អន្តរជាតិ
អាម៉េរិក ចង់បានចម្លើយពីកាហ្សាក់ស្ថាន ដែលសុំជំនួយពីអង្គការCSTO ដើម្បីរក្សាស្ថិរភាពប្រទេស
10, Jan 2022 , 12:05 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព៖ AFP
ប្រមុខការទូតអាម៉េរិក លោកអាន់តូនី ប្លីងខិន នៅថ្ងៃទី៩​ ខែមករា បានលើកឡើងថា រដ្ឋបាលក្រុងវ៉ាស៊ីនតោន ចង់ស្វែងរកចម្លើយពីមន្ត្រីកាហ្សាក់ស្ថាន ជុំវិញបញ្ហាប្រទេសមួយនេះ បានសម្រេចចិត្តស្វែងរកជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយរុស្ស៊ី ដើម្បីទប់ស្កាត់ចលាចលក្នុងស្រុក។ លោកប្លីងខិន ក៏បានរិះគន់បទប​ញ្ជាឱ្យបាញ់សម្លាប់របស់រដ្ឋាភិបាលកាហ្សាក់ស្ថានផងដែរ។



តាមសំណើប្រធានាធិបតីកាហ្សាក់ស្ថាន រុស្ស៊ី បានដឹកនាំទ័ពរបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ទៅជួយទប់ស្កាត់ចលាចល និងកុបកម្ម ដែលកើតមាននៅកាហ្សាក់ស្ថាន ដើម្បីប្រឆាំងការឡើងថ្លៃប្រេងឥន្ធនៈ ក៏ដូចជា ការកាន់អំណាចរបស់អតីតប្រធានាធិបតីកាហ្សាក់ស្ថាន។ ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ CNN លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ត្រូវបានសួរសំណួរទាក់ទិននឹងកាហ្សាក់ស្ថាននេះ ជាពិសេសបទបញ្ជាឱ្យបាញ់សម្លាប់កុបករពីសំណាក់រដ្ឋាភិបាល។ 
 
ជាចម្លើយ ប្រមុខការទូតអាម៉េរិក បានថ្កោសទោសបទបញ្ជាឱ្យបាញ់សម្លាប់នោះ និងបានស្វែងរកចម្លើយ ពាក់ព័ន្ធនឹងការស្នើសុំរបស់កាហ្សាក់ស្ថាន ទៅអង្គការ CSTO។ «យើងមានសំនួរ ហេតុអ្វីបានជាពួកគេ(កាហ្សាក់ស្ថាន) គិតថាគួរតែសុំជំនួយពី អង្គការដែលគ្រប់គ្រងដោយរុស្ស៊ី»។ លោកប្លីងខិន បានចោទសួរបែបនេះ អំឡុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN រួចបានបន្តថា អាម៉េរិក ចង់បានការបកស្រាយពីការសម្រេចចិត្តមួយនេះ ហើយកាហ្សាក់ស្ថានគួរតែដោះស្រាយវិបត្តិនេះ ដោយសន្តិវិធី។
 
ក្នុងអំឡុងកិច្ចសម្ភាសដោយឡែកមួយទៀតជាមួយទូរទស្សន៍ABC លោកប្លីងខិន បានសង្កត់ធ្ងន់ថា បទបញ្ជាឱ្យបាញ់សម្លាប់របស់រដ្ឋាភិបាលកាហ្សាក់ស្ថាន គឺជារឿងខុសទាំងស្រុង ហើយរដ្ឋាភិបាលកាហ្សាក់ស្ថានគួរតែលុបចោលការបញ្ជាមួយនោះ។
 
លោកប្លីងខិននៅថ្ងៃទី៨ ខែមករា កន្លងទៅ បានយល់ឃើញថា កាហ្សាក់ស្ថានប្រហែលជាប្រឈមនឹងការលំបាកដែលរុស្ស៊ីមិនព្រមដកទ័ពចេញពីប្រទេស។ ទាក់ទិននឹងបញ្ហានេះ  រុស្ស៊ី បានឆ្លើយតបដោយខឹងសម្បា ហើយក៏បានវាយបកទៅវិញថា យោធាអាម៉េរិកទៅវិញទេដែលដើរជ្រៀតជ្រែករឿងប្រទេសដទៃ។
 
ក្រសួងការបរទេសរុស្ស៊ីក៏បានសំអាងថា ការដាក់ពង្រាយទ័ពនៅកាហ្សាក់ស្ថានជាការ ឆ្លើយតបដោយស្របច្បាប់ទៅនឹងសំណើរបស់កាហ្សាក់ស្ថាន ដោយមានការគាំទ្រពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព។ កាហ្សាក់ស្ថាន គឺជាសមាជិកមួយនៃអង្គការ CSTO ។ 
 
ងាកទៅមើលស្ថានភាពនៅកាហ្សាក់ស្ថានឯណោះវិញ អាជ្ញាធរប្រទេសនេះនៅថ្ងៃទី៩​​ ខែមករា បានប្រកាសថា ពួកគេ បានធ្វើឱ្យស្ថានការណ៍នៅទូទាំងប្រទេសមានស្ថិរភាព បន្ទាប់ពីការផ្ទុះឡើង នៃអំពើហិង្សាដ៏សាហាវបំផុតក្នុងរយៈពេល៣០ឆ្នាំ នៅក្នុងប្រទេស ជាពិសេសទីក្រុង Almaty  បន្ទាប់ពីបានទទួកឯករាជ្យ។ សំខាន់ជាងនេះ អាជ្ញាធរ បានអះអាងថា កងទ័ពមកពីសម្ព័ន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ី កំពុងជួយជ្រោម ជ្រែងនៅកន្លែងយុទ្ធសាស្ត្រផងដែរ។
 
គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១៦៤ នាក់ បានស្លាប់នៅអំឡុងពេលបាតុកម្ម ដោយហិង្សាប្រឆាំងរដ្ឋាភិបាល។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែល ដកស្រង់សម្តីមន្ត្រីសុខាភិបាល។ ចំណែកការិយាល័យប្រធានាធិបតីកាហ្សាក់ស្ថាន បានរាយការណ៍ថា មនុស្សជិត៦ពាន់នាក់ត្រូវបានចាប់ខ្លួន រួមមានជនបរទេស មួយចំនួនធំផងដែរ៕

Tag:
 កាហ្សាក់ស្ថាន
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com