កីឡាអន្តរជាតិ
អន្តរជាតិ
Diallo វិលត្រលប់ជួយក្រុម PSG បន្ទាប់ពីមានរឿងរ៉ាវវាយប្រហារលើមិត្តរួមក្រុម
10, Jan 2022 , 1:59 pm        
រូបភាព
កីឡាការិនី Aminata Diallo បានវិលត្រលប់ចូលជួយក្រុមបាល់ទាត់នារី Paris Saint Germain ជាថ្មីទល់ក្រុម Dijon FC នាថ្ងៃទី៩ ខែមករា បន្ទាប់ពីអវត្តមានជាង២ខែដោយសារតែរឿងរ៉ាវវាយប្រហារលើមិត្តរួមក្រុមកីឡាការិនី Kheira Hamraoui។



រឿងរ៉វានេះ បានកើតឡើងក្នុងខែវិច្ឆិកាឆ្នាំ ២០២១ អំឡុងពេល Aminata Diallo បានបើកបររថយន្តជូនកីឡាការិនី Hamraoui និងមិត្តរួមក្រុមម្នាក់ទៀតទៅផ្ទះ។ ពួកគេក៏ត្រូវបានវាយប្រហារដោយបុរសបិទមុខ២នាក់ បន្ទាប់ពីចេញពីកម្មវិធីជួបជុំញាំអាហារជាក្រុម។ Diallo ត្រូវបានគេសង្ស័យថា បានជួលបុរសបិទមុខ២នាក់ មកវាយប្រហារលើមិត្តរួមក្រុម។ 
 
កីឡាការិនីវ័យ ២៦ឆ្នាំ ត្រូវបានមន្ត្រីប៉ូលីសបារាំងដោះលែងវិញ កាលពីខែធ្នូឆ្នាំ២០២១ បន្ទាប់ពីបានបើកការស៊ើបអង្កេត ហើយបញ្ជាក់ថា កីឡាការិនីខ្សែបម្រើ ពិតជាមិនបានបង្កកំហុសអ្វីឡើយ។ 
 
«រឿងដែលថាកីឡាការិនី Diallo ប្រកួតប្រជែងពេលវេលាលេងសម្រាប់ PSG ជាមួយ  Kheira Hamraoui នេះជារឿងត្រូវបានគេប្រឌិតឡើងតែប៉ុណ្ណោះ ទើបមានការចោទប្រកាន់ឡើងបែបនេះ។ រឿងក្តីនេះមិនបានប៉ះពាល់ដល់មិត្តភាពរបស់កីឡាការិនីទាំង២រូបឡើយ។»មេធាវី របស់កីឡាការិនី Diallo ថ្លែងបែបនេះកាលពីខែធ្នូឆ្នាំ២០២១។
 
ទោះបីជាយ៉ាងនេះក្តី គ្រូបង្វឹកលោក Didier Olle-Nicolle របស់ក្រុមនារី PSG លើកឡើងថា ការវិលត្រលប់របស់ Diallo  ជាការត្រលប់មកវិញយ៉ាងអស្ចារ្យ។
 
កីឡាការិនី Diallo បានក្លាយជាកីឡាការិនីដ៏សំខាន់មួយ សម្រាប់ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Nicolle បន្ទាប់ពីបានចូលរួម PSG តាំងពីឆ្នាំ ២០១៦ ហើយបង្ហាញខ្លួនឱ្យក្រុមច្រើនជាង៦០ប្រកួត។ ក្លិប Atletico Madrid បានខ្ចីជើងកីឡាការិនីរូបនេះកាលពីរដូវកាល ២០២០-២១៕

© រក្សាសិទ្ធិដោយ thmeythmey.com