ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួបសម្តេច ហ៊ុន សែន-លោក មីន អ៊ុងឡាំង៖ បទឈប់បាញ់, ជំនួយមនុស្សធម៌, បទពិសោធឈ្នះ-ឈ្នះ
08, Jan 2022 , 9:29 am        
រូបភាព
ដោយ: រួបរួម
ពីក្រុងណៃពីដោ កម្ពុជា និងមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសរួមស្តីពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៧ ខែមករា។ ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ដែលជាភ្ញៀវដំបូងបំផុតរបស់ខ្លួន មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្ថិរភាពនយោបាយនៅក្នុងប្រទេស។ ភាគីទាំងពីរក៏បានពិភាក្សា ក៏បានលើកឡើងពីបញ្ហាទ្វេរភាគី និងកង្វល់រួមផ្សេងទៀតនៅក្នុងតំបន់ផងដែរ។

 
បទឈប់បាញ់

ទាក់ទងនឹងការវិវត្តចុងក្រោយ លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា បានលើកឡើងពីការប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។ 
 
យោងតាមសេចក្តីប្រកាសរួម លោក មីន អ៊ុងឡាំង ដែលជានាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។


 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់មេដឹកនាំមីយ៉ាន់ម៉ា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ 
 
ជាមួយគ្នានេះ លោក មីន អ៊ុងឡាំង បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់លោក ប្រាក់ សុខុន ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
 
កិច្ចសហប្រតិបត្តិការ និងជំនួយមនុស្សធម៌

ក្នុងជំនួបទ្វេភាគី មេដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា គាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ ការធ្វើបែបនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត។
 
ភាគីទាំងពីរបានទទួលស្គាល់នូវសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្របជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌អោយមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។


 
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។ លោក មីន អ៊ុងឡាំង បានអរគុណកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់៣,២លាន, ឯកសណ្ឋានការពារ (PPE) ចំនួន ៣ម៉ឺន ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នកជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។
 
សាទរការតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា
 
បន្ថែមពីលើការអបអរសាទរកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ លោក មីន អ៊ុងឡាំង បានស្វាគមន៍ចំពោះការតែងតាំង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានសន្យាផ្តល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។ 
 
លោកក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែមដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។


 
ចែករំលែកជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ 
 
ក្នុងជំនួបទ្វេរភាគីនេះដែរ សម្តេច ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ។   សម្តេចបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ 
 
ក្នុងស្មារតីនេះដែរ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។
 
នៅយប់ថ្ងៃទី៧ ខែមករា នៃដំណើរទស្សនកិច្ចថ្ងៃដំបូង ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏បានរៀបចំពិធីលៀងសាយភោជន៍ជាមួយប្រតិភូកម្ពុជាផងដែរ៕


 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com