រថយន្ត
អន្តរជាតិ
របាយការណ៍៖ Apple ធ្លាប់ពិភាក្សាគម្រោងរថយន្តអគ្គិសនីជាមួយក្រុមហ៊ុនជប៉ុន
10, Jan 2022 , 7:29 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ធីតា
យោងតាមការផ្សាយរបស់ Nikkei Asia អ្នកទទួលខុសត្រូវម្នាក់របស់ក្រុមហ៊ុន Apple បានបង្ហាញពីគម្រោងសហការផលិតរថយន្តអគ្គិសនីជាមួយក្រុមហ៊ុនគ្រឿងបន្លាស់យានយន្តជប៉ុន Sanden កាលពីអំឡុងខែមករា ឆ្នាំ២០២០។

 
Sanden គឺជារោងចក្រនាំមុខផ្នែកម៉ាស៊ីនត្រជាក់សម្រាប់យានយន្ត។ របាយការណ៍បង្ហាញថា Apple បានពិភាក្សាលម្អិតជាមួយ Sanden ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង។ ទោះបីជាយ៉ាងណាក៏ដោយ ដំណើរការហាក់នៅទ្រឹង ដោយសារតែវិបត្តិហិរញ្ញវត្ថុបង្កដោយកូវីដ-១៩។
 
មកដល់បច្ចុប្បន្ននេះ មិនមានរបាយការណ៍ច្បាស់លាស់ណាមួយឡើយទាក់ទងនឹងកិច្ចពិភាក្សារវាងក្រុមហ៊ុនទាំងពីរ ខណៈមហិច្ឆតារបស់ Apple ក្នុងការវាយលុកទីផ្សារយានយន្តអគ្គិសនី នៅតែស្ថិតក្នុងពាក្យចចាមអារ៉ាមនៅឡើយ។
 
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ សារព័ត៌មាន Bloomberg បានរាយការណ៍ថា Apple បានបង្កើនការងាររបស់ខ្លួនលើការផលិតយានយន្តអគ្គិសនីដែលមានសមត្ថភាពបើកបរពេញលេញ។ បើតាមលោក Mark Gurman ដែលអ្នកសារព័ត៌មានជំនាញបច្ចេកវិទ្យា Apple គ្រោងបើកដំណើរគម្រោងនៅឆ្នាំ២០២៥ ប៉ុន្តែបច្ចុប្បន្នស្ថិតក្នុងភាពស្រពេចស្រពិលវិញ ដោយសារជួបបញ្ហាច្រើនផ្ទួនៗគ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com