ជាតិ
លោក ហ៊ុន ម៉ានី៖ ជាប្រធានអាស៊ាន យើងត្រូវមានមោទកភាពចំពោះអ្វីដែលយើងកំពុងធ្វើ
07, Jan 2022 , 6:19 pm        
រូបភាព
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២នេះ កម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំអាស៊ាន។ លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា បញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច «ការងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩» និងសង្គមវប្បធម៌ នឹងត្រូវលើកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ។ លោក បញ្ជាក់ថា កិច្ចពិភាក្សានឹងមានការវិវឌ្ឍល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះមានភាពលំបាកយ៉ាងណាក៏ដោយ។



កម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងត្រៀមរៀបចំកិច្ចប្រជុំជាច្រើនទៀត។ កម្ពុជាដាក់ចេញនូវមូលបទ “អាស៊ាន A.C.T.៖ ស្គាល់បញ្ហា និងរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា” ក៏ដូចជារបៀបវារៈ ដែលក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន នឹងអាចដឹកនាំកិច្ចពិភាក្សា ឈានទៅសម្រេចបានកុងសង់ស៊ីសលើលទ្ធផល ដែលជាប្រយោជន៍ដល់អាស៊ាន និងប្រជាជននៃអាស៊ានទាំងមូលផងដែរ។ 
 
លោក ហ៊ុន ម៉ានី បានចាត់ទុកកិច្ចប្រជុំនេះជាព្រឹត្តការណ៍ដ៏ធំមួយ ហើយលោកក៏បង្ហាញសុទិដ្ឋិនិយមថា សហគមន៍ និងភាពជាស្នូលរបស់អាស៊ាន កិច្ចពិភាក្សានឹងមានការវិវឌ្ឍល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះមានភាពលំបាកយ៉ាងណាក៏ដោយ។ តំណាងរាស្រ្តរូបនេះ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវមានមោទកភាពចំពោះអ្វីដែលយើងបាននិងកំពុងធ្វើ ទោះក្នុងនាមជាប្រជាជាតិទាំងមូលក្តី ឬក្នុងនាមបុគ្គលផ្ទាល់ខ្លួនក្តី»។ 


 
ក្រៅពីនេះលោក ហ៊ុន ម៉ានី ក៏បានរំលេចពីសុទិដ្ឋិនិយមនៃព្រឹត្តការណ៍ចំនួន២ទៀតផងដែរ។ លោក មានសុទិដ្ឋិនិយមថា ជីវភាពប្រជាពលរដ្ឋយើង កំពុងវិលត្រលប់មកកាន់ប្រក្រតីភាពវិញ បើទោះជាពេលនេះ មិនដូចកាលមុនផ្ទុះការរាលដាលជំងឺកូវីដ-១៩ក្តី។ ទន្ទឹមនឹងនេះ លោក ក៏ក្រើនរំឭកដល់ពលរដ្ឋឱ្យបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាល បន្តប្រុងប្រយ័ត្ន និងបន្តចូលរួមតាមគ្រប់លទ្ធភាពក្នុងការរក្សាភាពជោគជ័យនោះទេ។
 
ជាមួយគ្នានេះ លោក ម៉ានី បានចាត់ទុកការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ជាព្រឹត្តការណ៍មួយសំខាន់ផងដែរ។ លោក បន្តថា នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់រៀងៗខ្លួន ដើម្បីបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួន៕ 

Tag:
 ហ៊ុន ម៉ានី
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com