អន្តរជាតិ
ទីក្រុងធានជីន ចាប់ផ្ដើមរឹតបន្តឹងការធ្វើដំណើរ ខណៈវីរុសអូមីក្រុងកំពុងរីករាលដាល ប្រជាជនក្នុងក្រុងធានជីន មកធ្វើតេស្តរកជំងឺកូវីដ-១៩ ។ រូបភាព៖ Reuters
× បន្ទាប់ពីបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២១ករណី និង២ករណី ជាវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង នៅថ្ងៃទី៩ ខែមករា អាជ្ញាធរក្រុងកំពង់ផែចិនធានជីន បានសម្រេចចិត្តរឹតបន្តឹងការធ្វើ ដំណើរចេញក្រៅទីក្រុង។ អ្នករស់នៅក្នុងទីក្រុងមួយនេះ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរតំបន់ និងនិយោជកជាមុន ដោយមានភ្ជាប់ជាមួយលទ្ធផលធ្វើតេស្តអវិជ្ជមាននៃជំងឺកូវីដ-១៩ ប្រសិនបើចង់ចេញពីក្រុង។
ទីក្រុងធានជីន ដែលមានប្រជាជនជាង១៤លាននាក់ ត្រូវបានដាក់ក្រោមវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង បន្ទាប់ពីគណៈកម្មការសុខភាពជាតិចិន នៅថ្ងៃទី៩ ខែមករា បានប្រកាសថា ទីក្រុង មួយនេះមានករណីឆ្លងជំងឺកូវីដ-១៩ រោគសញ្ញាចំនួន ២១ករណី។
អាជ្ញាធរទីក្រុងមួយនេះ នៅចុងសប្តាហ៍មុខ ក៏បានប្រកាសថា ខ្លួនបានរកឃើញករណី ឆ្លងក្នុងស្រុកចំនួន២ករណីដែរ ទាក់ទងនឹងវីរុសអូមីក្រុង។ ទាក់ទិននឹងករណីឆ្លងវីរុសអូមីក្រុង រដ្ឋាភិបាលក្រុងធានជីង បានប្រកាសអនុវត្តវិធានមួយចំនួន ទាក់ទិននឹងការចាកចេញពីក្រុង នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃ៩ ខែមករា។
វិធានថ្មីទាំងនោះ រួមមានតម្រូវការដែលប្រជាជនរស់នៅក្នុងក្រុង ត្រូវទទួលការអនុញ្ញាតពីនិយោជក ឬអាជ្ញាធរក្នុងសហគមន៍ ព្រមទាំងការធ្វើតេស្តរកជំងឺកូវីដ-១៩ រួចទទួលបានលទ្ធផលអវិជ្ជមានក្នុងរយៈ ពេល ៤៨ ម៉ោង មុនពេលចាកចេញពីទីក្រុងនោះ។
ចំណែកឯនៅទីក្រុង Anyang ខេត្តហឺណានឯណោះវិញ ករណីឆ្លងក្នុងសហគមន៍នៃវីរុស អូមីក្រុងចំនួន ២ករណីផ្សេងទៀត ត្រូវបានរកឃើញ។ ករណីទាំង២នេះ មានពាក់ព័ន្ធជាមួយ សិស្សមកពីទីក្រុងធានជីន។ នេះបើតាមរបាយការណ៍មួយគាំទ្រដោយ អាជ្ញាធរបក្សកុម្មុយនីស្តនៅទីក្រុង Anyang នៅថ្ងៃទី១០ ខែមករា។ បន្ថែមពីនេះ ទីក្រុង Anyang ដែលមានប្រជាជន៥,៥លាននាក់ ត្រូវបានផ្អាកសេវាកម្មរថយន្តក្រុងទាំងអស់របស់ខ្លួន ចាប់ពីថ្ងៃទី៩ ខែមករាមក។
យ៉ាងណាមិញ ចំពោះចំនួនករណីឆ្លងវីរុសអូមីក្រុង នៅទីក្រុងធានជីន និង Anyang មិនទាន់ដឹងប្រាកដថាមានប៉ុន្មានឱ្យច្បាស់នោះទេ។ នៅទូទាំងចិនដីគោក របាយការណ៍ពី ករណីឆ្លងថ្មីក្នុងសហគមន៍មានក្នុងថ្ងៃទី៩ ខែមករាមានចំនួន ៩៧ករណី ។ ក្នុងនោះ ៦០ ករណីត្រូវបានរកឃើញនៅទីក្រុងហឺណាន។
មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ របស់ចិនសរុបមានចំនួនជាង ១០ម៉ឺនករណី និងអ្នកស្លាប់សរុបមានចំនួន ៤៦៣៦នាក់។ ទន្ទឹមនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២,៨៨ពាន់លានដូស ដោយប្រជាជនចំនួន ១,២១ពាន់លាននាក់ បានទទួលវ៉ាក់សាំងចំនួនពីរដូស៕
© រក្សាសិទ្ធិដោយ thmeythmey.com