អន្តរជាតិ
បម្រែបម្រួលអាកាសធាតុ ប៉ះពាល់ដល់ផលិតភាព និងតម្លៃចំណីអាហារ
10, Jan 2022 , 8:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
បម្រែបម្រួលអាកាសធាតុ បានជះឥទ្ធិពលលើសមត្ថភាពផលិត និងតម្លៃចំណីអាហារយ៉ាងខ្លាំង ពិសេសនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង ដោយការកើនឡើងកម្ដៅផែនដីដូចជា អនុតំបន់សាហារ៉ាអាហ្រ្វ៊ិក និងអាហ្រ្វ៊ិកខាងត្បូង។ នេះបើតាមការចុះផ្សាយលើវេបសាយ The Conversation។

 
បច្ចុប្បន្ន ប្រជាជនក្នុងពិភពលោក កំពុងកើនឡើង ប៉ុន្តែបម្រែបម្រួលអាកាសធាតុក៏កំពុងប៉ះពាល់ដល់សមត្ថភាពផលិតចំណីអាហារ ដែលបណ្តាលឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ ហើយធ្វើឱ្យតម្លៃកើនឡើង។ កំណើនសីតុណ្ហភាពផែនដីកាន់តែខ្ពស់ បានធ្វើឱ្យផលិតភាពចំណីអាហារ ពិសេសទិន្នផលដំណាំកសិកម្មធ្លាក់ចុះយ៉ាងខ្លាំង។
 
តាមការសិក្សា ដំណាំប្រមាណ៣០ភាគរយនៃដំណាំដាំបានក្នុងមួយហិចតា តែងមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារបម្រែបម្រួលអាកាសធាតុ។ ចំណែកតម្លៃចំណីអាហារនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កាន់តែមានការប្រែប្រួលដែលធ្វើឱ្យតំបន់ខ្លះក្នុងពិភពលោក ខ្វះខាតស្បៀងអាហារ ហើយតំបន់ខ្លះក៏មានលើសតម្រូវការផងដែរ។
 
ជាក់ស្តែង អនុតំបន់សាហារ៉ាអាហ្រ្វ៊ិក និងអាហ្រ្វ៊ិកខាងត្បូងមានហានិភ័យរងផលប៉ះពាល់ខ្ពស់បំផុតដោយការកើនឡើងកម្តៅផែនដី។ ហេតុនេះ តំបន់នេះរងគ្រោះខ្លាំងដោយបញ្ហាកង្វះស្បៀង ហើយប្រជាជនគ្មានលទ្ធភាពទិញចំណីអាហារគ្រប់គ្រាន់ព្រោះវាឡើងថ្លៃខ្ពស់ពេក។
 
ក្រៅពីការកើនឡើងកម្តៅផែនដី បញ្ហាភ្លៀងធ្លាក់មិនទៀងក៏ទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែរ ដែលកំពុងធ្វើឱ្យស្រទាប់ដីកាន់តែរេចរឹល មិនមានជីជាតិគ្រប់គ្រាន់សម្រាប់ដាំដំណាំឱ្យបានល្អ។ នេះគឺដោយសារ ទឹកភ្លៀងបានច្រោះសារធាតុចិញ្ចឹមក្នុងដី និងសារធាតុសរីរាង្គសំខាន់ៗចេញ បង្កឱ្យទិន្នផលដំណាំធ្លាក់ចុះ។ លើសពីនេះ ការកើនឡើងនៃកម្រិតទឹកសមុទ្រ ក៏ជាកត្តារួមផ្សំបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ ព្រោះទឹកប្រៃអាចជ្រៀតចូលក្នុងដី ឬអាចលិចដីចម្ការដំណាំ។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC)។
 
ដូច្នេះ អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺបណ្ដាប្រទេសក្រីក្រដែលប្រឈមខ្លាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ បញ្ហានេះនឹងធ្វើឱ្យគុណភាពដីធ្លាក់ចុះ ហើយធ្វើឱ្យផលិតភាពដំណាំធ្លាក់ចុះ បង្កជាបញ្ហាកង្វះស្បៀងហើយតម្លៃស្បៀងកើនឡើង៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com