ជាតិ
យុវជនមួយក្រុម រួមគ្នាធ្វើសកម្មភាពការពារបរិស្ថាន និងរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
07, Jan 2022 , 8:59 pm        
រូបភាព
ក្រុមយុវផែនដី​
ក្រុមយុវផែនដី​
 ដោយ៖ លិវ លីម៉ឹង (Liv Liming)
 
ភ្នំពេញ៖ កម្ពុជា កំពុងរងគ្រោះពីការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកលលោក។ បច្ចុប្បន្ន គ្រប់ស្ថាប័នពាក់ព័ន្ធនិងសាធារណជននៅកម្ពុជា កំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការទប់ស្កាត់ឬដោះស្រាយបញ្ហានេះ។ មានក្រុមយុវជនមួយក្រុម ដែលដាក់ឈ្មោះខ្លួនឯងថា «យុវផែនដី» បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដើម្បីរួមគ្នាថែរក្សាបរិស្ថានផងដែរ។

 
 
យុវផែនដីត្រូវបានបង្កើតឡើងដោយយុវជនមួយក្រុមក្នុងគោលដៅចូលរួមថែរក្សាបរិស្ថាន និងគិតគូរដោះស្រាយពីការប្រែប្រួលអាកាសធាតុ។ កញ្ញា ជិន សូនីតា ប្រធានក្រុមយុវផែនដី  លើកឡើងថា ការចូលរួមរបស់យុវផែនដី គឺធ្វើឡើងតាមរយៈយុទ្ធនាការផ្សព្វផ្សាយ​ចំណេះដឹងបរិស្ថាន រួមទាំងសកម្មភាពការពារបរិស្ថាននានាដល់មហាជន។ ក្រុមយុវផែនដីដែលមានសមាជិក៨នាក់ បានចូលរួមផ្សព្វផ្សាយពីបញ្ហាសំណល់ប្លាស្ទិក​, ធ្វើសកម្មភាពឬយុទ្ធនាការដើម្បីអាកាសធាតុល្អប្រសើរ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសអាតុ និងយុទ្ធនាការអភិរក្សសត្វព្រៃ រួមទាំងសកម្មភាពផ្សេងៗជាដើម។​


 ក្រុមយុវផែនដី
 
«យើងជាប្រទេសកំពុងអភិវឌ្ឍន៍។ ជាទូទៅប្រទេសដែលកំពុងអភិវឌ្ឍន៍  ជាប្រទេសដែលងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ  ដោយសារតែជីវភាពប្រជាជននៅខ្សត់ខ្សោយ ដែលជាហេតុងាយនឹងប៉ះពាល់ខ្លាំង»។ នេះជាការលើកឡើងរបស់កញ្ញា​ សូនីតា ដោយបានបញ្ជាក់ដូច្នេះថា៖«ក្រុមពួកខ្ញុំ គឺជាយុវជន។ អ៊ីចឹង យើងធ្វើការងារឬសកម្មភាពអ្វី​ដែលអាចផ្លាស់ប្តូរ [Made Change] សហគមន៍របស់យើង​។ យុវជន គឺមានតួនាទីក្នុងការផ្លាស់ប្តូរសង្គម ដែលអាចចូលរួមតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់យើង ហើយសកម្មភាពនោះ គឺការចែករំលែក [ចំណេះដឹង] ដល់អ្នកដទៃ»។ 
 
 
សកម្មភាពប្រចាំថ្ងៃរបស់ក្រុមយុវផែនដីដែលចូលរួមថែរក្សាបរិស្ថាននោះ គឺមានការប្រើប្រាស់ដបទឹក​ជំនួសឱ្យការប្រើប្រាស់ថង់និងដបទឹកឬកំប៉ុងប្លាស្ទិកនានា, ការកាត់បន្ថយមធ្យាបាយធ្វើដំណើរពីការជិះរថយន្តនិងម៉ូតូមកជិះកង់វិញទៅធ្វើការ ទៅសាលារៀន​ជាដើម។ លើសពីនេះ ពួកគេ ក៏មានការផ្សព្វផ្សាយពីសកម្មភាពថែរក្សាបរិស្ថាននានានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីឱ្យពលរដ្ឋខ្មែរយល់ដឹងកាន់តែច្រើនអំពីបញ្ហាបរិស្ថាន ដែលកំពុងកើនឡើងសព្វថ្ងៃ ផងដែរ។ 


 កញ្ញា ជិន សូនីតា ប្រធានក្រុមយុវផែនដី
 
កញ្ញា សូនីតា យល់ឃើញថា ប្រសិនបើយុវជនមិនចូលរួមអើពើលើបញ្ហាបរិស្ថានទេ នោះនឹងធ្វើឱ្យកម្ពុជារងគ្រោះកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ។  កញ្ញា បានបញ្ជាក់ថា សកម្មភាពយុវជន គឺជាចំណុចចាប់ផ្តើម ក្នុងការផ្សព្វផ្សាយបញ្ហាបរិស្ថាន ដើម្បីដោះស្រាយរួមគ្នា។​ និសិ្សត ទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកបរិស្ថានវ័យ២៤ឆ្នាំរូបនេះ រៀបរាប់ដូច្នេះថា៖ «[យើង] ស្រមៃមើល បើសិនជាយុវជនអត់ចូលរួមទេ [...] បញ្ហាបរិស្ថាននៅកម្ពុជា វា នឹងអាចកើតមានកាន់តែធ្ងន់ឡើង ព្រោះពួកគាត់   មានឥទ្ធិពលក្នុងការផ្សព្វផ្សាយទៅអ្នកដឹកនាំនិងអ្នកជុំវិញខ្លួនគាត់ ដូចជាឪពុកម្តាយ​និងបងប្អូនជាដើម។ អ៊ីចឹង ប្រសិនបើតែបាត់ពួកគាត់ម្នាក់ទៅ គឺវាអត់មានចំណុចចាប់ផ្តើម​ផ្សព្វផ្សាយបញ្ហាបរិស្ថានហ្នឹង»។ 
 
ក្នុងនាមយុវជនដែលជាជំនាន់ថ្មីត្រូវបត់បែនឬបន្ស៊ាំខ្លួនក្នុងការរស់នៅជាមួយបរិបទបែបបរិស្ថានថ្មី និងសង្គមថ្មី ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់ កញ្ញា ឈុំ ពុទ្ធាវី  ជាសមាជិកក្រុមយុវផែនដី ដោយបាននិយាយដូច្នេះថា៖ «អ៊ីចឹង អ្វីដែលយើងអាចធ្វើបានក្នុងការចូលរួមការប្រែប្រួលអាកាសធាតុហ្នឹង គឺការផ្សព្វផ្សាយហ្នឹងឯង ដើម្បីឱ្យពលរដ្ឋយល់ដឹងពីបញ្ហាបរិស្ថានដែលកំពុងតែមាន​ ហើយបន្ស៊ាំខ្លួន និងចូលរួមការពារកុំឱ្យវាបញ្ហាបរិស្ថានកើតមានកាន់តែខ្លាំងឡើង»។ 


 កញ្ញា ឈុំ ពុទ្ធាវី  ជាសមាជិកក្រុមយុវផែនដី
 
បើតាមកញ្ញា ពុទ្ធាវី  សំឡេងឬសកម្មភាពរបស់យុវជន​ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរុញចំណេះដឹងនិងចូលរួមផ្សព្វផ្សាយនានាដែលទាក់ទិននឹងបរិស្ថានទៅដល់សាធារណជនមិនថានៅកម្ពុជា ឬនៅប្រទេសជុំវិញពិភពលោកទេ​។ យុវតីវ័យ២១ឆ្នាំ​រូបនេះ និយាយថា៖​ «យុវជន គឺពិតជាសំខាន់ណាស់ក្នុងការលើកស្ទួយ ក៏ដូចជាការផ្សព្វផ្សាយ​អំពីចំណេះដឹងបរិស្ថានហ្នឹង ព្រោះយុវជនជាកម្លាំងចលករ ជាសំឡេងដែលមានប្រសិទ្ធភាពក្នុងការធ្វើឱ្យចំណេះដឹងឱ្យដឹងលឺកាន់តែទំលំទូលាយ ហើយសកម្មភាពរបស់យុវជនគឺជាគំរូដ៏ល្អ»៕

Tag:
 យុវជន
  យុវផែនដី
© រក្សាសិទ្ធិដោយ thmeythmey.com