អន្តរជាតិ
ខឹងភ្ញៀវវាយតម្លៃទាប សណ្ឋាគារមួយនៅថៃ ប្តឹងទាមទារជំងឺ​ចិត្តជិត​៩ម៉ឺន​ដុល្លារ
09, Jan 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
ភ្ញៀវ​ម្នាក់​រង​ការព្រមាន​ផ្លូវ​ច្បាប់​ពីសំណាក់​សណ្ឋាគារមួយ​នៅ​ខេត្ត Nakhon Ratchasima ដោយសារ​តែគាត់​បាន​វាយ​តម្លៃ​ទាប​ទាក់ទងនឹង​សេវាកម្ម​សណ្ឋាគារ​ ដែល​ខ្លួន​បាន​ទៅ​ស្នាក់នៅ​កាលពី​ឆ្នាំមុន។ យោងតាម​ការផ្សាយ​របស់សារព័ត៌មាន Thai BPS World មេធាវី​ម្នាក់បានទទួល​ការពឹងពាក់លើ​ករណីនេះ។

 
លោក Sittra Biabangkerd អគ្គ​លេខាធិការ​នៃ​មូលនិធិមេធាវីសម្រាប់ប្រជាជន បាន​បញ្ជាក់នៅ​លើ​ហ្វេសប៊ុក​របស់ខ្លួន​ថា ភ្ញៀវសណ្ឋាគារ​ដែល​រងពាក្យ​បណ្តឹង បានស្នើឲ្យ​ខ្លួន​ជួយ​ការពារក្តី។ 
 
កាលពី​ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០២១ ស្ត្រីអតិថិជន បាន​វាយតម្លៃ​សណ្ឋាគារត្រឹម​៦លើ​១០ ចំពោះ​បទពិសោធន៍ដែល​ខ្លួន​ទទួលបាន​ពីសេវាកម្ម​សណ្ឋាគារនៅស្រុក Khao Yai ខេត្ត Nakhon Ratchasima។ ការវាយតម្លៃគឺធ្វើនៅ​លើ​វ៉ិបសាយ​ភ្នាក់​ងារទេសចរណ៍មួយ។
 
ភាគីសណ្ឋាគារ​ខឹង​សម្បារយ៉ាងខ្លាំង ចំពោះ​ការ​ផ្តល់តម្លៃទាប​ដល់ខ្លួន ហើយ​បានទាមទារឲ្យអតិថិជន​លុប​សំណេរ​វាយតម្លៃ​របស់ខ្លួន​ចេញ។ បន្ថែមពី​លើនេះ សណ្ឋាគារ​ប្តឹងទាមទារជំងឺ​ចិត្ត​៣លាន​បាត (ជិត​៩ម៉ឺន​ដុល្លារ) និងទាមទារឲ្យសុំទោសជាសាធារណៈតាម​រយៈសារព័ត៌មាន​ជាភាសាថៃចំនួន​៥ សម្រាប់រយៈពេល​៧​ថ្ងៃ។ ករណី​ស្ត្រីរូបនោះ មិន​អនុវត្តតាម សណ្ឋាគារ​ព្រមានទាមទារការពិន័យ៥ម៉ឺន​បាត (ជិត១៥០០ដុល្លារ) ក្នុង១ថ្ងៃ។
 
ស្ត្រី​ជាភ្ញៀវ បានពឹងពាក់មេធាវី ក្រោម​គោលការណ៍ស្ម័គ្រ ហើយគាត់មិនជឿថា សំណុំរឿងនេះ អាចឈាន​ដល់ដៃតុលាការ​នោះឡើយ​ ព្រោះគាត់​គ្រាន់​តែ​បង្ហាញភាព​ស្មោះត្រង់​របស់ខ្លួនលើ​ការ​វាយតម្លៃ​សេវាកម្មសណ្ឋាគារតែប៉ុណ្ណោះ។
 
ក្រៅពីការវាយតម្លៃ ៦លើ១០ ស្ត្រីអតិថិជន បានត្អូញត្អែពីការស្នាក់នៅសណ្ឋាគារ ដែលមាន​តម្លៃខ្ពស់​ជ្រុល មិន​ស៊ីគ្នានឹងសេវាកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ ការវាយតម្លៃនេះ ត្រូវបាន​លុបចេញ។ មេធាវី បានអះអាងថា កូន​ក្តីខ្លួន​មិន​បាន​លុបនោះឡើយ ដែល​ទំនងជាខាងសណ្ឋាគារទាក់ទង​នឹងទៅ​កាន់​វ៉ិបសាយ​ផ្ទាល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com