដើមឆ្នាំ២០២១ មានសភាពយ៉ាប់យ៉ឺនជាងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ វាយលុកខ្លាំងនៅទូទាំងប្រទេស តែស្ថានភាពភ្ញៀវទេសចរនៅចុងឆ្នាំ២០២១ ហាក់មានសន្ទុះឡើងវិញ។
 
លោក តុប សុភ័ក បន្តដូច្នេះថា៖ « ចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ស្ថានភាពទេសចរណ៍របស់យើងមានភាពប្រសើរឡើង មានភ្ញៀវដើរលេងច្រើន ដោយសារតែស្ថានភាពឆ្លងកូវីដ-១៩ ថយចុះ រហូតដល់មានតែករណីនាំចូលប៉ុណ្ណោះ។ អាជីវកម្មទេសចរណ៍ក៏បើកដំណើរការឡើងវិញជាបន្តបន្ទាប់​ »។
 
ភ្ញៀវទេសចរក្នុងឆ្នាំ២០២១ និយមទៅកម្សាន្តនៅតំបន់សមុទ្រ ដូចជាខេត្តកំពត កែប ព្រះសីហនុ។ ជាមួយគ្នានោះខេត្តនៅជិតក្រុង ដូចជាខេត្តកណ្ដាល កំពង់ស្ពឺ និង​តាកែវ ក៏មានភ្ញៀវទេសចរទៅកម្សាន្តច្រើនដែរ។ យ៉ាងណាមិញ ខេត្តសៀមរាប មានកំណើនទេសចរឡើងវិញនៅចុងឆ្នាំ២០២១នេះផងដែរ។
 
តាមរយៈកំណើនទេសចរណ៍ចុងឆ្នាំ២០២១ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អំពាវនាវឱ្យអាជីវករពង្រឹងផលិតផលទេសចរណ៍របស់ខ្លួនដើម្បី ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ លើសពីនេះ អាជីវករ និងបុគ្គលិក ក៏ត្រូវពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចដែរ។

 លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា​
 
« ឆ្លៀតនៅពេលដែលកូវីដ-១៩​នេះ ភ្ញៀវខ្មែរយើងមិនអាចចេញទៅក្រៅប្រទេសបាន ពួកគាត់បានចាយលុយក្នុងស្រុកដូច្នេះអាជីវកររបស់យើងគួរជំរុញផលិតផលដើម្បីបម្រើឱ្យទេសចរក្នុងស្រុកសិន ហើយនេះក៏ជាការត្រៀមខ្លួនសម្រាប់ទទួលទេសចរបរទេសក្នុងឆ្នាំ២០២២ »។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ។ 
 
ទន្ទឹមនឹងកំណើនទេសចរនាចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក៏បានរកឃើញជាបន្តបន្ទាប់តាមរយៈអ្នកដំណើរធ្វើដំណើរចូលមកកម្ពុជា។ ជុំវិញបញ្ហានេះ លោក តុប សុភ័ក លើកឡើងថា អាជីវករក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវបន្តអនុវត្តវិធានសុវត្ថិភាពសុខាភិបាល ទើបក្រសួងទេសចរណ៍អាចឱ្យអាជីវកម្មទាំងនោះបើកដំណើរការបាន៕

Tag:
 ជំងឺកូវីដ-១៩
  អាជីវកម្មទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com